ភ្នំពេញៈ ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​លើ​ច្បាប់​ជាតិ អន្តរជាតិ និង​ការធ្វើ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​តាម​អតីត​មណ្ឌល​ផ្តល់​សេវាកម្ម​យុត្តិធម៌​ក្នុង​រាជធានី-ខេត្ត​ចំនួន​ ៧ ដើម្បី​រៀបចំ​គោលនយោបាយ​ទុកជា​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ២៦ ខែ​មិថុនា ឆ្នាំ​ ២០២០​ បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​នេះ​ឡើង​ដោយ​បាន​តែងតាំង​លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​ប្រធាន​ក្រុមការងារ​នេះ​។

ការបង្កើត​គោលនយោបាយ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ គឺជា​ការអនុវត្ត​នូវ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដោយ​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​ទៅជិត​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ដ បង្កើត​នូវ​ភាពសុខដុមរមនា​ដល់​ពលរដ្ឋ​នៅតាម​​សហគមន៍​។

លោក ជិន ម៉ាលីន បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១២ ​ខែ​មករា​ថា ការសិក្សា​ស្រាវជ្រាវ ការធ្វើ​សម្ភាសន៍ ការសិក្សា​លើ​បទដ្ឋាន​គតិយុត្ដជាតិ អន្តរជាតិ និង​សិក្សា​លើ​ការអនុវត្ដ​ល្អជា​អន្តរជាតិ គឺ​ក្រុមការងារ​បានធ្វើ​ចប់សព្វគ្រប់​អស់ហើយ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុង​ធ្វើការ​បូកសរុប​ហើយ​រៀបចំ​ឯកសារ​ទស្សនទាន​មួយ​។ នៅពេល​រៀបចំ​ឯកសារ​ទស្សនទាន​នេះ​ចប់ យើង​នឹងដាក់​ធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។ ដំណើរការ​យន្តការ​នៃ​ការរៀបចំ​តាក់តែង ក្របខ័ណ្ឌ​ច្បាប់ ពាក់ព័ន្ធ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ ក្រុម​ការងារ​បច្ចេកទេស​បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកផ្ដល់​សេវា​ និង​ទទួល​សេវា និង​មន្ដ្រី​ដែល​ពាក់ព័ន្ធ​ចំពោះ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មូលដ្ឋាន​។

លោក ម៉ាលីន បញ្ជាក់​ថា​៖ «​ក្រោយពេល​យើង​សិក្សា​ស្រាវជ្រាវ​លើ​មូលដ្ឋាន​ទាំងអស់​នេះហើយ យើង​នឹង​រៀបចំ​ជា​ឯកសារ​ជំនួយ​ស្មារតី​មួយ​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ថា​តើ​កម្ពុជា​គួររៀបចំ​របៀប​ម៉េច​ដោយ​ផ្អែក​ទៅ​លើ​ការសិក្សា​ស្រាវជ្រាវ និង​បទសម្ភាស​ដែល​យើង​ទទួល​បាន​ទាំងនេះ​»​។

បើ​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ក្រុមការងារ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ទៅលើ​អតីត​មណ្ឌល សេវាកម្ម​យុត្តិធម៌​ចំនួន ២៣ ក្រុង ស្រុក ខណ្ឌ ដែល​ស្ថិតនៅ​រាជធានី ខេត្ត ចំនួន ៧ រួមមាន ខេត្ត​កំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​រាជធានី​ភ្នំពេញ​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​លើក​ឡើង​ថា កន្លងមក​មាន​ការិយាល័យ​មណ្ឌល​យុត្តិធម៌​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​មួយចំនួន នៅតាម​បណ្តា​ស្រុក ខណ្ឌ និង​ក្រុង ប៉ុន្តែ​យន្តការ​នេះ​ដូចជា​មិនទាន់​ឆ្លើយតប​ក្នុង​ការជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​កន្លងមក​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកមាន​ឥទ្ធិពល​មួយចំនួន​តែងតែ​ប្រើប្រាស់​តុលាការ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទោះបី​ករណី​វិវាទ​ខ្លះ​អាចមាន​លទ្ធភាព​ច្រើន​ក្នុង​ការដោះស្រាយ​បញ្ចប់​ដោយ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ​វិវាទ​មិនគួរ​កើតឡើង​ក៏ដោយ​»​។ លោក​បន្តថា បញ្ហា​ទាំងអស់​នេះ​បាន​ចូលរួម​ចំណែក​បង្ក​ឱ្យ​មាន​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​ និង​ធ្វើឱ្យ​មាន​ការបាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​ផងដែរ​។

លោក សំអាត បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា បើ​ក្រសួង​យុត្តិធម៌​បង្កើត​គោលនយោបាយ​ឱ្យបាន​ច្បាស់លាស់ និង​ប្រមូល​ធាតុ​ផ្សំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​គោលនយោបាយ​នេះ​ល្អ និង​អនុ​វត្តមាន​ប្រសិទ្ធភាព​នោះ​គឺជា​ការល្អ​»​។

បើតាម​លោក សំអាត ក្រោយពី​មាន​គោលនយោបាយ​នេះហើយ ក្រសួង​គួរ​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ឱ្យបាន​យល់ដឹង និង​អនុវត្ត​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ និង​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទើប​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​អាចជួយ​កាត់បន្ថយ​ការប្តឹង​ផ្តល់​ទៅ​តុលាការ​បាន​ច្រើន​៕