កណ្តាល៖ ក្រុម​គ្រួសារ​សាច់​ញាតិ​កម្មការិនី​រងគ្រោះ ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ១ ​បាន​អះអាង​ ថ្ងៃនេះ​ថា​ នឹង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់ៗ​ពី​ ៥០០០ ដុល្លារ​ទៅ​ ៨០០០ ដុល្លារ ​ពី​តំណាង​ភាគី​ម្ចាស់​រថយន្ត​ដឹក​ដី​ ដែល​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍ ​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​របស់​ពួកគេ​ស្លាប់។

កាលពី​ល្ងាច​ថ្ងៃទី​ ២៤ ​ខែ មិថុនា មាន​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​លើ​កំណាត់​ផ្លូវជាតិ​លេខ១​ ក្នុង​ភូមិ​សាស្ត្រ ​ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​និយាយ​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ បង្កឡើង​ដោយ​អ្នក​បើកបរ​រថយន្ត​ដឹក​ដី​បើកបរ​ក្នុង​ល្បឿនលឿន ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​រេ​ចង្កូត​ទៅ​បុក​លើ​រថយន្ត​ដឹក​កម្មករ​ ដែល​បើក​បរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ​បង្កឲ្យ​កម្មការិនី​ ២ នាក់​ ឈ្មោះ​យ៉ែម វណ្ណា ​និង​ឈ្មោះ​លន់​ ចន្ថា ​ព្រមទាំង​អ្នក​បើកបរ​រថយន្ត​បង្ក​ម្នាក់​ឈ្មោះ​ ម៉ម ពេជ្រ​សារ៉ាត់ ​ស្លាប់​នៅ​នឹង​កន្លែង ​ខណៈ ​កម្មករ-កម្មការិនី​ ៥០ នាក់​ទៀត បាន​រង​របួស​ធ្ងន់​និង​ស្រាល។

ស្វាមី​កម្មការិនី​រងគ្រោះ​ឈ្មោះ​ យ៉ែម វណ្ណា ​គឺ​លោក​ផា សុផន ​អាយុ​ ៣១ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ទួលទ្រា ​ឃុំ​រំចេក ​ស្រុកព្រះ​ស្ដេច​ ខេត្ត​ព្រៃវែង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថ្ងៃនេះ​ថា ​លោក​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ដាច់​ដោយឡែក​មួយ​តាមរយៈ​ម្ចាស់​រថយន្ត​ដឹក​កម្មករ​រងគ្រោះ ​ទៅ​កាន់​តុលាការ​ខេត្ត​កណ្ដាល ​ដើម្បី​ទាមទារ​សំណង​ជំងឹ​ចិត្ត​ពី​តំណាង​ភាគី​ក្រុម​ហ៊ុន​ឡាន​ដឹកដី​ ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក​ សុ ផន ​ដែល​អះអាងថា​ បាន​រៀបការ​ជាមួយ​ភរិយា​របស់​គាត់ ​តាំងពី​ឆ្នាំ ២០១២ ​និង​មាន​កូនស្រី​ ២ នាក់ ​និយាយ​ទៀត​ថា៖ «ខ្ញុំ​បាន​ប្ដឹង​តាមរយៈ​អាជ្ញាធរ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ម្ដង​ហើយ ​កាលពី​ព្រលប់​ថ្ងៃ​កើត​ហេតុ។ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ជាក់​លាក់​នោះ​ទេ»។

លោក​បន្ថែមថា៖ «នៅ​ពេល​នេះ​ខ្ញុំ​នឹង​ដាក់​ប្ដឹង​តាមរយៈ​ម្ចាស់​រថយន្ត​ដឹក​កម្មករ​រងគ្រោះ​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ៨០០០ ​ដុល្លារ ​ពី​តំណាង​ភាគី​ក្រុមហ៊ុន​ឡាន​ដឹកដី ​ដែល​បង្ក​គ្រោះថ្នាក់​នេះ»។

ស្រដៀង​គ្នានេះ​ អ្នក​ស្រី លន់ សម្បត្តិ ​អាយុ​ ៥៦ឆ្នាំ ​ដែល​ជា​បងស្រី​បង្កើត​របស់​កម្មការិនី​រងគ្រោះ​ឈ្មោះ ​លន់ ចាន់ ថា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​គាត់​កំពុង​ពិភាក្សា​ជាមួយ​បងប្អូន​ក្នុង​ការ​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥០០០ ​ដុល្លារ ​ពី​តំណាង​ភាគី​រថយន្ត​បង្ក​ផង​ដែរ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ដឹង​ថា​ អ្នក​បើក​រថយន្ត​ដឹកដី ​ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ក៏​បាន​ស្លាប់​ដែរ ​ប៉ុន្តែ​ខ្ញុំ​ចាំ​បាច់​ត្រូវតែ​ប្ដឹង​ទាមទារ​សំណង​ជំងឺចិត្ត ​ពី​តំណាង​ភាគី​អ្នក​បើក​រថយន្ត​បង្ក​នោះ​ចំនួន​ ៥០០០ ដុល្លារ ​ដើម្បី​យក​ប្រាក់​មក​ទុក​រៀបចំ​ពិធី​បុណ្យ​សព​ ១០០ ថ្ងៃ​ និង​ រៀបចំ​ធ្វើ​ចេតី​មួយ​សម្រាប់​ប្អូនស្រី​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​នោះ​ឲ្យ​បាន​សមរម្យ»។

អ្នកស្រី​បាន​ប្រាប់​ទៀត​ថា ​កាលពី​ថ្ងៃទី ២៦ ​ខែ​មិថុនា ​មន្ត្រី ​ប.ស.ស​ ខេត្ត​ព្រៃវែង ​បាននាំ​យក​ថវិកា​ចំនួន​ ៤ ​លានរៀល​មក​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដើម្បី​រៀបចំ​ពិធីបុណ្យ​បូជា​សព​ឲ្យ​ប្អូនស្រី​របស់​គាត់។

ជុំវិញ​ករណី​នេះ ​លោក​វាសនា ជីវី ​អនុប្រធាន​សាខា​ ប.ស.ស.​ ខេត្ត​ព្រៃវែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​ក្រៅពី​ចុះ​សួរ​សុខទុក្ខ​កម្មការិនី​រងគ្រោះ ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នកលឿង ​ក្រុម​ការងារ​របស់​លោក​ក៏បាន​ចុះសួរ​សុខ​ទុក្ខ​និង​នាំ​យក​ថវិកា ​ដែលជា​របប​គោល​នយោបាយ​របស់ ​ប.ស.ស.​ ទៅ​ផ្ដល់ជូន​ក្រុម​គ្រួសារ​កម្មការិនី​ទាំង ២ ​នាក់​ដែល​បាន​ស្លាប់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ផងដែរ ​ដោយ​ក្នុង​មួយ​គ្រួសារ ​ទទួល​បាន​ ៤ លាន​រៀល។

លោក​បញ្ជាក់​ថា​៖«ក្រៅពី​ថវិកា​សម្រាប់​ឧបត្ថម្ភ​ក្នុង​ពិធីបុណ្យ​សព​ ៤ លាន​រៀល​ក្នុង​មួយ​គ្រួសារ​នេះ ​ក្រុម​ការងារ​យើង​ក៏​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ទៅលើ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ ​ត្រូវទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ទៀត ​ពី ប.ស.ស.»។

បើ​តាម​លោក​ជីវី ​ប.ស.ស. ​មាន​កាតព្វកិច្ច​ផ្ដល់​របប​គោល​នយោបាយ​ជាថវិកា​ប្រចាំខែ​មួយ​ចំនួន ​ដើម្បី​ជួយ​ចិញ្ចឹម​កូន​ស្រី ២ ​នាក់​របស់​ជន​រងគ្រោះ​ឈ្មោះ ​យ៉ែម វណ្ណា ​រហូត​ដល់​អាយុ​ ២១ឆ្នាំ ​បើទោះជា​ឪពុក​ម្ដាយ​របស់​ពួកគេ​មិន​បានចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ក្ដី ​ ខណៈ​ពេលនេះ​ក្មេងស្រី​ទាំង ២ ​នោះ​ម្នាក់​មាន​អាយុ​ ៩ ​ឆ្នាំ ​និង​ម្នាក់​ទៀត​អាយុ​ ៣ ​ឆ្នាំ៕