ភ្នំពេញៈ សង្គមស៊ីវិល និងសហគមន៍ការពារបរិស្ថានជំរុញឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបង្ហាញរបាយការណ៍ ឬទិន្នន័យអំពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឱ្យបានទូលំទូលាយ ដើម្បីងាយស្រួលដល់សាធារណជនសិក្សាស្វែងយល់ ក្រោយពីការបង្ហាញនេះមានការរឹតត្បិតខ្លាំង ប៉ុន្ដែមន្ត្រីថា ត្រូវគោរពគោលការណ៍ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនឯកជន។
លោក ធី ទ្រី នាយកប្រតិបត្តិអង្គការទិន្នន័យអំពីអភិវឌ្ឍន៍ (ODC) ថ្លែងក្នុងសិក្ខាសាលាពីម្សិលមិញថា ទិន្នន័យ និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅមិនទាន់ត្រូវបានចែករំលែក ឬបង្ហាញឱ្យបានទូលំទូលាយនៅឡើយ។ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួននៅតែមានការលាក់បាំង និងរឹតត្បិតព័ត៌មាន។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្កេតឃើញថា ទាំងសង្គមស៊ីវិលខ្លះ រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមួយចំនួនគឺមិនទាន់បើកឱ្យទូលំទូលាយក្នុងការចែករំលែករបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅឡើយ ដោយសារពួកគាត់គិតថាខ្លួនគាត់ផ្ទាល់ជាម្ចាស់ និងជាអ្នកគ្រប់គ្រងឯកសារ។ ម្យ៉ាងទៀតពួកគាត់គិតថា អ្វីដែលគាត់ទទួលបាន គឺសុទ្ធតែជារឿងសម្ងាត់មិនអាចចែករំលែកបានទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ប្រសិនបើរដ្ឋាភិបាល និងស្ថាប័នឯកជន នៅតែបន្តរឹតត្បិតការចែករំលែករបាយការណ៍ស្ដីពីផលប៉ះពាល់បរិស្ថានបែបនេះអាចនឹងបង្កការលំបាកដល់អ្នកស្រាវជ្រាវ វិនិយោគិន និងសាធារណជនដែលចង់សិក្សាស្រាវជ្រាវ។ ជាពិសេស អ្នកដែលចង់ចូលរួមក្នុងសកម្មភាពការពារបរិស្ថាន ដោយពួកគាត់មិនមានព័ត៌មានច្បាស់លាស់ សម្រាប់ការពិចារណា។
ប្រធានកម្មវិធីបរិស្ថាន និងកសិកម្មនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក ហុក ម៉េងហ៊ាន់ ជំរុញឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន បើកទូលាយចំពោះរបាយការណ៍នានាស្ដីពីផលប៉ះពាល់បរិស្ថាន។ លោកថាបញ្ហា ១ នេះមិនអាចដោះស្រាយបានដោយមានតែវត្តមានរដ្ឋាភិបាលមួយទេ។
លោកថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការចូលរួមរបស់សាធារណជនគឺយើងសង្កេតឃើញថា ជាផ្នែកមួយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះយើងនៅតែត្រូវការពលរដ្ឋសហគមន៍ ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល។ អ៊ីចឹងយើងមិនអាចបាត់បង់ភាគីណាមួយបានទេ»។
លោក ម៉េងហ៊ាន់ បន្តថា ការបង្ហាញក្ដីបារម្ភទាំងនេះស្របពេលភាពស្មុគស្មាញនៃបញ្ហាបរិស្ថាន នៅតែបន្តកើនឡើង។ ការចូលរួមជាសាធារណៈបានក្លាយជាប្រធានបទដ៏លេចធ្លោមួយក្នុងការសិក្សាវិភាគនាពេលបច្ចុប្បន្ន ជាពិសេសទាក់ទងការជជែកដេញដោលគ្នាអំពីអភិបាលកិច្ចបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងពីម្សិលមិញថា រាល់គម្រោងនៃការវិនិយោគអភិវឌ្ឍន៍ទាំងឡាយត្រូវបានឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយមានការចូលរួមពីអន្តរក្រសួង និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់។ ជាពិសេសលទ្ធផលកិច្ចប្រជុំត្រូវបានផ្សព្វផ្សាយជូនដល់សាធារណជនបានជ្រាបដោយគ្មានការលាក់បាំងអ្វីឡើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ជាមួយគ្នានេះ យើងក៏ត្រូវគោរពគោលការណ៍ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនឯកជនដែរ។ ព្រោះព័ត៌មាននៅក្នុងរបាយការណ៍មានការពាក់ព័ន្ធនឹងភាពឯកជនរបស់គេ។ ទោះជាយ៉ាងណា យើងចង់ឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានស្រុកទេសយើង»។
តំណាងសហគមន៍ការពារបរិស្ថាននិងព្រៃឈើប្រចាំខេត្តកំពង់ធំលោក ហឿន សុភាព លើកឡើងថា៖ «ខ្ញុំគិតថាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរគឺត្រូវតែមានសិទ្ធិចូលរួម ឈឺឆ្អាល ចូលរួមការពារបរិស្ថាន។ ការពារបរិស្ថាននេះមិនមែនចំពោះបុគ្គល ឬស្ថាប័នណាមួយទេ។ ការងារនេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ជាពិសេសអ្នកឈរជួរមុខត្រូវតែបង្ហាញសកម្មភាពលេចធ្លោជាងគេ»៕