ព្រះសីហនុៈ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តព្រះសីហនុឲ្យលើកស្លាកយីហោឲ្យបានត្រឹមត្រូវ ខណៈដែលក្រសួងសង្កេតឃើញមានករណីមិនគោរពតាមសារាចរណែនាំកន្លងមកពិសេសការសរសេរអក្សរខ្មែរ។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលថ្ងៃទី ១២ កុម្ភៈឆ្នាំ ២០១៩។
សេចក្ដីណែនាំនេះបានឱ្យដឹងថា ម្ចាស់អាជីវកម្មត្រូវតែអនុវត្តចំពោះការតាំងផ្សព្វផ្សាយស្លាកយីហោតាមមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន ដោយត្រូវសរសេរអក្សរខ្មែរនៅផ្នែកខាងលើ ហើយអាចប្រើអក្សរបរទេសនៅបន្ទាត់ខាងក្រោមតែត្រូវមានទំហំអក្សរ ១/២ នៃទំហំអក្សរខ្មែរ។
បន្ថែមពីនេះ ក្រសួងក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំការណែនាំដោយឡែកលើទំហំអក្សរ ប្រភេទអក្សរ ពណ៌អក្សរ និងទម្រង់ស្លាកយីហោ ដើម្បីធានាសោភណភាពនិងសណ្ដាប់ធ្នាប់ចំពោះការតាំងស្លាកយីហោផ្សព្វផ្សាយនានា។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានលើកឡើងកាលពីម្សិលមិញថា ស្លាកយីហោផ្សព្វផ្សាយនៅខេត្តនេះមាន ២ ប្រភេទទី ១ ជាស្លាកយីហោអាជីវកម្មទេសចរណ៍និងទី ២ ជាស្លាកយីហោអាជីវកម្មផ្សេងៗដែលមិនបម្រើសម្រាប់វិស័យទេសចរណ៍។
លោកបន្តថា បច្ចុប្បន្នអាជីវកម្មទេសចរណ៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរគឺមាន ៩០៥ ទីតាំង ហើយ ៥ ភាគរយនៃទីតាំងអាជីវកម្មទាំងនេះ ត្រូវបានរកឃើញថា មិនទាន់បានលើកស្លាកយីហោត្រឹមត្រូវ ព្រោះជាអាជីវកម្មខ្នាតតូចដែលមិនបានសុំការអនុញ្ញាតពីមន្ទីរជាមុន។
លោកថា៖ «ឥឡូវយើងពង្រឹងការងារហ្នឹងបន្ថែមហើយ គោលការណ៍ពីក្រសួងនិងរដ្ឋបាលខេត្តដើម្បីឱ្យចុះផាកពិន័យ ព្រោះយើងចុះណែនាំធ្វើកំណត់ហេតុអីហ្នឹងវាច្រើនណាស់ហើយ ហើយឥឡូវគោលការណ៍ក្រសួងគឺមិនលើកលែងទេ ឱ្យតែមានធ្វើកំណត់ហេតុណែនាំម្ដង ២ ដងហើយ មិនអនុវត្ត ឱ្យមន្ទីរចុះទៅពិនិត្យ ហើយយើងនឹងអនុវត្តតឹងរ៉ឹង ក្នុងឆ្នាំ ២០១៩ នេះ»។
បើតាមលោក សុចិត្រគ្រឹស្នា ការធ្វើអាជីវកម្មទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណនឹងប្រឈមការផាកពិន័យពី ២ លានទៅ ២០ លានរៀល។
លោកថា៖ «យើងបានផ្សព្វផ្សាយច្បាប់ហ្នឹង ១ ឆ្នាំ ៣-៤ ដងនិងបានចុះណែនាំផ្ទាល់ធ្វើកំណត់ហេតុម្ដង ២ ដង ហើយអញ្ជើញគាត់មកមន្ទីរដើម្បីណែនាំចុងក្រោយហើយបើអត់មក អាហ្នឹងគឺត្រូវប្រឈមផាកពិន័យ និងបន្ទាប់មកឱ្យផ្អាកអាជីវកម្មមួយរយៈដើម្បីឱ្យគាត់មករត់ការធ្វើច្បាប់ឱ្យបានត្រឹមត្រូវ»។
លោក សុចិត្រគ្រឹស្នា បានបន្ថែមថា អាជីវកម្មទេសចរណ៍គឺសំដៅលើសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងម៉ាស្សា ទីតាំងខារ៉ាអូខេ និងកន្លែងដឹកជញ្ជូនអ្នកទេសចរ ជាដើម។
កាលពីចុងឆ្នាំមុន អាជ្ញាធរក្នុងខេត្តព្រះសីហនុបានរងការរិះគន់យ៉ាងខ្លាំង ពីអ្នកលេងហ្វេកប៊ុកដែលបង្ហោះស្លាកយីហោមិនសរសេរអក្សរខ្មែរត្រឹមត្រូវនិងខ្លះមានសរសេរអក្សរចិន។ ប៉ុន្តែមន្រ្តីខេត្តនេះចាត់ទុកថា ករណីនោះមានតិចតួចនិងជារឿងតូចតាច។
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញដែរថា កន្លងមកស្លាកយីហោដែលសរសេរអក្សរមិនត្រឹមត្រូវមាន ៤-៥ ស្លាកប៉ុណ្ណោះខណៈស្លាកសរសេរត្រឹមត្រូវមានរាប់ពាន់។ លោកបន្តថា តាមពិតករណីនេះជារឿងតូចតាច ប៉ុន្តែត្រូវបានគេបង្ហោះនាំឱ្យមហាជនយល់ច្រឡំរហូតក្លាយជារឿងធំក្នុងចេតនាបន្ដុះបង្អាប់មកលើអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធថាមិនបានធ្វើការងារ។
លោកថា៖ «ដូចខ្ញុំនិយាយអ៊ីចឹង រឿងស្លាកយីហោ គេលើករាប់ពាន់ស្លាក មានខុស ៤-១០ ស្លាក យើងធ្វើជាដុំកំភួន អាហ្នឹងក៏វាមិនកើតដែរ ត្រូវយល់ទាំងអស់គ្នា។ រឿងខ្លះជារឿងតូចតាច មិនបាច់ខំចុះផ្សាយទេ រឿងធំរឿងសម្រាប់ប្រយោជន៍ជាតិសម្រាប់ពលរដ្ឋជារួម យើងគួរផ្សព្វផ្សាយដើម្បីធ្វើយ៉ាងម៉េចឱ្យអ្នកវិនិយោគនិងភ្ញៀវទេសចរមកប្រទេសយើង អាហ្នឹងបានវាចំណេញដល់ជាតិយើង ហើយបើរឿងតូចតាចពង្រីកឱ្យធំធ្វើឱ្យស្អប់ជនជាតិមួយអាហ្នឹងវាមិនចំណេញសម្រាប់ពលរដ្ឋយើងទេ»។
លោក សុខឡេង បានបញ្ជាក់ថា តាមពិតស្លាកយីហោដែលសរសេរខុសទាំងនោះ គឺដោយសារជនបរទេសជាម្ចាស់អាជីវកម្មខ្លះ បានបោះពុម្ពស្លាកនោះពីប្រទេសរបស់ពួកគេ ហើយនាំចូលមកកម្ពុជា និងខ្លះទៀតដោយសារខ្វះអ្នកបកប្រែក៏សម្រេចសរសេរអក្សរតាមការបកប្រែពី Google តែម្ដងទៅ។
យ៉ាងណាក្ដី លោក សុខឡេង អះអាងថា មកទល់ពេលនេះលែងមានបញ្ហារឿងសរសេរអក្សរមិនត្រឹមត្រូវទៀតហើយ ដោយសារមន្រ្តីជំនាញខេត្តតែងចុះត្រួតពិនិត្យជាប្រចាំ និងមានវិធានការភ្លាមៗឱ្យកែប្រែឡើងវិញចំពោះស្លាកយីហោដែលមានភាពមិនប្រក្រតី៕