រតនគិរីៈ អភិបាលស្រុកវើនសៃលោក ហេង សាវឿន បានអះអាងថាកាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋបាលព្រៃឈើស្រុក និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យទីតាំងដីមួយកន្លែងស្ថិតក្នុងភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ខណៈទីតាំងនោះត្រូវបានគេរាយការណ៍ថា មានសកម្មភាពឈូសឆាយដីព្រៃរដ្ឋ ដោយមានការឃុបឃិតគ្នារវាងក្រុមហ៊ុនឯកជនជាមួយអាជ្ញាធរស្រុក។
លោក ហេង សាវឿន ប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា៖ «ខ្ញុំបញ្ជាឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងគណៈបញ្ជាការឯកភាពស្រុកចុះទៅហើយនៅថ្ងៃស្អែកនេះ (ថ្ងៃទី ៣ ខែសីហា)។ ប៉ុន្តែយើងមិនដឹងថាមានការឈូសឆាយដីព្រៃមែនឬយ៉ាងណា អាហ្នឹងទាល់តែមន្ត្រីចុះទៅមើលសិន»។
ការលើកឡើងនេះបន្ទាប់ពីសារព័ត៌មានហ្វ្រេសញូវបានចុះផ្សាយកាលពីថ្ងៃចន្ទថា ដីព្រៃបម្រុងទុករបស់រដ្ឋសម្បូរទៅដោយដើមឈើមានតម្លៃស្ថិតក្នុងភូមិទៀមក្រោមត្រូវបានក្រុមហ៊ុនឈ្មោះ ហេង ដារ៉ា ឃុបឃិតគ្នាជាមួយមន្ត្រីក្នុងរដ្ឋបាលស្រុកវើនសៃបានប្រើគ្រឿងចក្រចំនួន ៣ គ្រឿងឈូសឆាយទន្ទ្រានយកអស់ជាច្រើនរយហិកតា។ សកម្មភាពឈូសឆាយនេះបានកើតឡើងអស់ជាច្រើនខែ ប៉ុន្តែគ្មានអាជ្ញាធរចុះទប់ស្កាត់ឡើយ។
សារព័ត៌មាននេះបានចុះផ្សាយស្រង់ប្រភពមិនបញ្ជាក់ឈ្មោះថា «សកម្មភាពនេះគឺចាប់ផ្ដើមក្នុងរយៈពេល ២-៤ ខែមកហើយគិតមកដល់ពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៩ ហើយសកម្មភាពនេះត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅចុងខែសីហានេះ»។
ទោះបីជាយ៉ាងណាលោក ហេង សាវឿន អភិបាលស្រុកវើនសៃបានបដិសេធការចុះផ្សាយដែលចោទថាអាជ្ញាធរស្រុកឃុបឃិតជាមួយក្រុមហ៊ុនបំផ្លាញដីព្រៃរដ្ឋ។ លោកបញ្ជាក់ថារូបភាពដែលសារព័ត៌មាននេះយកមកបង្ហោះអំពីគ្រឿងចក្រឈូសដីផ្ដួលរលំដើមឈើគឺជារូបភាពចាស់។
លោកបន្តថាទីតាំងដែលមានការរាយការណ៍អំពីការឈូសឆាយនេះគឺមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីថ្នល់ជាតិ ហើយកន្លងមកគឺជាដីចម្ការរបស់កសិករជនជាតិដើមសម្រាប់ដាំដើមចន្ទី និងមិនមែនជាដីក្រុមហ៊ុន ឬដីព្រៃឡើយ។ គ្រឿងចក្រទាំងនោះអាចជារបស់ពលរដ្ឋដែលមានជីវភាពធូរធារ ប្រើប្រាស់សម្រាប់ឈូសឆាយកន្លែងដីទួលក្នុងចម្ការប៉ុណ្ណោះ។
លោក សាវឿន បញ្ជាក់ថា៖ «ពាក់ព័ន្ធថាមានការឈូសឆាយរាប់រយហិកតានេះ គឺគ្មានទេគឺមានអ្នកណាដែលថ្លើមធំឱ្យធ្វើដល់ប៉ុណ្ណឹងនោះ»។
ចំណែកលោក យឹម ផែន អភិបាលរងខេត្តរតនគិរីបានប្រាប់ដែរថា លោកបានទទួលបានព័ត៌មានថា មានការឈូសឆាយដីព្រៃក្នុងភូមិទៀមក្រោមនេះយូរមកហើយ និងធ្លាប់ឱ្យមន្ត្រីខាងមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធចុះទៅស្រាវជ្រាវទីតាំងនេះកាលពីកន្លះខែមុនដែរ ប៉ុន្តែមកទល់ពេលនេះលោកពុំទាន់ទទួលបានការឆ្លើយតបណាមួយពីមន្ត្រីទាំងនោះនៅឡើយទេ។
លោក យឹម ផែន បានថ្លែងថា៖ «ខ្ញុំបានឱ្យបងសូណា (ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី) ចុះទៅពិនិត្យមើលថាយ៉ាងម៉េច?»។
លោកអភិបាលខេត្តរងរូបនេះបញ្ជាក់ថា ប្រសិនបើអាជ្ញាធរស្រុកចុះពិនិត្យទីតាំងនោះ ហើយរកឃើញថាមានការរំលោភដីព្រៃមែនគឺអ្នកប្រព្រឹត្តនឹងត្រូវស៊ើបអង្កេតវែកមុខយកមកប្រឈមចំពោះមុខច្បាប់។ ប្រសិនបើដីនោះជាដីរដ្ឋត្រូវដកមកវិញ និងប្រសិនបើជាដីសហគមន៍ត្រូវប្រគល់ឱ្យសហគមន៍គ្រប់គ្រងវិញ។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបំភ្លឺពីលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានទេដោយសារលោកជាប់ប្រជុំ៕