កំពង់ឆ្នាំងៈ វិវាទការងាររវាងកម្មករ និងក្រុមហ៊ុនទទួលម៉ៅការបន្តពីក្រុមហ៊ុន Sumitomo Mitsui Construction Company (SMCC) ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ពីចំណុចភូមិសាស្ត្រស្រុករលាប្អៀរ ទៅស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមហ៊ុន SMCC បានចេញមុខទទួលខុសត្រូវក្នុងការបើកប្រាក់ឈ្នួលដល់កម្មករ ៥៥ នាក់តាមការណែនាំរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។
លោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ តំណាងក្រុមហ៊ុន SMCC បានសម្រេចបើកប្រាក់ឈ្នួលដល់ក្រុមកម្មករ ៥៥ នាក់ជំនួសក្រុមហ៊ុនទទួលម៉ៅការបន្តពីក្រុមហ៊ុនរបស់ខ្លួនដើម្បីបិទបញ្ចប់ករណីវិវាទរឿងប្រាក់ឈ្នួលកម្មករដែលអាក់ខានមិនបានបើកចាប់តាំងពីខែមេសា ឆ្នាំ ២០២០ មក។
លោក ស៊ីថា បានថ្លែងថា៖ «ការទទួលខុសត្រូវរបស់ក្រុមហ៊ុន SMCC ក្នុងការបើកប្រាក់ឈ្នួលដល់កម្មករ ៥៥ នាក់ជំនួសឲ្យក្រុមហ៊ុនជាដៃគូរបស់ខ្លួន នាពេលនេះបានធ្វើឲ្យជីវភាពគ្រួសារកម្មករទាំង ៥៥ នាក់នោះមានក្ដីសង្ឃឹមជាថ្មីបន្តទៀត ខណៈវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តញាំញីសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ»។
កម្មករម្នាក់ក្នុងចំណោមកម្មករទាំង ៥៥ នាក់នោះលោក កែម សារ៉ាត់ បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលខាងក្រុមហ៊ុនធំ [ក្រុមហ៊ុន SMCC] បានចេញមុខជួយដោះស្រាយបើកប្រាក់ឈ្នួលការងារដល់ពួកខ្ញុំ បើមិនដូច្នោះទេ ជីវភាពគ្រួសារយើងខ្ញុំមិនដឹងជាដុនដាបដល់កម្រិតណាទេ»។
លោក សារ៉ាត់ បានឲ្យដឹងថា ចាប់តាំងពីមានករណីរាតត្បាតនៃជំងឺកូវីដ១៩ មកស្ថានភាពជីវភាពគ្រួសាររបស់គាត់មានការលំបាកជាខ្លាំង ដោយសមាជិកក្នុងក្រុមគ្រួសារមួយចំនួនត្រូវបាត់បង់ការងារ និងប្រាក់ចំណូល ខណៈការចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃ និង គ្រឿងបរិកា្ខរសម្រាប់ការពារការឆ្លងជំងឺកូវីដ១៩ មានការកើនឡើងបើធៀបទៅនឹងការចំណាយមុនពេលមានវិបត្តិនៃជំងឺរាតត្បាតនេះ។
ទន្ទឹមនឹងនេះលោក សារ៉ាត់ បានប្រាប់ឲ្យដឹងទៀតថា នៅពេលនេះគាត់ និងកម្មករមួយចំនួនទៀតបានសម្រេចចិត្តឈប់ធ្វើការឲ្យក្រុមហ៊ុនម៉ៅការសំណង់ ដែលទទួលម៉ៅការបន្តពីក្រុមហ៊ុន SMCC នោះទៀតហើយ ដោយបារម្ភថា ក្រុមហ៊ុនដែលទទួលម៉ៅការបន្តនោះអាចនឹងមិនបើកប្រាក់ឈ្នួលដល់ពួកគាត់ជាថ្មីម្ដងទៀត។
លោកថ្លែងថា៖ «នៅពេលនេះខ្ញុំបានដាក់ពាក្យស្នើសុំធ្វើការងារនៅក្រុមហ៊ុន SMCC ដោយផ្ទាល់វិញ ព្រោះក្រុមហ៊ុននេះមានការទទួលខុសត្រូវសង្គមកម្រិតខ្ពស់ ហើយខ្ញុំសង្ឃឹមថា ក្រុមហ៊ុននេះនឹងផ្ដល់ឱកាសការងារដល់ខ្ញុំ»។
លោក Jules Ducalas ប្រធានក្រុមសង្កេតការណ៍ក្រុមហ៊ុន SMCC (SMCC''s Chief Surveyor) បានថ្លែងថា ក្រុមហ៊ុន SMCC រីករាយ និងស្វាគមន៍ចំពោះកម្មករដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការងារ៕