ភ្នំពេញៈ មនុស្សចំនួន ៩ នាក់ ​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ចន​គរបាល​ខណ្ឌ​ដង្កោ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ភូមិ តាឡី សង្កាត់-ខណ្ឌ ដង្កោ​ រាជធានី​ភ្នំពេញ​ជាមួយ​វត្ថុតាង ដាវ​សាមូរ៉ៃ រួម​នឹង​ប្រដាប់​កាច់​សោ ក ម៉ូតូ មួយ​ចំនួន​ទៀត។

លោកវរសេនីយ៍ឯកជឹមស៊ីថា​អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា​សមត្ថកិច្ច​របស់​លោក​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បាន ៩ នាក់ ​ដែល​ក្រុម​នេះ​តែង​បង្ក​បទល្មើស​គ្រប់​ប្រភេទ ហើយ​ក៏ជា​ក្រុម​ប្រើប្រាស់​គ្រឿង​ញៀ​នផងដែរ ។

លោកបាន​បញ្ជាក់​ថា៖ «ក្រុម​នេះដើរ​បង្ក​បទល្មើស​មិន​រើស​មុខ​ទេ មាន​ទាំង​កាច់​កម៉ូតូ ប្លន់​ប្រើ​ដាវ​និង​អ្នក​ប្រើ​គ្រឿង​ញៀន​ផង។ ឥឡូវ​នេះ សមត្ថកិច្ច​របស់​ខ្ញុំ​កំពុង​សួរ​ចម្លើយ​ពួកគេ»។

លោកបានឲ្យដឹងថាប្រតិបត្តិការបង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២៤ ខែ ​មិថុនា នៅ​ផ្លូវ​បេតុង ភូមិ​តាឡី​ខាងលិច ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស ស្រី​ចំនួន ៩ នាក់ ដក​ហូត​ម៉ូតូ ៧ គ្រឿង​ និង​វត្ថុតាង​មួយ​ចំនួន​ទៀត។

លោក ជឹម ស៊ីថា បានបញ្ជាក់ដែរថា មុនមាន​ការ​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ខាងលើ កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ស៊ើបអង្កេត​ដោយ​ទទួល​ព័ត៌មាន​ថា ក្រុម​ទាំង​នេះ កំពុង​លួច សំងំ​ដោះដូរ​គ្រឿង​ម៉ូតូ ដែល​ពួកគេ​វាយ​ប្លន់​បាន​ពី​អ្នកដំណើរ។

លោកបានបន្តថា ក្រោយ​ចាប់​ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​របស់​លោក​បាន​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​កន្លង​មក បាន ៩ គ្រឿង និង​គ្រឿង​បន្លាស់​ម៉ូតូ​ជាច្រើន ព្រមទាំង​បាន​រកឃើញ​ដាវ​សាមូរ៉ៃ ៣ ដើម ថ្នាំ​ញៀន​មួយ​ចំនួន និង​សម្ភារ​សម្រាប់​ជក់​គ្រឿង​ញៀន​ផងដែរ។

លោកបានប្រាប់ថា ក្រុម​ជន​សង្ស័យ​ទាំង​នោះ​មាន​អាយុ​ចន្លោះ​ពី​ជាង ២០ ឆ្នាំ ​ដល់​ក្រោម ៤០ ឆ្នាំ ហើយ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​ ដើម្បី​កសាងសំណុំ​រឿង​បញ្ជូនទៅ​តុលាការចាត់ការតាមផ្លូវ​ច្បាប់ ៕