ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម សុខា បានដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​លើក​ទី​៣ កាលពី​ថ្ងៃទី​ ២២ មករា ដើម្បី​ស្នើ​សុំឱ្យ​តុលាការ​បន្ត​នីតិវិធី​ឡើងវិញ បន្ទាប់ពី​​សវនាការ​នេះ​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​អស់​រយៈពេល​ជិត​ ១ ​ឆ្នាំ ដោយសារ​តែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩​។

សវនាការ​លើ​បទសន្ទិដ្ឋភាព​ជាមួយ​បរទេស​ដែល​ចោទប្រកាន់​លើ​លោក កឹម សុខា ត្រូវបាន​ផ្អាក​តាំងពី​ខែមីនា ឆ្នាំ ២០២០ បន្ទាប់ពី​បាន​ចាប់ផ្ដើម​បើកសវនាការ​កាលពី​ខែមករា ឆ្នាំ ២០២០​។

បើតាម​លិខិត​របស់​ក្រុម​មេធាវី​​ទាំង​ ៤ ​រូប ការ​ស្នើសុំ​បន្ត​ជំនុំជម្រះ​នេះ​ធ្វើឡើង ដោយសារ​តែ​ស្ថានភាព​កូវីដ ​១៩ ត្រូវបាន​​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំងស្រុង ហើយ​ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​លោក កឹម សុខា ក្នុង​ការទទួល​បាន​ការជំនុំ​ជម្រះក្ដី​ឆាប់រហ័ស និង​យុត្តិធម៌​។ ក្រុម​មេធាវី​បាន​ស្នើសុំ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​ឡើងវិញ​ឱ្យបាន​​ឆាប់​បំផុត​។

ក្រុម​មេធាវី​លោក កឹម សុខា កត់សម្គាល់​ថា ករណី​លោក កឹម សុខា ត្រូវបាន​សួរ​ដេញដោល​យ៉ាងច្រើន​រួចមកហើយ​។ ការដាក់​កម្មវិធី​បន្ត​សវនាការ​សំណុំ​រឿង​ចាស់​នេះ​មិនគួរ​អូសបន្លាយ​ទៀត​ទេ ព្រោះថា ក្រុមប្រឹក្សា​ជំនុំជម្រះ មេធាវី និង​ភាគី​ពាក់ព័ន្ធ​មាន​សមាសភាព​រួចស្រេច​ហើយ​។

ក្រុម​មេធាវី​សរសេរ​ថា​៖ «​ការទុក​សំណុំរឿង​ចាស់​ចោល​យូរ​ហួសហេតុ​ពេក​ដែល​អង្គ​សវនាការ​បាន​ធ្វើការ​ដេញដោល​យ៉ាងច្រើន​រួចហើយ​នោះ មិនមែន​ជា​ជម្រើស​ល្អ​ទេ និង​គ្មាន​ទម្លាប់​រឿងក្ដី​យកមក​ដេញដោល​រួច​ទុកចោល​យ៉ាងយូរ​នោះដែរ​។ រឿងនេះ​គួរតែ​ត្រូវបាន​ដាក់​កម្មវិធី​ជា​ប្រក្រតី​ដូច​បណ្ដា​រឿងក្ដី​ផ្សេង​ទៀត ដែល​តុលាការ​កំពុង​ដំណើរការ​កម្មវិធី​សព្វថ្ងៃ​»​។

បើតាម​ក្រុម​មេធាវី​ដដែល​សំណុំ​រឿង​លោក កឹម សុខា មាន​រយៈពេល​ជាង​ ៣ ​ឆ្នាំ​ហើយ ​ដែល​នេះ​ជា​ពេលវេលា​យូរ​ហួសហេតុ​ពេក​។ ​ការទុក​រឿង​ដែល​បាន​ដេញដោល​យូរ និង​ការអូសបន្លាយ​ការជំនុំជម្រះ​មិនមាន​ច្បាប់ និង​នីតិវិធី​សំអាង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​លោក​ កឹម សុខា​។

ក្រុម​មេធាវី​ថ្លែងថា​៖ «​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ឆាប់រហ័ស និង​យុត្តិធម៌​គឺជា​គោលការណ៍​មូលដ្ឋាន​នៃ​សង្គម​ដ៏ត្រឹមត្រូវ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្ការ​ភាពអយុត្តិធម៌​ដូច​មានចែង​ក្នុង​មាត្រា​ ១៤ នៃ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ចែងថា ជន​គ្រប់រូប​ត្រូវបាន​ជំនុំជម្រះ​ដោយ​ឥត​ពន្យារពេល​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក តាំង ស៊ុនឡាយ ប្រធាន សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ការសម្រេច​លើ​លិខិតស្នើ​សុំ​នេះ​ទេ​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា មានតែ​តុលាការ​ទេ​ដែល​អាច​ពន្យល់​ពី​ការពន្យារ​ពេលនេះ​បាន​។ បើតាម​លោក​យល់​​តុលាការ​ធ្លាប់បាន​ពន្យល់​រួចហើយ​ថា សំណុំរឿង​លោក កឹម សុខា មិនមែន​ជា​សំណុំរឿង​​អាទិភាព ព្រោះ​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ​។ តុលាការ​ផ្ដល់​អាទិភាព​ដល់​សំណុំរឿង​ដែល​ជន​ជាប់ចោទ​ស្ថិតក្នុង​ឃុំ​ដើម្បី​កាត់បន្ថយ​ចង្អៀត​ក្នុង​ពន្ធនាគារ​។

លោក​ថ្លែងថា​៖ «​លោក កឹម សុខា នៅក្រៅ​ឃុំ មាន​សេរីភាព​​ក្នុង​ការជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ​ជាមួយ​សាច់ញាតិ​​មិត្តភក្តិ​របស់គាត់​ដោយ​សេរី​។

អ៊ីចឹង​សំណុំរឿង​លោក កឹម សុខា ប្រហែល​មិនមែន​ជា​អាទិភាព​​ជាង​សំណុំរឿង​ដែល​នៅក្នុង​ឃុំ​នោះទេ​។ តែ​នេះ​ជា​ការសង្កេត​​របស់ខ្ញុំ​ទេ​»៕

វីដេអូ៖