
អ្នកស្រីឡុង គឹមហ៊ាង (ស្តាំ) ភរិយាលោករ័ត្នមុនី និងអ្នកគាំទ្រតវ៉ា ពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមគ្រួសារ និងអ្នកគាំទ្រលោករ៉ាត់ រ័ត្នមុនី ដែលជាជនជាប់ចោទត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងការផលិតភាពយន្ដ «ម្តាយខ្ញុំ លក់ខ្ញុំ» កាលពីម្សិលមិញ បានប្រមូលផ្តុំគ្នាជាង ១០ នាក់ នៅមុខស្ថានទូតរុស្ស៊ី តវ៉ាសុំឲ្យទូតរុស្ស៊ីអន្ដរាគមន៍ដោះលែងសមាជិកគ្រួសារពួកគាត់ ដែលត្រូវជាប្តី ដោយពួកគាត់អះអាងថា លោក រ័ត្នមុនី មិនមានកំហុសនោះទេ។
អ្នកស្រី ឡុង គឹមហ៊ាង ត្រូវជាប្រពន្ធរបស់លោករ៉ាត់ រ័ត្នមុនី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ខណៈកំពុងតវ៉ាសុំអន្ដរាគមន៍នៅមុខស្ថានទូតរុស្ស៊ី ម្សិលមិញនេះថា ការតវ៉ាលើកនេះ គឺជាការតវ៉ាលើកទី ៣ ហើយ ដើម្បីឲ្យស្ថានទូតរុស្ស៊ីអន្ដរាគមន៍ដោះលែងប្ដីរបស់គាត់ ហើយបើស្ថានទូតមិនមានអន្ដរាគមន៍ ពួកគាត់នឹងបន្ដការតវ៉ាជារៀងរាល់សប្ដាហ៍។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំតវ៉ាចង់ឲ្យស្ថានទូតរុស្ស៊ីមានអន្ដរាគមន៍ដោះលែងប្ដីរបស់ខ្ញុំចេញពីពន្ធនាគារវិញ។ ទោះបីយើងដឹងថា រដ្ឋាភិបាលរុស្ស៊ីកុម្មុយនីស្ត ពួកគេមិនសូវខ្វល់ខ្វាយពីពលរដ្ឋ ប៉ុន្ដែយើងនៅតែមកតវ៉ាទាមទារ ព្រោះតែកាសែតរុស្ស៊ី (RT) គេមានវិជ្ជាជីវៈរបស់គេ ហើយបានផ្សាយពីការរកស៊ីផ្លូវភេទនៅកម្ពុជា អ៊ីចឹងរដ្ឋាភិបាលរុស្ស៊ីគួរតែមានកាតព្វកិច្ចធ្វើយ៉ាងណាឲ្យកាសែត RT អាចមានការផ្សាយរបស់គេឲ្យបានត្រឹមត្រូវ ប៉ុន្ដែកាសែតរុស្ស៊ីនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់អ្នកបកប្រែ អ្នកសម្របសម្រួលកាសែតនោះដាក់គុក» ។
អ្នកស្រីថា៖ «អ៊ីចឹងរដ្ឋាភិបាលរុស្ស៊ីត្រូវតែមានការអន្ដរាគមន៍ឲ្យមានការដោះលែងអ្នកបកប្រែនោះចេញពីពន្ធនាគារវិញ ពីព្រោះវាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលរុស្ស៊ី។ រុស្ស៊ីត្រូវតែជឿ និងធានាថា កាសែតរុស្ស៊ី RT នោះពិតជាបានធ្វើការងាររបស់ខ្លួនដ៏ត្រឹមត្រូវ ដែលប្រកបដោយវិជ្ជាជីវៈ ព្រោះរឿងនេះពួកគេអត់បានខុសទេ គេបានផលិតរឿងស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជាហ្នឹងគឺមិនមានការបង្ខំ ឬក្លែងក្លាយទេ។ អ៊ីចឹងរដ្ឋាភិបាលរុស្ស៊ី ត្រូវអន្តរាគមន៍ឲ្យមានការដោះលែងប្ដីខ្ញុំ ហើយទោះបីជាយ៉ាងណាខ្ញុំនៅតែតវ៉ាទាមទារបន្ដទៀត»។
អ្នកស្រី អ៊ីម ទូច អតីតតំណាងសហគមន៍ដីធ្លីបឹងកក់ ដែលមកចូលរួមតវ៉ាទាមទារឲ្យមានការដោះលែងលោក រ័ត្នមុនី កាលពីម្សិលមិញដែរនោះ និយាយថា រដ្ឋាភិបាលរុស្ស៊ីត្រូវតែមានកិច្ចអន្ដរាគមន៍ឲ្យមានការដោះលែងលោក រ័ត្នមុនី ព្រោះរឿងនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលរុស្ស៊ី។
អ្នកស្រីបន្តថា៖ «ពួកយើងសង្ឃឹមថា គាត់ប្រាកដជាធ្វើអន្ដរាគមន៍ ជួយដោះលែងលោក រ័ត្នមុនី ព្រោះថា រឿងនេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលរុស្ស៊ី ព្រោះលោករ័ត្នមុនីគាត់គ្រាន់តែជាអ្នកបកប្រែទេ គាត់ជាប់ឃុំរាល់ថ្ងៃនេះយើងឃើញថា គាត់មានភាពអយុត្ដិធម៌ណាស់»។
អ្នកស្រីបន្ថែមថា៖ «កាសែត RT គឺជាកាសែតរបស់រដ្ឋាភិបាលរុស្ស៊ី អ៊ីចឹងរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ ទូតរុស្ស៊ីត្រូវតែមានកិច្ចអន្ដរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជាឲ្យមានការដោះលែងលោករ័ត្នមុនីឆាប់»។
បើតាមអ្នកស្រី ឡុង គឹមហ៊ាង បានឲ្យដឹងថា លោក រ៉ាត់ រ័ត្នមុនី ដែលបានគេចខ្លួនទៅប្រទេសថៃត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រោយពេលលោកត្រូវបានធ្វើបត្យាប័ននាំពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ។
អ្នកស្រីបញ្ជាក់ថា ប្ដីរបស់អ្នកស្រីត្រូវបានគេចោទថា ជាមនុស្សម្នាក់ពាក់ព័ន្ធទៅនឹងការផលិតភាពយន្តឯកសារនិយាយ អំពីការលក់ព្រហ្មចារីយ៍ដែលមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ»។ ភាពយន្តឯកសារនេះបានផលិតដោយទូរទស្សន៍រុស្ស៊ី RT ហើយបានចេញផ្សាយកាលពីខែតុលា ឆ្នាំ ២០១៨ កន្លងទៅ។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យ និងមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ ស្ថានភាពទូទៅ ស្ថានភាពសង្គមនិងនយោបាយ នៃសមាគមអាដហុក បានថ្លែងថា ករណីរបស់លោករ័ត្នមុនី គឺជារឿងដ៏សំខាន់ដែលត្រូវមានការទទួលខុសត្រូវពីរដ្ឋាភិបាលរុស្ស៊ី។
លោកបន្ដថា៖ «សារព័ត៌មាន RT សារព័ត៌មានរបស់សហភាពរុស្ស៊ី ដោយសារធ្វើការចេញផ្សាយ និងជាអ្នកមានសិទ្ធិក្នុងការរៀបចំ ខ្លឹមសារ អត្ថន័យ រូបភាពទាំងអស់ដោយសារព័ត៌មានហ្នឹង។ ដូច្នេះហើយស្ថានទូត ក៏ដូចជារដ្ឋាភិបាលរុស្ស៊ី ហ្នឹងមានចំណែកក្នុងការ ទទួលខុសត្រូវចំពោះបញ្ហារបស់លោករ័ត្នមុនី ព្រោះលោកគ្រាន់តែ ជាអ្នកដែលជួយសម្របសម្រួលក្នុងការបកប្រែ ដល់អ្នកសារព័ត៌មានរុស្ស៊ីនោះប៉ុណ្ណោះ»។
លោកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា លោករ័ត្នមុនី មិនទាន់ក្លាយជាជនជាប់ទោសនៅឡើយទេ។ លោកបន្ដថា៖ «នេះជាសិទ្ធិរបស់តុលាការ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងទេ ហើយគាត់នៅជាជនសង្ស័យ អ៊ីចឹងឲ្យគាត់ទៅរកមេធាវី ដើម្បីដោះបន្ទុកនោះទៅ» ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ ថ្លែងថា ការតវ៉ារបស់ក្រុមគ្រួសារគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្ដែជាគោលការណ៍ច្បាប់ មិនមានស្ថាប័នណា ឬក៏អង្គទូតណាជ្រៀតជ្រែកទៅនឹងកិច្ចការរបស់តុលាការបានទេ។
លោកបន្ដថា៖ «ការឃុំ ឬមិនឃុំ ការចោទប្រកាន់ ឬក៏ទម្លាក់បទចោទ ការសម្រេចថា មានទោសឬមិនមានទោស គឺជាសមត្ថកិច្ចរបស់តុលាការ ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងលទ្ធផលនៃការស៊ើបអង្កេត។ អ៊ីចឹងមធ្យោបាយដើម្បីជួយគាត់មានតែម្យ៉ាងទេគឺចូលរួមជាមួយនីតិវិធីរបស់តុលាការ តាមផ្លូវច្បាប់»។
នាងកែវ ម៉ាឡៃ ម្តាយក្មេងស្រី និងជាតួអង្គសម្ដែងជាម្ដាយមិនអាចទាក់ទងសុំការបកស្រាយបានទេពីម្សិលមិញ៕