
ក្រុមជនប្រដាប់អាវុធកាងដីនៅតំបន់អភិរក្សដែលត្រូវបានចាប់ខ្លួនថ្មីៗ។ រូបថត សហការី
ព្រះសីហនុៈ ក្រុមកាងដីឲ្យឈ្មួញ ២ ក្រុមនៅតំបន់ដីអភិរក្សក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុត្រូវបានអាជ្ញាធរឃាត់ខ្លួនជាបន្ដបន្ទាប់កាលពីថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ដោយមួយក្រុមត្រូវតុលាការសម្រេចចេញដីកាឲ្យឃុំខ្លួននៅពន្ធនាគារ និង ១ ក្រុមទៀតកំពុងសាកសួរនៅតុលាការ ក្រោយពីលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុបញ្ជាឲ្យអនុវត្តវិធានការតឹងរ៉ឹងទៅតាមច្បាប់ ដើម្បីចាត់ការជនល្មើស។
បន្ទាប់ពីក្រុមកាងដីប្រដាប់អាវុធត្រូវបានចាប់ខ្លួន ហើយត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី ២៧ ខែវិច្ឆិកា រួចមកសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ក៏បានបន្តឃាត់ខ្លួនក្រុមជើងខ្លាំងកាងដីឲ្យឈ្មួញចំនួន ៤ នាក់ផ្សេងទៀតដែលធ្វើសកម្មភាពកាងដីនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកមកសួរនាំដោយពួកគេបានកាងដីដែលនៅក្នុងតំបន់ឈូសឆាយដោយគ្មានច្បាប់លើដីអភិរក្សក្នុងតំបន់ព្រៃនប់នេះ។
លោក យន្ដ មីន ព្រមានថាខេត្ដមានវិធានការតឹងរ៉ឹងចំពោះអ្នកបំពានច្បាប់ ដោយប្រើអំណាចដោយប្រើកម្លាំងដាច់ខាតគឺត្រូវតែរៀបចំឲ្យបានរៀបរយ ព្រោះរយៈពេលកន្លងមកនេះក្នុងខេត្ដព្រះសីហនុហាក់ដូចជាមានរឿងច្របូកច្របល់ច្រើនពាក់ព័ន្ធនឹងរឿងដីធ្លី។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា៖ «អ៊ីចឹងកន្លងមកអ្នកដែលធ្វើខុសឆ្គងជាមួយច្បាប់ ខ្ញុំបានពង្រឹងហើយ និងអនុវត្ដនីតិវិធីជាច្រើនករណីកន្លងមកហើយដែរដូចជាករណីម្សិលម៉ៃ្ង (ថ្ងៃទី ២៦ វិច្ឆិកា) ខ្ញុំអនុវត្ដ ១ ករណី និងម្សិលមិញនេះ (ថ្ងៃទី ២៧) ១ ករណី ៤ នាក់ទៀតដែលសមត្ថកិច្ចចាប់បានគឺគេក៏អនុវត្ដតាមនីតិវិធីដែរ»។
លោក យន្ត មីន អះអាងថា៖ «អ្នកខ្លះអ្នកមិនយល់ពីអីសោះ ចេះតែយកកម្លាំងបាយយកមកប្រើជាមួយបងប្អូនប្រជាពលរដ្ឋ ហើយមិនត្រឹមតែប្រើជាមួយបងប្អូនប្រជាពលរដ្ឋទេ ថែមទាំងចង់រំលោភមកលើអាជ្ញាធរទៅទៀត។ អាជ្ញាធរភូមិ អាជ្ញាធរឃុំ អាជ្ញាធរស្រុក ពេលខ្លះគ្នាទៅធ្វើការ បែរជាមើលងាយមើលថោកគ្នា មានពេលខ្លះរាលដាលដល់ខេត្ដទៀត។ អ៊ីចឹងបានថា ជាគោលការណ៍យើងត្រូវពង្រឹងច្បាប់ឲ្យបានគ្រប់តំបន់ដែលកើតហេតុ គឺយើងយកច្បាប់ជាគោល»។
បើតាមលោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ការឃាត់ខ្លួនជនល្មើសទាំង ៤ នាក់នេះបានធ្វើឡើងបន្ទាប់ពីក្រុមនេះបានទៅកាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើឆ្នាំ ២០០២ ស្ថិតនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី ២៦ ដោយសំអាងថាដីនេះមានអាជ្ញាប័ណ្ណតាំងពីឆ្នាំ ១៩៩៩។
លោកឲ្យដឹងថាប័ណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់ដីអភិរក្សក្នុងស្រុកព្រៃនប់នេះ ត្រូវបានរាជរដ្ឋាភិបាលនិរាករណ៍ចោលតាំងពីពេលដាក់តំបន់នេះជាតំបន់គម្របព្រៃឈើឆ្នាំ ២០០២ មកម្ល៉េះ។ ប៉ុន្តែប័ណ្ណនេះត្រូវបានអ្នកមានអំណាចមួយចំនួននៅតែយកមកប្រើក្នុងការកាន់កាប់ដីនេះដែរ។
របាយការណ៍ឲ្យដឹងថាជនសង្ស័យទាំង ៤ នាក់ដែលឃាត់ខ្លួនបានជាលើកទី ២ កាលពីថ្ងៃទី ២៧ ខែវិច្ឆិការួមមាន ទី ១ ឈ្មោះ ណន គឹមឆេង អាយុ ៤៨ ឆ្នាំ ទី ២ ឈ្មោះ នួន ហាន់ អាយុ ៤៣ ឆ្នាំ មុខរបរទាហានសឹករងព្រៃវែង ទី ៣ ឈ្មោះ សិន រដ្ឋា អាយុ ៣៦ ឆ្នាំ មុខរបរទាហាន និង ទី ៤ ឈ្មោះ សំ កំសាន អាយុ ៦៥ ឆ្នាំ មុខរបរខាងវិស្វកម្ម។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុលោក គៀង សុន្ទារោ ពីម្សិលមិញមិនធ្វើអត្ថាធិប្បាយលម្អិតលើករណីចាប់ខ្លួនក្រុមជនកាងដីនៅតំបន់អភិរក្សទាំងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ជនទាំង ៤ នាក់ដែលត្រូវបានចាប់ខ្លួននេះកំពុងត្រូវបានសាកសួរ។
លោក ស៊ុន សុផាត តំណាងសហគមន៍ដីធ្លីខេត្តព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា តាមការសង្កេតរបស់លោកនាពេលកន្លងមកឃើញថា បញ្ហារំលោភយកដីធ្លីអភិរក្សនៅតំបន់ដីអភិរក្សព្រៃនប់នៅតែបន្ដកើតមានច្រើនពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច។
លោក សុផាត ឲ្យដឹងថា៖ «ការទន្ទ្រានដីព្រៃអភិរក្សនៅតំបន់ព្រៃនប់នេះ ភាគច្រើនគឺជាអ្នកមានប្រាក់ និងមានអំណាច គេចុះមកទន្ទ្រានដោយយករដ្ឋបាលព្រៃឈើមកជំនួស យកមកកាងមុខអ៊ីចឹង។ មានតែរដ្ឋបាលព្រៃឈើដែលអាចទៅអះអាងថាជាប្រជាពលរដ្ឋដែលមករស់នៅក្នុងតំបន់នេះ ពីពេលណា ឬយូរយ៉ាងណា»៕