ភ្នំពេញ: មានក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ៥០ បានមកសិក្សាពីគម្រោងវិនិយោគកែច្នៃសំរាមនៅកម្ពុជា ប៉ុន្ដែមិនទាន់មានក្រុមហ៊ុនណាមួយហ៊ានសម្រេចបោះទុនវិនិយោគនៅឡើយដោយសារតែមើលឃើញពីការមិនសូវទទួលបានប្រាក់ចំណេញ ខណៈក្នុងមួយថ្ងៃៗរាជធានីភ្នំពេញមានកាកសំណល់សំរាមពី ២ ទៅ ៣ ពាន់តោន។ នេះបើតាមលោក នួន សំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាននៃសាលារាជធានីភ្នំពេញ។
លោក នួន សំណាវុធ បានថ្លែងកាលពីម្សិលមិញនៅក្នុងកិច្ចពិភាក្សាមួយស្ដីពី «កាកសំណល់នៅកម្ពុជាឆ្នាំ ២០១៩» ដោយមានសហគមន៍ធុរកិច្ចកម្ពុជា អ្នករៀបចំគោលនយោបាយ និងនាយកដ្ឋានពាក់ព័ន្ធព្រមទាំងអង្គការបរិស្ថាន ក្រុមហ៊ុនទើបបង្កើតថ្មី និងអ្នកចូលរួមជាង ៣០០ នាក់ ដែលរៀបចំដោយមូលនិធិអាល្លឺម៉ង់ (Konrad-Adenauer-Stiftung(KAS) ក្នុងគោលបំណងបង្កើតកិច្ចពិភាក្សាលើកទឹកចិត្តឲ្យមានភាពជាដៃគូរវាងអ្នកដោះស្រាយបញ្ហាវិស័យសាធារណៈ និងផ្នែកឯកជនវិនិយោគិន និងអ្នកពាក់ព័ន្ធផ្សេងៗទៀតក្នុងវិស័យបរិស្ថាន។
លោក នួន សំណាវុធ ថ្លែងថាជារៀងរាល់ថ្ងៃគ្រាន់តែរាជធានី-ភ្នំពេញមួយ បានបង្កើតឲ្យមានកាកសំណល់ក្នុងបរិមាណចន្លោះពី ២ ពាន់ ទៅ ៣ ពាន់តោនដោយក្នុងនោះមាន ៦០០ តោនគឺជាកាកសំណល់ប្លាស្ទិក។ ប្រទេសកម្ពុជាទាំងមូលបានបង្កឲ្យមានកាកសំណល់ជាង ១ ម៉ឺនតោនជារៀងរាល់ថ្ងៃ ឬច្រើនជាង ៣,៦ លានតោននៅក្នុងមួយឆ្នាំ។
លោកបញ្ជាក់ថា៖ «កន្លងមកនេះមានក្រុមហ៊ុនប្រមាណជាង ៥០ ក្រុមហ៊ុនដែលមានបំណងចង់មកវិនិយោគផ្នែកវិស័យសំរាមនៅកម្ពុជា ប៉ុន្ដែនៅពេលដែលគាត់មកជួបប្រជុំជាមួយយើង ហើយបង្ហាញពីបច្ចេកទេស និងចុះសិក្សារួចរាល់ពួកគាត់គិតថាមិនមានអ្វីចំណេញ ដោយសារថាលក់អគ្គិសនីទៅថោកហើយខាង EDC គាត់មិនមានលទ្ធភាពទិញអគ្គិសនីក្នុងតម្លៃថ្លៃទេ ហើយពេលទៅរក Government Policy ដែល Support ទៅលើ Project ហ្នឹងវាអត់មានទៀត។ អ៊ីចឹងធ្វើឲ្យគាត់ដកខ្លួនថយទៅវិញកន្លងមកយើងជួបតែរឿងអ៊ីចឹង»។
លោកបន្ថែមថា ទោះបីយ៉ាងណារដ្ឋាភិបាលនៅតែស្វាគមន៍ ចំពោះក្រុមហ៊ុនជាតិ និងអន្តរជាតិដែលមានបំណងចង់មកវិនិយោគកែច្នៃសំរាមនៅក្នុងប្រទេសកម្ពុជា ព្រោះកាកសំណល់នៅក្នុងក្រុងភ្នំពេញ និងបណ្ដាខេត្តនានាក៏កំពុងមានចំនួនកើនឡើងជាលំដាប់ដែលបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាព និងបរិស្ថានដែលត្រូវបានលើកឡើងជារឿយៗនៅក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុក និងបណ្ដាញសង្គមនានា។
លោក ហ៊ាប សុគន្ធ តំណាងក្រុមហ៊ុនស៊ីនទ្រី (CINTRI) បានថ្លែងថា ដោយសារកំណើនសេដ្ឋកិច្ចរីកចម្រើន ការពង្រីកទីក្រុងយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍវិស័យឧស្សាហកម្មក៏មានច្រើនធ្វើឲ្យការគ្រប់គ្រងកាកសំណល់គឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់នៅក្នុងប្រទេសកម្ពុជាខណៈក្រុមហ៊ុនបានត្រៀមរថយន្តដឹកសំរាមចំនួន ២០០ គ្រឿង និងកម្មករចំនួនជាង ៤០០ នាក់សម្រាប់បម្រើសេវាកម្មនេះ។
លោកបន្តថាក្នុងនោះក៏មានការកើនឡើងនូវការប្រើប្រាស់របស់ប្រជាជនដែលមានកម្រិតជីវភាពមធ្យម និងខ្ពស់ដែលមានចំនួនកាន់តែច្រើនឡើងៗនៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់បរិមាណកាកសំណល់នៅក្នុងប្រទេសកម្ពុជា។
លោក សុគន្ធ បញ្ជាក់ថា៖ «ខ្ញុំសូមជំរុញដដែលៗទៅពលរដ្ឋយើងមួយចំនួនសូមជួយទុកដាក់សំរាមឲ្យមានរបៀបរាបរយ គឺទុកតាមផ្នែកដោយសំរាមប្លាស្ទិកទុកមួយឡែក សំរាមផ្ទះបាយទុកមួយឡែក និងសំរាមកែច្នៃឡើងវិញទុកមួយឡែកដើម្បីងាយស្រួលដល់បុគ្គលិកស៊ីនទ្រីចុះប្រមូល។ ម្យ៉ាងទៀតស្នើសុំឲ្យពលរដ្ឋយកសំរាមមកទុកខាងមុខផ្ទះដោយមើលតារាងពេលវេលារបស់ក្រុមហ៊ុនដែលបានកំណត់»។
លោក Tom Hesketh ប្រធានគ្រប់គ្រងផ្នែកសេវាកម្មអាជីវកម្មនៃ Eurocham Cambodia បានថ្លែងថា នៅប្រទេសជឿនលឿនមួយចំនួនក៏ធ្លាប់មានបញ្ហាសំរាមនេះដែរ ប៉ុន្ដែប្រទេសទាំងនោះបានកែប្រែទម្លាប់របស់ប្រជាពលរដ្ឋ ដោយពង្រឹងច្បាប់ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការចោលសំរាមពាសវាលពាសកាលជាពិសេសបង្រៀនក្មេងៗឲ្យយល់ដឹងពីរបៀបទុកដាក់សំរាម។
លោកបន្តថា ជាក់ស្ដែងនៅប្រទេសកម្ពុជាគួរតែនាំគ្នាធ្វើយុទ្ធនាការឲ្យបានផុសផុល ដើម្បីឲ្យការគ្រប់គ្រងកាកសំណល់មានប្រសិទ្ធភាព។ ចំពោះការគ្រប់គ្រងសំរាមដូចជាការយល់ដឹងរបស់ពលរដ្ឋ ការប្រមូលកាកសំណល់ឲ្យបានត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្ម បច្ចេកទេសការបណ្ដុះបណ្ដាលបច្ចេកទេសបុគ្គលិកក៏ដូចជាគោលនយោបាយគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «កំណើននៃការបង្កកាកសំណល់នេះរួមមាន កាកសំណល់គ្រប់ប្រភេទទាំងអស់ពោលគឺកាកសំណល់រឹងទីក្រុង កាកសំណល់ឧស្សាហកម្មកាកសំណល់គ្រោះថ្នាក់ កាកសំណល់សំណង់ និងកាកសំណល់ពីការវាយកម្ទេចអគារដែលបង្កឲ្យមានបញ្ហាប្រឈមជាច្រើន»។
លោក សំ ផល្លា នាយករងអង្គការកែច្នៃសំរាម (Comped) និងជាប្រធានគម្រោងផ្នែកកែច្នៃជីកំប៉ុស្តិ៍បានថ្លែងថា អង្គការរបស់លោកជាចំណែកតូចមួយ ក្នុងការជួយកាត់បន្ថយសំរាមនៅក្នុងប្រទេសកម្ពុជាតាមរយៈការកែច្នៃកាកសំណល់ផ្ទះបាយមកធ្វើជាជីកំប៉ុស្តិ៍នៅក្រុងភ្នំពេញ និងខេត្តបាត់ដំបងប៉ុន្ដែវានៅតែមានកម្រិតស្ដួចស្ដើងនៅឡើយ។
លោកបានបញ្ជាក់ថាអង្គការលោក និងក្រុមហ៊ុនប្រមូលសំរាមបានសហការគ្នាក្នុងការកែច្នៃសំរាមធ្វើជីកំប៉ុស្តិ៍នេះ ដើម្បីកាត់បន្ថយសំរាម និងការផលិតជីធម្មជាតិផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀតផង។
លោកបញ្ជាក់ថា៖ «ពួកខ្ញុំក៏ចង់ពង្រីកចង្វាក់ផលិតកម្មឲ្យវាបានធំដែរ ប៉ុន្ដែយើងទទួលលុយពីក្រៅប្រទេសបានតិចតួចពេក អ៊ីចឹងធ្វើតាមលទ្ធភាព។ បញ្ហាលក់ជីកំប៉ុស្តិ៍នេះ គឺវាមិនបានចំណេញប្រាក់ទេ គោលបំណងយើងគឺចង់កាត់បន្ថយសំរាមតែប៉ុណ្ណោះ»។
លោក Daniel Schmucking នាយកប្រចាំប្រទេសនៃមូលនិធិខុនរ៉ាដ (Konrad-Adenauer-Stiftung(KAS) បានថ្លែងថា កាកសំណល់គឺជាប្រធានបទដែលធ្វើឲ្យពលរដ្ឋកម្ពុជាទាំងអស់មានការព្រួយបារម្ភ ហើយដំណោះស្រាយចំពោះបញ្ហានេះគឺនឹងជួយកែលម្អបរិស្ថាន និងសង្គមរបស់ពួកគេទាំងមូល។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាយើងអាចចូលរួមចំណែកនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងវិស័យសាធារណៈ និងឯកជនស្ដីពីការគ្រប់គ្រងកាកសំណល់។ យើងមានឱកាសជាច្រើនដើម្បីសម្រេចកិច្ចការងារនេះ»៕