ភ្នំពេញ៖ ក្រុម​ការងារ​របស់​រាជ​រដ្ឋា​ភិបាល​ ស្តីអំពី​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​សំណើ​ និងសំណូម​ពរ​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ស្ដី​ពី​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ​បាន​បញ្ចប់​កិច្ច​ប្រជុំ​លើក​ចុង​ក្រោយ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល ក្រោយ​ពីបាន​ពិភាក្សា ​និង​ពិគ្រោះ​យោបល់​លើ​មាត្រា​ចំនួន ១៧ ​ហើយក៏​នឹង​ដាក់​សំណើ​នេះ​ទៅ​រាជ​រដ្ឋា​ភិបាល​ពិនិត្យ​សម្រេច​បន្ត។

លោក ​ប៊ុន ហុន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង ជា​ប្រធាន​ក្រុមការងារ​របស់​រាជ​រដ្ឋា​ភិបាល ​ស្តីអំពី​ការដោះ​ស្រាយ​សំ​ណើ និង​ សំណូមពរ ​របស់​អង្គការ​សង្គមស៊ីវិល ​ថ្លែង​បែបនេះ​ក្នុង​កិច្ច​ប្រជុំ​លើ​ទី ៦ ​និង​ ជាលើក​ចុង​ក្រោយ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ នា​ថ្ងៃចន្ទ​នេះ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។

លោក​​ថ្លែង​ថា​៖ «បន្ទាប់ពី​កិច្ច​ប្រជុំ​នេះ ​យើង​ខ្ញុំ​នឹង​ធ្វើ​របាយការណ៍ ជូន​សម្ដេច​ក្រឡាហោម ​[ស ខេង] ​និង​ សុំ​អនុញ្ញាត​ប្រជុំ​ផ្ទៃ​ក្នុង​ក្រុម​ការងារ ​របស់​រាជ​រដ្ឋា​ភិបាលបន្ត​បន្ទាប់​ទៀត»។

លោក​ ប៊ុន ហុន ​បន្ដថា ​តាម​នីតិវិធី ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ទៅ ការ​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល ​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​ក្នុង​ការ​ពិនិត្យ ​កែ​សម្រួល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​យ៉ាងណា​ទៀត​នោះ​ គឺជា​ សមត្ថកិច្ច​របស់​រាជ​រដ្ឋា​ភិបាល។

លោក​ថ្លែង​ថា​ ការ​ចូលរួម​របស់​អង្គការសង្គម​ស៊ីវិល ​អាច​មាន​ការ​ចូលរួម​ក្នុង​ដំណាក់​កាល​ផ្សេងៗ​ទៀត។ ក្នុង​នោះ​ នឹង​អាច​មាន​វេទិកា​ពិគ្រោះ​យោបល់​នៅ​ក្នុង​ភាព​ជាដៃ​គូ ​រវាង​រាជ​រដ្ឋា​ភិបាល និង​ អង្គការ ​សង្គម​ស៊ីវិល​ ដែល​នឹង​បន្ត​ធ្វើនៅ​ពេល​ខាង​មុខ។

លោក​ថ្លែងថា​៖ «តាម​ពិត​ យើងត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​ខែ​ក្រោយ​នេះ​ទេ​។ ការ​ចូលរួម​នៅ​ក្នុង​មតិ​យោបល់​លើ​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​នេះ ​អង្គការ ​សង្គម​ស៊ីវិល ​អាច​ចូលរួម​តាមរយៈ​សិក្ខា​សាលា​ផ្សេងៗ​ទៀត ​ដែល​យើង​អាច​នឹង​រៀបចំ។ ​អង្គការ​សង្គម​ស៊ីវិល​ក៏អាច​ចូលរួម​តាម​រយៈ​តំណាង​រាស្រ្ដ​នៅពេល​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​ដល់​រដ្ឋ​សភា​ដែរ ​បើសិន​ជា​មាន​ការចង់​កែប្រែ​នៅក្នុង​មាត្រា​ណាមួយ​ទៀត​នោះ»។

ក្រុម​ការងារ​របស់​រាជ​រដ្ឋា​ភិបាល​ និង ​តំណាង​អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​ ៥០០ ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​លើក​ចុង​ក្រោយ​ថ្ងៃ​នេះ បាន​ចេញ​សេច​ក្ដី​ប្រកាស​រួម​គ្នា​មួយ​ ដោយ​បង្ហាញ​ពី​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​ជាមួយ​គ្នា​ចាប់តាំង​ពី​ខែវិច្ឆិកា ឆ្នាំ​​ ២០១៩​ រហូត​ដល់​ថ្ងៃទី​ ៦ ខែ​កក្កដា ឆ្នាំ​ ២០២០។

សេច​ក្ដី​ប្រកាសរួម​បង្ហាញ​ថា ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ខាង​លើនេះ​បាន​ពិភាក្សា​ និង​ពិគ្រោះ​យោបាល់​លើ​មាត្រា​ចំនួន​ ១៧ រួម​មាន មាត្រា​ ១ មាត្រា​ ៣ មាត្រា ៤ មាត្រា ៧ មាត្រា ៨ មាត្រា ៩ មាត្រា​ ១០ មាត្រា ១១ មាត្រា ​២០ មាត្រា​២៤ មាត្រា​ ២៥ មាត្រា ​២៦ មាត្រា​ ២៧ មាត្រា​ ៣០ មាត្រា​ ៣១ មាត្រា​ ៣២ និង​មាត្រា​ ៣៥​។

សេច​ក្ដី​ប្រកាស​រួម​នេះ​បញ្ជាក់ថា​៖« ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល ​ក៏ដូច​ក្រសួង​មហាផ្ទៃ ​ក៏បាន​ប្ដេជ្ញាថា​ នឹង​រៀប​ចំនូវ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​បន្ដទៀត​ ជាមួយ​តំណាង ​អង្គការ​សង្គម​ស៊ីវិល ​ក្នុង​គោលបំណង​ពង្រឹង​ភាព​ជាដៃគូ ​រវាង​រាជ​រដ្ឋា​ភិ​បាល​និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ពង្រឹង​ពង្រីក​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា»។

លោក​ កន សាវាង្ស​ អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត ​និង​តស៊ូ​មតិ​នៃ​អង្គការ ​COMFREL​  ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​ ពីម្សិល​មិញ​ដែរ ​ឱ្យ​ដឹង​ថា ​ឆ្លង​កាត់​ការ​ប្រជុំ​ជា​មួយ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​១​លើក​កន្លង​មកនេះ ​អង្គការ​សង្គម​ស៊ីវិល​បាន​ជជែក​ពិភក្សា​គ្នា​លើ​សំណើ ​និង​កង្វល់​នានា​ជាមួយ​ក្រុម​ការងារ​របស់​រាជ​រដ្ឋា​ភិបាល។ ប៉ុន្ដែ​រហូត​ដល់​បច្ចុប្បន្ន​លទ្ធផល​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ​គឺ​នៅ​មិន​ទាន់អាច​ដឹង​បានទេ ​ថា ​បាន​ដំណើការ​ដល់ណា​នោះ​ ព្រោះ​នីតិវិធី​នៅមាន​ច្រើន​ដំណាក់​កាល​បន្ត​ទៀត។

លោក​ថ្លែង​ថា​៖«កាល​ពី​កិច្ច​ប្រជុំ​ដំបូង​ អង្គការ​សង្គម​ស៊ីវិល​យើង​បាន​ដាក់​សំណើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ចំនួន១៧មាត្រា។ ប៉ុន្ដែ​រហូត​ដល់​កិច្ច​ប្រជុំ​ចុង​ក្រោយ​នេះ យើង​បាន​សរុប​បញ្ចូលគ្នា​វិញ​នៅ​សល់​ចំនួន​១៤មាត្រា ​ដែល​យើង​បាន​ស្នើ​ឱ្យ​ធ្វើ​វិសោធ​នកម្ម»។

លោក​បន្ថែមថា ​ក្នុង​ចំណោម​មាត្រា​ទាំង ១៤ ​នេះ​ មាន​បញ្ហា​ចំពោះ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​អង្គការ​សង្គម​ស៊ីវិល នីតិវិធី​ក្នុង​ការ​ផ្ញើ​របាយការណ៍ ​ការ​បង់​ពន្ធ រួម​ទាំង​ចំណុច​ទោស​ទណ្ឌ​ផ្សេង​ៗទៀត​។ លោក​បន្តថា​៖«សង្គម​ស៊ីវិល​យើង​មើល​ឃើញថា​ មាត្រា​ត្រង់​ចំណុច​ទោសទណ្ឌ​នេះ​ ច្បាប់​ និង​នីតិវិធី​ខ្លះ​ មិន​សម​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។ ចំណុច​ទាំង​នេះ​ហើយ​ដែល​យើង​ធ្វើ​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ធ្វើ​វិសោធ​នកម្ម​ឡើង​វិញ»។

លោក​ស៊ឹង ​សែនករុណា ​មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមា​គម​ការពារ ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ចូលរួម​កិច្ច​ប្រជុំ​ពីម្សិល​មិញ​ដែរ​នោះ​លើក​ឡើង​ថា​ តាម​រយៈ​កិច្ច​ប្រជុំ​នាពេល​កន្លមក​ជាមួយ​ក្រុម​ការងារ​របស់រាជ​រដ្ឋា​ភិបាល​នេះ ​គឺ​ជា​ការ​បើក​ឱកាស​មួយ​ដល់​អង្គការ​សង្គម​ស៊ីវិលទាំង​ការ​ដាក់​សំណើ ​និង​ការ​បំភ្លឺ​បន្ថែម​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។

លោក​ថ្លែងថា​៖«ការ​ជជែក​គ្នា​នាពេល​កន្លង​មក​យើង​ទទួល​បាន​ផ្លែ​ផ្កា​ច្រើន។ ប៉ុន្ដែ​អ្វីដែល​សង្គម​ស៊ីវិល​យើង​មិន​សប្បាយ​ចិត្ដ​នោះ​ចំពោះ​ការ​ប្រើ​ប្រាស់​ពេល​វេលា​មាន​ការ​អូស​បន្លាយ​យូរខុស​ពីការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ផ្សេងៗ​ទៀត​។ ដូច្នេះ​យើង​ក៏ចង់​ឱ្យ​មាន​ការ​គិត​គូរ​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក្នុង​ដំណាក់​កាល​នីមួយៗ​ឱ្យ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​លឿន​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​សម្រេច​ទៅលើ​ការ​ស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ដាក់​ជូន​ទៅ​នោះ»៕