ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកជាបានការ និងបិទផ្លូវតវ៉ាជុំវិញបណ្តឹងឱ្យមានការលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២០ ដែលប្ដឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា មូលហេតុនៃការច្រានចោលនេះ ដោយសារតែដើមបណ្តឹងមិនបានចូលរួមស្តាប់នៅក្នុងសវនាការលើកទី ២ ដែលស្មើនឹងបោះបង់ចោលសិទ្ធិទាមទារ។
លោក វិចិត្រអក្ខរា ថ្លែងថាក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងពី LDP មានចំនួន ៩៥ បណ្តឹងឱ្យមានការលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោត ដែលរហូតមកដល់ពេលនេះបានដោះស្រាយបានចំនួន ២ លើក ហើយនៅសល់ពីនេះនឹងត្រូវបើកសវនាការដោះស្រាយបន្តនៅថ្ងៃទី ២៥ ខែធ្នូ។ នៅក្នុងនីវិធីនៃការជំនុំជម្រះចំពោះមុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បើភាគីដើមបណ្តឹងមិនបានចូលរួម នីតិវិធីនៅតែដំណើរការជាធម្មតាដោយមិនមានការផ្អាកនោះទេ ហើយការចូល ឬមិនចូលរបស់ភាគីដើមបណ្តឹងគឺជាសិទ្ធិរបស់គេ ។
លោក អ៊ី សាំងឡេង អ្នកនាំពាក្យ LDP បានឱ្យដឹងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទាំង ២ លើនេះមិនមានយុតិ្តធម៌សម្រាប់ LDP នោះទេ បើទោះក្រុមប្រឹក្សាធម្មនុញ្ញនេះបានអះអាងថា មានលក្ខណៈត្រឹមត្រូវក៏ដោយ ប៉ុន្តែនីតិវិធីក្នុងការដោះស្រាយមិនមានយុត្តិធម៌ និងតមា្លភាព ព្រោះមិនមានការផ្សាយផ្ទាល់ឱ្យពលរដ្ឋបានដឹង។
លោកបន្តថា៖ «រឿងទាំងអស់នេះគឺជារឿងសម្រាប់សាធារណជនដែលត្រូវដឹង មិនមែនរឿងឯកជនដែលដឹងនោះទេ ព្រោះជារឿងប្រទេសជាតិ»។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជា (NICFEC) ថ្លែងថា សវនាការនេះហាក់ធ្វើឡើងនៅក្នុងរយៈពេលខ្លី និងការសាកសួរក៏មានពេលវេលាខ្លីផងដែរដែលធ្វើឲ្យភាគីដើមបណ្តឹងមានការមិនពេញចិត្ត។
លោកថ្លែងថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញគួរតែផ្តល់ឱកាស និងពេលវេលាឱ្យបានច្រើន និងស្មើគ្នាដល់ភាគីទាំង ២ ជាពិសេសទុកឱកាសឱ្យដើមបណ្តឹងបង្ហាញភ័ស្តុតាង និងមួយវិញទៀត សេចក្តីសម្រេចហាក់បីដូចជាលឿនពេក ដូចជាសវនាការគ្រោងទុក»។
លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញមានភាពជឿជាក់លើសេចក្តីសម្រេចរបស់ គ.ជ.ប ដោយផ្អែកទៅលើច្បាប់ជាធរមាន។
លោក សូរិដា ថ្លែងថា បន្ទាប់ពីបញ្ចប់ការដោះស្រាយបណ្តឹងតវ៉ាពីសំណាក់ក្រុមប្រឹក្សាធម្មនុញ្ញ និងផ្ទៀងផ្ទាត់គ្រប់ជ្រុងជ្រោយ គ.ជ.ប នឹងត្រូវរៀបចំបញ្ជីបោះឆ្នោតដើម្បីផ្តល់សុពលភាពដល់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២០ និង ចាត់ទុកជាបានការ និងចុងក្រោយហើយនឹងត្រូវបិទផ្សាយនៅថ្ងៃទី ៣១ ខែធ្នូ នេះ៕