
ស្ត្រីជាមន្ត្រីនគរបាល ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារនៅតាមផ្លូវ។ រូបថត ហ្វេសប៊ុក
ស្ទឹងត្រែងៈ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី ១០ ខែមីនានេះ បានចេញលិខិតមួយផ្ញើជូនគណៈអភិបាលខេត្តស្ទឹងត្រែង ដោយសម្តែងការសោកស្តាយជាខ្លាំង ដែលអធិការស្រុកសៀមប៉ាង បានធ្វើការព្រមានលោកស្រី អនុសេនីយ៍ទោម្នាក់ដែលបំបៅកូននៅក្នុងពេលបំពេញបេសកកម្មតាមផ្លូវ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរ មនុស្សបានលើកឡើងនៅក្នុងលិខិតថា ការប្រើឥរិយាបថ ដោយកោះហៅលោកស្រីនគរបាលម្នាក់ ដែលគាត់បំបៅដោះកូននៅតុការងារតាមផ្លូវ ដើម្បីទៅព្រមាន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់បំបៅដោះកូនបែបនេះ ដោយមិនបានវែកញែក ឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ ពីសំណាក់លោកអធិការស្រុកសៀមប៉ាង គឺជារឿងសោកស្តាយយ៉ាងខ្លាំង។
លោកស្រីថ្លែងថា៖«ក្នុងស្ថានភាពជាស្រ្តី ដែលមានភារកិច្ចទទួលខុសត្រូវទ្វេដងលើសពីបុរស គឺបំពេញការងារស្នូល ក្នុងអង្គភាពស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូន តាំងពីក្នុងផ្ទៃរហូតដល់កើត....។ នេះជាទង្វើដែលខ្ញុំជាស្រ្តីម្នាក់ សូមកោតសរសើរនូវឆន្ទៈដ៏មោះមុត ក្នុងការបំពេញភារកិច្ចរបស់មន្រ្តីជាស្រ្តី ទោះជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ»។
លោកស្រីបានគូសបញ្ជាក់ថា៖«លោកអធិការ គួរតែសម្តែងនូវការកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយឱ្យមន្រ្តីស្រី្តបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់ និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែទាំកូន ដូចម្តាយលោកថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូនលោកដូចគ្នាដែរ»។
លោកស្រីបន្ថែមថា ទង្វើរបស់លោកស្រីនគរបាល មិនបានសម្តែងការបញ្ចេញភាពសិចស៊ី ដើម្បីថតបង្ហាញសាធារណជន ដើម្បីទាក់ទាញដូចអ្នករកស៊ីលក់ភាពសិចស៊ី ដែលលោកអធិការត្រូវមានចំណាត់ការនោះទេ។
លោកស្រី ជូ ប៊ុនអេង បានស្នើឲ្យអភិបាលខេត្ត និងស្នងការខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីក្នុងខេត្តនេះ រិះរកវិធីលើកទឹកចិត្ត ស្រ្តីដែលជាមន្ត្រីនគរបាលបំបៅដោះកូននេះ និងស្ត្រីជាមន្ត្រីរាជការដទៃទៀត តាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យបាក់ទឹកចិត្ត ជាពិសេសក្នុងទិវាអន្តរជាតិនារីខួបលើកទី១១០ ឆ្នាំ២០២១ នេះ។
លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានថ្លែងប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១០ មីនានេះថា ការដែលលោកស្រីបង្ហោះរូបភាពបំបៅដោះកូន គឺពុំមានចេតនាធ្វើឱ្យប៉ះពាល់ដល់អង្គភាព និងកិត្តិយសរបស់ស្រ្តីខ្មែរនោះទេ គឺលោកស្រីគ្រាន់ចង់បង្ហាញពីទឹកចិត្តរបស់ម្តាយប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា៖ «បច្ចុប្បន្នខ្ញុំមានកូន ២ នាក់ កូនដែលខ្ញុំបំបៅដោះនោះ មានអាយុ ១ ខួប ២ ខែ តែមិនទាន់ផ្តាច់ដោះទេ គឺត្រូវបំបៅដោះរាល់ថ្ងៃ។ និយាយរួម ខ្ញុំយកទៅតាមធ្វើការរាល់ថ្ងៃ លើកលែងតែខ្ញុំមកប្រជុំនៅខេត្ត ខ្ញុំផ្ញើនៅជាមួយបងស្រីខ្ញុំ»។
លោកស្រីលើកឡើងថា៖ «ខ្ញុំផុស (លើហេ្វសប៊ុក) ខ្ញុំអត់មានចេតនា គោលបំណងអីធ្វើឱ្យប៉ះពាល់ដល់អង្គភាព ឬប៉ះពាល់ដល់ស្រ្តីខ្មែរទេ ខ្ញុំផុសគ្រាន់តែចង់ឆ្លុះបញ្ចាំងទឹកចិត្តម្តាយជាមួយកូនថា ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ម្តាយមិនចោលកូនដែរ»៕