ក្រចេះ: ក្រុម​ការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​កំណត់​ដែន​រក្សា​ការពារ​ទីទួល​បុរាណដ្ឋាន​ចំនួន ១២៦ កន្លែង​ទៀត​ដែល​បាន​រកឃើញ​ក្នុង​ខេត្តក្រចេះ ដើម្បី​ដាក់បញ្ចូល​ក្នុង​កិច្ច​គាំពារ​ និង​អភិរក្ស​។

លោក វឿន វុទ្ធី ប្រធាន​នាយកដ្ឋាន បុរាណវិទ្យា និង​បុរេប្រវត្តិ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ នៅ​ថ្ងៃអាទិត្យ​ថា ការចុះពិនិត្យ​ និង​ផ្ទៀងផ្ទាត់​កំណត់​ដែន​រក្សា​ការពារ​ទីទួល​បុរាណដ្ឋាន​ចំនួន ១២៦ ​កន្លែង​នោះ​បាន​ចាប់ផ្ដើម​ធ្វើឡើង​តាំងពី​ថ្ងៃទី​ ១ ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដែល​មកទល់​ពេល​នេះ​ក្រុមការងារ​របស់​លោក​ធ្វើ​បាន​សម្រេច​ជោគជ័យ​នូវ​ដំណាក់កាល​ទី​ ១ ​ហើយ​គឺ​ការរៀបចំ​ផែនទី​កំណត់​ទំហំ​នៃ​ដែន​រក្សា​ការពារ​ទីតាំង​ទួល​បុរាណដ្ឋាន​ទាំងនោះ​។

លោក វុទ្ធី បញ្ជាក់ថា​៖ «​នៅពេល​នេះ​យើង​កំពុង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​រៀបចំ​ដាក់បញ្ចូល​ទិនន្ន័យ​នៃ​តំបន់​ទីទួល​បុរាណដ្ឋាន​ទាំងនោះ ដើម្បី​ចេញ​ជា​ប្លង់រឹង ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​អភិរក្ស​»​។

លោក​បន្តថា​៖ «​ក្រោយពេល​រៀបចំ​ដាក់បញ្ចូល​ទិនន្ន័យ និង​ចេញ​ជា​ប្លង់រឹង​ហើយ​នោះ យើង​នឹង​ផ្ទេរ​ការគ្រប់គ្រង និង​រក្សា​ការពារ​នូវ​ទីទួល​ និង​ស្ថានីយ​បុរាណដ្ឋាន​ទាំងនោះ​មក​អាជ្ញាធរ​ខេត្តក្រចេះ​ជា​អ្នក​ជួយ​ការពារ​ និង​អភិរក្ស ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​មន្ទីរជំនាញ​»​។

លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចការ​នេះ​មិនមែន​ធ្វើ​ឡើង​តែ​នៅក្នុង​ខេត្តក្រចេះ​មួយ​នោះ​ទេ តែ​ត្រូវ​ធ្វើ​ឡើង​នៅ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​តំបន់​ទីទួល​បុរាណដ្ឋាន​មាន​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​កន្លង​មក​យើង​បាន​ធ្វើ​កិច្ចការ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដែល​មាន​ប្រាសាទ និង​ស្ថានីយ​បុរាណ​សំខាន់ៗ​ដែល​មាន​វិសាលភាព​ល្បីល្បាញ​ជា​សកល​»​។

លោក​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយពី​ទីទួល​បុរាណដ្ឋាន​ទាំងនោះ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដាក់​បញ្ចូល​ទិនន្ន័យ និង​ចេញ​ជា​ប្លង់​កម្មសិទ្ធិ​កំណត់​ទំហំ​ដែន​រក្សា​ការពារ​រួចហើយ​នោះ​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​នឹង​ត្រូវ​បាន​ហាមឃាត់​ការសង់​សំណង់​រឹង កប់​សាកសព​នៅ​លើ​តំបន់​បុរាណ និង រុករាន​ ឬ​ជីកកកាយ​រក​វត្ថុ​បុរាណ​។

គួរបញ្ជាក់​ផងដែរ​ថា តំបន់​ប្រាសាទ និង​ទីទួល​បុរាណ​មួយចំនួន​ត្រូវ​បាន​ក្រុម​ជនខិលខូច​មួយ​ចំនួន រុករាន និង​ជីក​កកាយ​យក​វត្ថុ​បុរាណ​ទៅ​លក់​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត ដោយ​ខុសច្បាប់​។

ជាក់ស្ដែង​កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ឆ្មាំ​ការពារ​ប្រាសាទខ្នារ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះវិហារ​ក្រោម​កិច្ចសហការ ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ល្បាត​ស្រាវជ្រាវ និង បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​ចំនួន ៥ ​នាក់រួម​ទាំង​វត្ថុតាង​មួយ​ចំនួន​បញ្ជូនទៅ​តុលាការ ដើម្បី​ចំណាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ជីកកកាយ​យក​វត្ថុបុរាណ​នៅក្នុង​តំបន់​ទីទួល​ប្រាសាទខ្នារ​នោះ​៕