ភ្នំពេញៈ ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​រៀបចំ​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​បាន​កំពុង​រៀបចំ​បង្កើត ក្រុមហ៊ុន​ជាតិ​ចម្រុះ​រវាង​រដ្ឋ និង​ឯកជន សម្រាប់​គ្រប់គ្រង​ថ្នាល​ទូរទស្សន៍ ឌីជីថល​ជាតិ​ដោយ​ផ្លាស់ប្តូរ​ការផ្សាយ​ទូរទស្សន៍​ពី​ប្រព័ន្ធ​អាណាឡូក​ទៅ​ជា​ប្រព័ន្ធ​ឌីជីថល​។ នេះ​បើតាម​លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​។

ក្រុមការងារ​អន្តរក្រសួង​នៅ​ថ្ងៃទី​ ២៥ ខែឧសភា បាន​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ចំពោះ​កិច្ច​សម្រាប់​ការរៀបចំ​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ការរៀបចំ​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ ដោយ​មាន​ការចូលរួម​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រួម​នឹង​ក្រុមការងារ​បច្ចេកទេស​មួយចំនួនទៀត​។

លោក ផុស សុវណ្ណ ថ្លែងថា​៖ «​តាមរយៈ​កិច្ចប្រជុំ ក្រុម​ការងារ​អន្តរក្រសួង កំពុង​រៀបចំ​ដោះស្រាយ​លើ​បញ្ហា​គោលនយោបាយ គោលការណ៍​សម្រាប់​អនុវត្ដ​ចំពោះ​ការប្ដូរ​ការផ្សាយ​ពី​ប្រព័ន្ធ​អាណាឡូក​ទៅជា​ប្រព័ន្ធ​ឌីជីថល​នេះ​»​។

លោក ផុស សុវណ្ណ បានឱ្យដឹងថា កន្លង​ទៅ​នេះ​មាន​ក្រុមហ៊ុន​ទូរទស្សន៍​វិស័យ​ឯកជន​ចំនួន​ ៣ ដែល​បាន​ចងសម្ព័ន្ធ​​ជាមួយ​គ្នា ពួកគាត់​មានបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដូច្នេះ​ក្រុមការងារ​បច្ចេកទេស​ត្រូវ​គិតគូរ​លើ​គោលនយោបាយ​ក្នុងការ​រៀបចំ​បង្កើត​ក្រុមហ៊ុន​ជាតិ​ចម្រុះ​រវាង​រដ្ឋ និង​ឯកជន សម្រាប់​គ្រប់គ្រង​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​នេះ​។

លោក​ថា​៖ «​យើង​កំពុង​ស្នើសុំ​គោលការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ផ្ដល់​អនុសាសន៍​សម្រេច​លើ​គោលនយោបាយ​»​។ ការរៀបចំ​បង្កើត​ប្រព័ន្ធ​ទូរទស្សន៍​ឌីជីថល​នេះ ក្រសួង​រំពឹងថា អាច​នឹង​បញ្ចប់​អំឡុង​ឆ្នាំ​ ២០២៥៕