មណ្ឌលគិរីៈ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​បដិសេធ​ចំពោះ​ការបោះបង្គោល និង​ការវាស់វែង​ព្រំប្រទល់​ដី​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​របស់​មន្ត្រីខេត្ត​នេះ​កាលពី​ដើម​ខែធ្នូ ដោយ​ពួកគេ​យល់​ថា មិនមាន​ភាពត្រឹមត្រូវ ប៉ុន្តែ​មន្ត្រីខេត្ត​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ទេ​។

តាមញត្តិ​របស់​តំណាង​ជនជាតិ​ដើម​ភាគតិច​ ៣ ​ច្បាប់​ដែល​ ១ ​ច្បាប់​បាន​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ ២ ​ច្បាប់​ដាក់​ជូន​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​ចុះ​ថ្ងៃទី​ ១១ ធ្នូ បាន​លើកឡើង​ថា ការដែល​ពួកគេ​បដិសេធ​នេះ ដោយសារ​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំនេះ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​បាន​ចុះ​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត​ដើម្បី​កំណត់ និង​វាស់វែង​ព្រំប្រទល់​នៅ​ទីតាំង​មជ្ឈមណ្ឌល​។ ប៉ុន្តែ​បែរជា​ឆ្វៀល​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ចេញ​នៅត្រង់​ផ្លូវ និង​ចង្កេះភ្នំ​ដែលជា​ទីតាំង​របស់​បុគ្គល​ឯកជន មន្ទីរ​ចំនួន ​៣ និង​ក្រុមហ៊ុន​ដែល​បាន​ទន្ទ្រាន​យក​។

ញត្តិ​នោះ​បញ្ជាក់ថា​៖ «​សមាជិក​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច សូម​ប្រកាស​គោលជំហរ​មិន​ឯកភាព​ដាច់ខាត​លើ​លទ្ធផល​នៃ​ការវាស់វែង​ដី​របស់​មន្ត្រី​ជំនាញ​ត្រង់​ទីតាំង​មួយ​ចំនួន​ចាប់ពី​ទីតាំង​បង្គោលព្រំ​លេខ​ ៤២ រហូតដល់​លេខ​ ៥០ នៅត្រង់​ចង្កេះភ្នំ ដោយសារ​មន្ត្រី​ជំនាញ​មិន​បាន​ធ្វើ​កំណត់ និង​វាស់វែង​ដី និង​ដាក់​បង្គោលព្រំ​ការពារ​ដី​មជ្ឈមណ្ឌល​ទាំងស្រុង​»​។

បើតាម​ញត្តិ​ដដែល​ទីតាំង​ដែល​មិនបាន​កំណត់​ត្រឹមត្រូវ​នោះ​រួមមាន ទីតាំង​ដី​ផ្ទះ​ឈ្មោះ​ យាយ ម៉ៅ ទីតាំង​ដី​ផ្ទះ​លោក​មេធាវី ឈាង មករា ទីតាំង​ដីមន្ទីរ និង​គ្រឹះស្ថាន ដូចជា មន្ទីរឧស្សាហកម្ម និង​សិប្បកម្ម មន្ទីរ​មុខងារ​សាធារណៈ គ្រឹះស្ថាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​រ៉ែ និង​ថាមពល និង​ប្រេងកាត​ដែល​ទីតាំង​ទាំងនេះ​ត្រូវ​បាន​និរាករណ៍​អស់ហើយ និង​ទីតាំង​ដី​ក្រុមហ៊ុន​គីម៉ិចខនស្ត្រាក់សិន​។

លោក គ្រើន តុលា តំណាង ជនជាតិដើម​ភាគតិច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទីតាំង​​ដី​ខាងលើ​មាន​ទំហំ​ប្រមាណ​ ៥ ហិកតា​ដែល​ជា​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​។ ប៉ុន្តែ​មន្ត្រី​ចុះ​វាស់វែង មិនបាន​កំណត់ និង​បោះ​បង្គោលព្រំ​នោះ​ទេ ដោយបាន​អនុញ្ញាត​ឲ្យ​ពួកគេ​បន្តកាន់កាប់​ទាំង​ខុសច្បាប់​ដដែល ហើយ​ក៏​មិនបាន​កំណត់​ឲ្យ​គ្រប់​ ១០២ ​ហិកតា​តាម​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ​។

លោក​ថា​៖ «​សូមមេត្តា​ពិនិត្យមើល​លទ្ធផល​នៃ​ការកំណត់​ និង​វាស់វែង​នេះ និង​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បន្តទៅ​សម្តេច​អគ្គសេនាបតី​តេជោ​ ហ៊ុន សែន ឲ្យ​ដកហូត​ដី​ទាំងនេះ​ត្រឡប់​មក​ធ្វើ​កម្មសិទិ្ធ​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​យើង​វិញ ជាពិសេស​ទុក​សម្រាប់​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​ខាង​តែ​បាន​»​។

លោក សុខ សេរ៉ា មន្ត្រី​នាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​បាន​ទទួល​ញត្តិ​របស់​ជនជាតិ​ដើម​ភាគតិច​នេះហើយ​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​អះអាង​ថា ការកំណត់ និង​បោះបង្គោល​ព្រំប្រទល់​ដី​នៃ​មជ្ឈមណ្ឌល​វប្ប្ធម៌​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ ដូច្នេះ​លទ្ធផល​យ៉ាងណា​មិនទាន់​បាន​សម្រេច​នៅឡើយ​ទេ​។

លោក​ថា​៖ «​មិនទាន់​ដឹង​លទ្ធផល​យ៉ាងម៉េច​នៅឡើយ​ទេ ព្រោះ​ការកំណត់ GPS ​នេះ​គឺ​បោះ​យក​ចំណុច​គោល​សិន ហើយ​បាន​គេ​យក​ទៅ​ផលិត​ជា​ផែនទី ហើយ​បាន​យក​ពិភាក្សា​គ្នា​សា​ឡើងវិញ​បន្តទៀត​។ ដល់​​ពេល​គាត់​ឃើញ​យើង​បោះ​អ៊ីចឹង​ថា​យើង​ធ្វើ​ខុស​ធ្វើ​អី​។ ​ជា​រឿង​សិទ្ធិ​របស់គាត់ ប៉ុន្តែ​នៅពេល​​ធ្វើ​ហើយ យើង​នឹង​ហៅ​ភាគី​ទាំងសងខាង​មក​ប្រជុំ​ជជែក​ពិភាក្សា តើ​សម្រេច​យ៉ាងម៉េច​យ៉ាង​ម៉ា យើង​មិនទាន់​ដឹង​ទេ ព្រោះ​កំពុង​ធ្វើការ​នៅឡើយ​»​។

ក្រៅពី​នេះ​លោក សុខ សេរ៉ា ក៏បាន​អះអាង​ដែរ​ថា ចំពោះ​ការកំណត់​យក​តាម​ផែនទី​លើ​ទំហំ​ដី​ជាង​ ៨៥ ​ហិកតា ​ដែល​ផ្ទុយ​ពី​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ក៏​ព្រោះ​តែ​ទំហំ​ ១០២ ​ហិកតា​ ដែល​បាន​កំណត់​ពីមុន បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​មាន​លំនៅ​​ជាយូរ​មក​ហើយ​នៅ​ជុំវិញ​ភ្នំ​ដោះ​ក្រមុំ​នេះ ហើយ​ដើម្បី​កុំឲ្យ​មាន​ជម្លោះ អាជ្ញាធរ​ក៏​សម្រេច​​កាត់​ជូន​ពលរដ្ឋ​។

ទោះ​ជា​យ៉ាងណា​លោក​បាន​បញ្ជាក់ថា នៅពេល​នីតិវិធី​នៃ​ការកំណត់​ព្រំ និង​បោះបង្គោល​ចប់​រួចរាល់ អាជ្ញាធរខេត្ត​នឹង​កសាង​ផ្លូវ​ព័ទ្ធជុំវិញ​តាម​ព្រំ​ទាំងនេះ ដើម្បី​បង្ការ​ការរំលោភបំពាន​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​ជាថ្មីទៀត​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​នឹង​បន្ត​​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​ទាំងនេះ ព្រោះ​​ក្រសួង​បាន​ចូលរួម​ក្នុង​ការការពារ​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​នេះ​បាន​នៅ​គង់វង្ស​៕