ភ្នំពេញៈ ជនសង្ស័យសរុបចំនួន ៣៦ នាក់ ដែលត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់បង្ក្រាបនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទាក់ទងនឹងការចាប់ជំរិតតាមប្រព័ន្ធអ៊ិនធឺណែត កំពុងស្ថិតក្នុងការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ នឹងត្រៀមបញ្ជូនទៅកាន់តុលាការនាថ្ងៃស្អែកនេះ។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគេ នឹងត្រូវបញ្ជូនទៅតុលាការស្អែកនេះ។
ជនសង្ស័យទាំង ៣៦ នាក់ មានជនជាតិថៃ ២៦ នាក់ ជនជាតិចិនតៃវ៉ាន់ ៦ នាក់ និងជនជាតិខ្មែរ ៤ នាក់ ត្រូវបានកម្លាំងបង្ក្រាបនៅទីតាំង ២ កន្លែង ក្នុងរាជធានីភ្នំពេញ និង ១ កន្លែង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨។
កងរាជអាវុធហត្ថ ក៏កំពុងតាមស្វែងរក ប្តីប្រពន្ធ ២ នាក់ ជាជនជាតិចិនតៃវ៉ាន់ ដែលជាមេក្លោងនៃក្រុមចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណែត នេះផងដែរ ព្រោះពួកគេ មានដីកាតាមចាប់ខ្លួនពីប្រទេសថៃ៕