
ក្រុមល្បាតព្រៃបង្ហាញភ័ស្តុតាងរណារយន្តដែលរឹបអូសបានពីជនល្មើស។ រូបថត សហការី
ព្រះវិហារៈ សហគមន៍ និងមន្ត្រីឧទ្យានុរក្សនៅក្នុងខេត្តព្រះវិហារ រឹបអូសរណារយន្តចំនួន ៦ គ្រឿង ដែលត្រូវគេប្រើប្រាស់ធ្វើសកម្មភាពអារឈើខុសច្បាប់ដែលការរឹបអូសនេះធ្វើឡើងនៅក្នុងការចុះល្បាតមួយនៅក្នុងតំបន់ព្រៃឡង់កាលពីថ្ងៃទី ៥ មករា ស្ថិតក្នុងឃុំច្រាច់ និងឃុំធ្មា ស្រុកជ័យសែន។ សហគមន៍បាននិយាយថា មិនមានជនល្មើសណាម្នាក់ត្រូវបានឃាត់ខ្លួននៅក្នុងការចុះល្បាតព្រៃនេះទេ។
លោកស្រី ភោគ ហុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិប្រាសាទភ្នំក្រៀលបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា កាលពីថ្ងៃអាទិត្យនេះ សហគមន៍ចំនួន ៣ នាក់ បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីចំណាយលើថ្លៃសាំងធ្វើដំណើរតាមម៉ូតូ ដោយសហការជាមួយមន្ត្រីឧទ្យានុរក្សចំនួន ៥ នាក់ ចុះល្បាតនៅក្នុងតំបន់ព្រៃឡង់។ លោកស្រីបន្តថា នៅពេលចុះល្បាតនោះគឺបានរកឃើញមានជនល្មើសដែលកំពុងធ្វើសកម្មភាពអារឈើចំនួន ៤ នាក់ ហើយបន្ទាប់មកមាន ២ នាក់ មានបំណងប្រើអំពើហិង្សាមកលើមន្ត្រីឧទ្យានុរក្ស ដោយសារខឹងសម្បាទៅនឹងការរឹបអូសយករណារយន្តទាំង ៦ គ្រឿង។
លោកស្រីថា៖ «វា (ជនល្មើស) ច្របាច់ក (មន្ត្រីឧទ្យានុរក្ស) ហើយខ្ញុំភ័យពេកក៏មិនបានថតទុកអីទេ។ ខ្ញុំជាស្ដ្រីម្នាក់ឯងដើរជាមួយក្រុមមន្ត្រីទាំងហ្នឹង។ ពួកខ្ញុំមានគ្នា ៨ នាក់ ហើយក្រុមអារឈើហ្នឹងគឺមានគ្នា ៤ នាក់ ដែលមានអាយុប្រហែល ២៥ ទៅ ២៦ ឆ្នាំ ប៉ុន្តែក្មេងៗអារឈើទាំងហ្នឹង គឺសាហាវៗណាស់។ តាមពិតក្រុមអារឈើហ្នឹង គឺជាអ្នកស្រុកធម្មតា ហើយពួកវាថា អារឈើឱ្យថៅកែម្នាក់ ប៉ុន្តែមិនដឹងថាជាថៅកែណាទេ»។
លោកស្រីបន្ថែមថា នៅពេលមានការប្រតាយប្រតប់គ្នាក្រុមជនល្មើសត្រូវបានចាប់ដាក់ខ្នោះដៃដោយមន្ត្រីឧទ្យានុរក្ស ប៉ុន្តែក្រោយមកក៏ត្រូវដោះលែងវិញ ក្រោយមានការអង្វរករពីបុរសចំណាស់ម្នាក់ដែលត្រូវជាឪពុករបស់ក្រុមអារឈើទាំងនោះ និងក្រោយពីពួកគេបានសុំទោស និងទទួលស្គាល់កំហុសដោយអះអាងថា ការច្របាច់កមន្ត្រីឧទ្យានុរក្សគឺកើតឡើងពីក្ដីឆេវឆាវមួយពេល។
លោកស្រីថា៖ «នៅពេលចាប់ម៉ាស៊ីនអារឈើហ្នឹង ពួកវាបានខលទៅថៅកែហើយពួកវាថា មេអ៊ើយ!គេដកយកម៉ាស៊ីនហើយ។ ពួកខ្ញុំមិនបានសួរដេញដោលអីទេ ដោយសារកើតរឿងប្រតាយប្រតប់គ្នា។ មន្ត្រីឧទ្យានុរក្សបានចាប់អ្នកអារឈើហ្នឹងដែរ ប៉ុន្តែដោយសារមានតាចាស់ម្នាក់ដែលត្រូវជាឪពុកក្មេងៗទាំងហ្នឹង លុតជង្គង់អង្គុយសំពះអង្វរករ ក៏មន្ត្រីដោះលែងវិញទៅ។ តាចាស់ហ្នឹង គឺជាអ្នកចៀរជ័រនៅកន្លែងដែលក្រុមជនល្មើសកំពុងធ្វើសកម្មភាពអារឈើ»។
ប្រធានសហគមន៍ដដែលបន្តថា នៅក្នុងពេលចុះល្បាតនោះគឺមានតែមន្ត្រីឧទ្យានុរក្ស និងសហគមន៍ប៉ុណ្ណោះ ហើយមិនបានស្នើសុំកម្លាំងពីមន្ត្រីប៉ូលិសនោះទេ ដោយសារតែចុះល្បាតគឺខាងសហគមន៍ប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដូច្នេះមិនមានថវិកាសម្រាប់ចំណាយចេញថ្លៃសាំងឱ្យមន្ត្រីប៉ូលិសចុះបេសកកម្មឡើយ។ លោកស្រីបញ្ជាក់ទៀតថា រណារយន្តត្រូវបានរក្សាក្នុងឃ្លាំងក្នុងស្នាក់ការស្រែវាលនៅឃុំធ្មា។
លោកស្រីថា៖ «អ៊ីចឹង! យើងមិនបានស្នើកម្លាំងពីមន្ត្រីប៉ូលិសទេ ពីព្រោះខ្ញុំធ្វើការជិត ១ ឆ្នាំមកនេះ គឺមិនដែលទទួលបានថវិកាគាំទ្រពីអង្គការផ្សេងៗទេ សូម្បីតែ ១ រៀល។ ពីមុនកាលខ្ញុំនៅជាបណ្ដាញសហគមន៍ព្រៃឡង់ ខ្ញុំមានគម្រោងថវិកា (ពីអង្គការផ្សេងៗសម្រាប់ចុះល្បាត) គឺតែងហៅមន្ត្រីប៉ូលិសហើយចេញថ្លៃសាំងឱ្យពួកគេមកចូលរួម តែឥឡូវខ្ញុំគ្មានថវិកាទេ។ អ៊ីចឹង!មានតែសុំសហការជាមួយមន្ត្រីជំនាញ ព្រោះជាតួនាទីរបស់ពួកគេ ទោះមានឬគ្មានលុយ ប៉ុន្តែពួកគេបានប្រាក់ខែ»។
ព្រៃឡង់ត្រូវរដ្ឋាភិបាលបានបង្កើតជាដែនជម្រកសត្វព្រៃកាលពីខែឧសភា ឆ្នាំ ២០១៦ ដែលមានទំហំផ្ទៃដីជាង ៤ សែន (៤៣១៦៨៤) ហិកតាស្ថិតក្នុងភូមិសាស្ដ្រ ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងខេត្តព្រះវិហារ ខណៈព្រៃនេះមានសក្ដានុពលធនធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប។
កាលពីខែមិថុនា ឆ្នាំ ២០១៩ បណ្ដាញសហគមន៍ព្រៃឡង់បានចេញសេចក្ដីថ្លែងការណ៍មួយថា សកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់ក្នុងខេត្តទាំង ៤ បានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាង ៥ ខែ ឆ្នាំ ២០១៩ ដោយសារមូលហេតុមានការដំឡើងម៉ាស៊ីនអារឈើដោយក្រុមហ៊ុនឯកជន ការអនុញ្ញាតរបស់អាជ្ញាធរឱ្យពលរដ្ឋចូលកាប់ឈើក្រោមហេតុផលសាងសង់ផ្ទះ និងប្រើប្រាស់អាវុធកែច្នៃបាញ់សត្វព្រៃ និងការរុករករ៉ែអនាធិបតេយ្យ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិប្រាសាទភ្នំក្រៀលបានអះអាងថា ក្រោយពីមានការបង្ក្រាបបទល្មើសព្រៃឈើរយៈពេលចុងក្រោយនេះដោយគណៈកម្មការជាតិបានធ្វើសកម្មភាពកាប់ឈើទ្រង់ទ្រាយធំដែលធ្វើឡើងដោយក្រុមហ៊ុនជាច្រើននៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារបានស្ងប់ស្ងាត់ ប៉ុន្តែនៅសល់ការកាប់ឈើទ្រង់ទ្រាយតូចៗដែលធ្វើឡើងដោយពលរដ្ឋ និងក្រុមហ៊ុនមួយចំនួនរួមទាំងការទន្ទ្រានដីព្រៃកាន់កាប់ជាដើម។
កាលពីថ្ងៃម្សិលមិញមិនអាចទាក់ទងលោក លឹម វណ្ណៈ ប្រធានស្នាក់ការស្រែវាលបានទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ខណៈលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍អំពីការបង្ក្រាបករណីអារឈើនៅថ្ងៃអាទិត្យនេះនៅឡើយទេ។
លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថា លោកក៏មិនអាចធ្វើអត្ថាធិប្បាយលើបញ្ហានេះដែរ ដោយសារលោកមិនទាន់ដឹងរឿងនោះច្បាស់។
លោកស្រី ភោគ ហុង បញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិប្រាសាទភ្នំក្រៀល គឺទើបបង្កើតឡើងបានប្រហែល ១ ឆ្នាំប៉ុណ្ណោះ ហើយជារៀងរាល់ខែ សហគមន៍នេះតែងចុះល្បាតព្រៃដោយខ្លះបានចុះល្បាតម្ដង ឬ ២ ដងក្នុង ១ ខែ៕