ភ្នំពេញៈ មេធាវី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ អំពី​ការ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ តំណាង​ភាគី​បរទេស​គឺ​សហរដ្ឋ​អាមេរិក​នៅក្នុង​សំណុំ​រឿង ​«​ក្បត់ជាតិ​» ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​។

យោង​តាម​ពាក្យ​ស្នើសុំ​ឲ្យ​​បំពេញ​កិច្ច​របស់​ក្រុម​មេធាវី ដែល​បាន​ដាក់​ជូន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ពាក់​កណ្តាល​ខែ​មករា​បាន​ស្នើ​ឲ្យ​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​សាកសួរ​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដោយ​លើក​ឡើង​ថា​៖ «​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​មក​លើ​ឯកឧត្តម កឹម សុខា ថា​បាន​ធ្វើ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ដោយ​ក្នុង​នោះ​ចៅក្រម​ស៊ើបសួរ​តែង​ដេញ​ដោល​អំពី​អង្គហេតុ​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​ផង​ដែរ​»​។

លោក ផែង ហេង មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក​បាន​ទទួល​លិខិត​ឆ្លើយតប​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មក​វិញ​កាលពី​ថ្ងៃ​ពុធ ទី​ ៧ ខែ​កុម្ភៈ ដោយ​បាន​បដិសេធ​លើ​ពាក្យ​ស្នើសុំ​របស់​ក្រុម​មេធាវី ស្នើ​ឲ្យ​មាន​ការ​កោះ​អញ្ជើញ «​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​»​។ ​

លោក ផែង ហេង ឲ្យ​ដឹងថា​៖ «​ដោយសារ​បទ​ចោទ​មាន សន្ទិដ្ឋិភាព ដែល​សំដៅ​ទៅ​លើ​ជនបរទេស ភ្នាក់ងារ ឬ​រដ្ឋ​បរទេស​។ ការ​ចោទ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​ច្រើន​ជាង​គេ ទើប​យើង​ច្បិច​យក​ការ​បំពេញ​កិច្ច​ឲ្យ​កោះ​ហៅ​រដ្ឋាភិបាល​អាមេរិក ឬ​តំណាង​មក​សួរ​...​។ នេះ​ជា​នីតិវិធី​ក្នុង​នាម​ជា​មេធាវី ដើម្បី​ស្វែងរក​ភ័ស្តុតាង​ដោះ​បន្ទុក​»​។

លោក​បន្ត​ថា​៖ «​ពេល​នេះ​ចៅក្រម​មិន​បាន​បំពេញ​កិច្ច​ត្រង់​ចំណុច​ហ្នឹង​ទេ គាត់​បាន​សម្រេច​ច្រានចោល​ពាក្យ​ស្នើ​បំពេញ​កិច្ច លិខិត​មេធាវី​កាលពី​ថ្ងៃ​ពុធ​»​។

«​យើង​កំពុង​តែ​សិក្សា​មើល​ពី​ការ​បដិសេធ​របស់​ចៅក្រម​ហើយ​យើង​នឹង​សួរ​កូនក្តី​ថា គាត់​សម្រេច​តើ​គាត់​សម្រេច​ប្តឹង​ទៅ​សភា​ស៊ើបសួរ​ឫ​យ៉ាង​ណា​យើង​មើល​ឃើញ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​មិន​សម​ហេតុផល​ដោយសារ​តែ​គាត់​មិន​ព្រម​បំពេញ​កិច្ច​ឲ្យ​យើង​។ ​ពីព្រោះ​ការ​ចោទ​ភាគច្រើន​ដែល​មាត្រា​ច្បាប់​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​រហូត​មាន​បរទេស​ណា​មួយ​ត្រូវរ៉ូវ ​ឫ​រៀបចំ​ឃុបឃិត​ ដូច្នេះ​បាន​យើង​ចង់​បង្ហាញ​ភាព​ត្រឹមត្រូវ​នៃ​ការ​ស៊ើបអង្កេត​យើង​ត្រូវ​សួរ​ថា ភាគី​ណា​ខ្លះ​ដែល​ពាក់ព័ន្ធ​ និង​ការ​ចោទប្រកាន់​ហើយ​ឲ្យ​បង្ហាញ​ភ័ស្តុតាង​មក​ហើយ​ចៅក្រម​សម្រេច​ចុងក្រោយ​ថា​វា​ពាក់ព័ន្ធ​ ឬ​មិន​ពាក់ព័ន្ធ​ហើយ​កាលណា​ការ​ស៊ើបអង្កេត​មិន​ទូលំទូលាយ ដូច្នេះ​យុត្តិធម៌​គឺ​វា​មាន​កម្រិត​»​។

លោក​មេធាវី ថ្លែង​ថា​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ចៅក្រម​ត្រូវ​បំពេញ​កិច្ច​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដោយសារ​នៅក្នុង​សំអាង​របស់​ចៅក្រម​គាត់​យក​តែ​ហេតុផល​ដែល​ព្រះ​អាជ្ញា​ចោទប្រកាន់​ និង​វីដេអូឃ្លីប​រយៈពេល​ ៩ ​នាទី​របស់​ឯកឧត្ត​ កឹម សុខា ​និយាយ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក និង​ដោយ​ចៅក្រម​ស៊ើបសួរ​សំអាង​ថា គាត់​បាន​សួរ​ឯកឧត្តម​ កឹម សុខា ពី​ជនជាតិ​អាមេរិក​ និង​ជនបរទេស​ដែល​គាត់​បាន​លើក​ ដូច្នេះ​គាត់​បាន​បដិសេធ​បំពេញ​កិច្ច លិខិត​មេធាវី​»​។

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

មន្ត្រី​ស្ថានទូត​អាមេរិក​បដិសេធ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​តែ​កន្លង​ទៅ​ស្ថានទូត​អាមេរិក​បាន​ច្រានចោល​ថា សហរដ្ឋអាមេរិក​មិន​បាន​នៅ​ពី​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ដូច​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់​អំឡុង​ពេល​ចុះ​ឆ្មក់​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​លោក កឹម សុខា នោះ​ទេ និង​បាន​ជំរុញ​ឲ្យ​ដោះលែង​មេបក្ស​រូប​នេះ​ជា​បន្ទាន់​ទៀត​ផង​។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទិ្ធ​មនុស្ស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​កោះ​ហៅ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​​ ទោះ​ជា​​សាក្សី​ដាក់​បន្ទុក​សាក្សី​ដោះ​បន្ទុក ឬ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ទាក់ទង​ក្នុង​សំណុំ​រឿង​របស់​តុលាការ​គឺ​មាន​សារ:សំខាន់​ណាស់​សម្រាប់​ការ​ផ្តល់​យុត្តិធម៌​ដល់​គូភាគី​ក្នុង​សំណុំ​រឿង​។

លោក​ថ្លែង​ថា​៖ «​បើ​សិន​ជា​តុលាការ​មិន​បាន​កោះហៅ​សាក្សី ឬ​ភាភី​ពាក់ព័ន្ធ​ណា​មួយ​ក្នុង​សំណុំ​រឿង​ដើម្បី​បំភ្លឺ​ទេ ភាព​យុត្តិធម៌​នៃ​ភាគី​ម្ខាង​អាច​នឹង​ខ្វះ​ចន្លោះ​។ ដូច្នេះ​ដើម្បី​យុត្តិធម៌​តុលាការ​គួរ​កោះ​អញ្ជើញ​គ្រប់​សាក្សី និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​បំភ្លឺ​។ ​ប៉ុន្តែ​វា​ពាក់ព័ន្ធ​ជាមួយ​លទ្ធភាព​របស់​តុលាការ​ផង​ដែរ​ក្នុង​ការ​កោះ​ហៅ​សាក្សី និង​ភាគី​ពាក់ព័ន្ធ​។ ​ទោះ​យ៉ាង​ណា​តុលាការ​ត្រូវ​ធ្វើឲ្យ​អស់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន បើ​យល់​ថា​សាក្សី​ណា ឬ​ភាគី​ពាក់ព័ន្ធ​ណា​មាន​សារ:សំខាន់ និង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​»​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី បាន​និយាយ​ថា​ករណី​​នេះ​ទាំង​មូល​គឺជា​ «​រឿង​នយោបាយ​» ​ហើយ​ត្រូវ​តែ​ធ្វើការ​វិភាគ​នៅ​ក្នុង​បរិបទ​នោះ​។ ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​តុលាការ​ចង់​ពង្រីក​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នោះ​ទេ​»​។

លោក​ នី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​ហេតុផល​ផ្សេង​ទៀត​ដែល​តុលាការ​អាច​មិន​យល់​ស្រប​តាម​ការ​ផ្តល់​អនុសាសន៍​នេះ ដូច្នេះ​ហើយ​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាក់មុខ​នៅ​លើ​ឆាក​អន្តរជាតិ​។

លោក​ នី ​ថ្លែង​ថា​៖ «​ប្រសិន​បើ​គេ​ធ្វើការ​ស៊ើបអង្កេត​ហើយ​រក​​មិន​ឃើញ​អ្វី​នោះ​វា​អាច​ជា​រឿង​អាម៉ាស់​មួយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ពីព្រោះ​ការ​ចោទប្រកាន់​នេះ​មិន​មាន​ភ័ស្តុតាង​នោះ​ទេ​»៕

រាយការណ៍​បន្ថែម Adrew Nachemson