ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាណិជ្ជកម្ម បាន​សម្រេច​បដិសេធ​សំណើ​របស់​ក្រុមហ៊ុន​មួយ​ដែល​សុំ​នាំ​ជ្រូក​រស់​ ១ ​លាន​ក្បាល​ចូល​កម្ពុជា​។ ការបដិសេធ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម​ពី​ម្សិលមិញ តាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​កសិករ​ខិតខំ​ចិញ្ចឹមសត្វ ហើយ​រឹតត្បិត​ការនាំ​ចូល​សត្វ​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ ប៉ាន សូរស័ក្តិ ពី​ម្សិលមិញ​បាន​ប្រជុំពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ ដូចជា​ការនាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​ប្រទេស​កម្ពុជា ការរឹតត្បិត ឬ​កាត់បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​ការនាំ​ចូល​សត្វ​ខុសច្បាប់​។ នេះ​បើតាម​សារ​របស់​លោក​ វេង សាខុន ដែល​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ​។

លោក​ វេង សាខុន ថ្លែង​ថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដូចជា​ជ្រូក មាន់ ទា និង​ត្រី ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​គ្រួសារ ទីផ្សារ​ក្នុង​ស្រុក និង​ធ្វើការ​នាំចេញ និង​ជាពិសេស​រឹតត្បិត​ការនាំ​ចូល​សត្វ​។

ការពិភាក្សា​លើ​បញ្ហា​នេះ​លោក​ថា​៖ «​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុង​ស្រុក​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នកចិញ្ចឹម ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​»​។

លោក​ តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ព្រហស្បតិ៍ ថា​រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​សម្រេច​បដិសេធ​សំណើសុំ​របស់​ក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាយដ៍ គ្រុប ដែល​សុំ​នាំចូល​ជ្រូក​ ១ ​លាន​ក្បាល​ពី​ក្រៅ​ប្រទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​បន្ត​ទៅ​ប្រទេស​វៀតណាម​។ លោក​ថ្លែងថា ការបដិសេធ​នេះ​ក៏​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី​ផងដែរ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ឯកឧត្តម​ទាំង​ ២ ​បាន​បដិសេធ ហើយ​បាន​លើក​ជា​យោបល់​ទៅ​ថ្នាក់ដឹកនាំ​ហើយ​ថា​មិន​អនុញ្ញាត​ទេ​។ សព្វថ្ងៃនេះ​យើង​ឲ្យ​នាំចូល​ ៦ ៣០០ ​ក្បាល​ [​ក្នុង​ ១ ​ថ្ងៃ​] ​ដើម្បី​បង្គ្រប់​អ្វីដែល​យើង​ខ្វះខាត​។ បើ​កាលណា​ឲ្យ​ទៀត​វា​នឹង​ប៉ះពាល់​ដល់​កសិករ ក្រុមហ៊ុន ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ផ្សេងៗ​។ អ៊ីចឹង​អ្វី​ដែល​ក្រសួង​កំពុង​ធ្វើ គឺ​គាំទ្រ​អនុសាសន៍​របស់​សម្ដេច​គឺ​យើង​ពិចារណា​កាត់បន្ថយ​ការនាំចូល ហើយ​យើង​ពង្រឹង​ការចិញ្ចឹម​ត្រី និង​សត្វ និង​ដាំ​បន្លែ​ជាដើម ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​មាន​ការងារ​ធ្វើ​»​។

លិខិត​ស្នើសុំ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​គឺ​ក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាយដ៍​គ្រុប នា​ថ្ងៃទី​ ៩ ​កក្កដា​បាន​សរសេរ​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​ស្នើសុំ​នាំចូល​ជ្រូក​រស់​ ១ ​លាន​ក្បាល​ ក្នុង​ ១ ​ឆ្នាំ​មក​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា និង​នាំ​ចេញ​ទៅ​វៀតណាម​។

ក្រុមហ៊ុន​លើកឡើង​ថា ការនាំ​ចូល​នេះ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។ ក្រុមហ៊ុន​ក៏​នឹង​ឧបត្ថម្ភ​សាច់ជ្រូក​ដល់​ស្ថាប័ន​មួយចំនួន​ដូចជា​សាលា​ពិការភ្នែក និង​គថ្លង់​ភ្នំពេញ​ថ្មី មន្ទីរពេទ្យ និង​អង្គភាព​កងទ័ពជើងគោក​។

ក្រុមហ៊ុន​បន្តថា សំណើសុំ​នាំចូល​នេះ​បើ​ទទួលបាន​ការអនុញ្ញាត​នឹង​នាំចូល​តាម​ច្រកព្រំដែន​ភ្នំ​ដី ច្រកទ្វារព្រំដែន​ម៉ាឡៃ និង​ច្រកទ្វារព្រំដែន​អូរស្មាច់​។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​បញ្ជាក់​ដែរ​ថា ការនាំចូល​នេះ​គ្រាន់តែ​ជា​ការសាកល្បង​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​នឹង​បង់ពន្ធ និង​អាករ​តាមច្បាប់​កំណត់​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​សម្ដែង​ការត្រេកអរ​ចំពោះ​ការសម្រេច​បដិសេធ​ការ​នាំចូល​ជ្រូក​នេះ​។ លោក​ថ្លែងថា​៖ «​អនុសាសន៍​ និង​ការអនុវត្ត​នេះ​ត្រឹមត្រូវ​។ មូលហេតុ​អី​បាន​ជា​ខ្ញុំ​ថា​ត្រឹមត្រូវ គឺ​ដើម្បី​ប្រទេសជាតិ កសិករ និង​បងប្អូន​ដែល​អត់​ការងារ ធ្វើ​ហើយ​ងាក​មក​ធ្វើការ​ក្នុង​វិស័យ​ចិញ្ចឹម សត្វ និង​កសិកម្ម​នេះ​គឺ​ល្អ​មែនទែន​»​។

លោក​បន្តថា​៖ «​ក្នុង​នាម​សមាគម ខ្ញុំ​សូម​អរគុណ​ដល់​ក្រសួង​ពាក់ព័ន្ធ​ដែល​មិន​ឲ្យ​នាំចូល ព្រោះ​ការនាំ​ចូល​នេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ទេ វា​ថែមទាំង​នាំមក​ជាមួយ​ជំងឺ​ និង​ធ្វើឲ្យ​កសិករ​អត់​ការងារ​ធ្វើ​»​។

លោក​រដ្ឋមន្ត្រី​ វេង សាខុន លើកឡើង​ដែរ​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ចុងខែ​កក្កដា​នេះ ដើម្បី​ពិនិត្យមើល​លទ្ធភាព​ផលិត​ចំណី​សត្វ និង​ការបញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​ការផលិត​ចំណី​សត្វ តាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​៕