ភ្នំពេញៈ ខ្សែវីដេអូអប់រំជាង ៧០ វីដេអូនឹងត្រូវផលិតឡើងដោយក្រុមហ៊ុន MK International and Development របស់ប្រទេសន័រវេសដោយមានកិច្ចសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាក្នុងរយៈពេល ៣ ឆ្នាំដែលនឹងវិនិយោគទឹកប្រាក់ជិត ២ លានដុល្លារអាមេរិកសម្រាប់ផលិតវីដេអូអប់រំបែបកម្សាន្តនេះ។
ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ បានចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផលិតមាតិកាអប់រំជាមួយនឹងក្រុមហ៊ុន MKI ដើម្បីអភិវឌ្ឍមាតិកាអប់រំ ផលិត និងផ្សព្វផ្សាយវីដេអូ ក្រោមរូបភាពនៃការអប់រំ និងមានបង្កប់នូវការកម្សាន្តផងដែរ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រសួងអប់រំស្វាគមន៍នូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់នូវគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាដែលជាក់ស្តែងដូចនៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន MKI របស់ប្រទេសន័រវែសជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡានាពេលថ្មីៗនេះផងដែរ។
លោកបានបញ្ជាក់ថា៖ «កិច្ចសហការនេះផ្តោតលើការផលិត និងផ្សព្វផ្សាយវីដេអូសរុបចំនួន ៧២ វីដេអូក្រោមរូបភាពការអប់រំ និងការកម្សាន្តដោយមានការសហការក្នុងរយៈពេល ៣ ឆ្នាំគិតចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣»។
លោកបានបន្តថា ការផលិតវីដេអូនេះដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាទូទៅដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅមិនថា អ្នកដែលមានឱកាស ឬគ្មានឱកាសក្នុងការសិក្សានៅសាលារដ្ឋ ឬបណ្តាសាលាឯកជននានា នៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ក្នុងពិធីចុះ MoU នាទីស្តីការក្រសួងថា ក្រសួងមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន MKI ប្រទេសន័រវែសដែលមានជំនាញផលិតមាតិកាព័ត៌មានមកវិនិយោគក្នុងការផលិតកម្មវិធីវីដេអូសម្បូរបែបជាច្រើនព្រមទាំងផ្ដល់ជាចំណេះដឹងក្នុងការរៀនសូត្រលើប្រធានបទផ្សេងៗ ដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុងការសិក្សាដែលខ្លឹមសារប្រកបដោយការអប់រំ។
ចំណែកលោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និងជានាយកក្រុមហ៊ុន MKI បានលើកឡើងដែរថា ខ្សែវីដេអូទាំងនេះគឺធ្វើឡើងដើម្បីជំរុញការចង់ចេះ ដឹងរបស់ពលរដ្ឋកម្ពុជាទូទៅ។
លោកស្រីបានថ្លែងថា៖ «គម្រោងការអប់រំផ្តោតសំខាន់ទៅលើប្រធានបទផ្សេងៗដូចជា សុខភាព អាហារូបត្ថម្ភ វិទ្យាសាស្ត្រធម្មជាតិ បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រសុខាភិបាល ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់របស់មនុស្សជាតិមានដូចជា ទស្សនវិជ្ជា សង្គមវិទ្យា ចិត្តវិទ្យា និងវប្បធម៌ផ្សេងៗក្នុងពិភពលោកមានអក្សរសាស្ត្រ តូរ្យតន្ត្រី សិល្បៈ និងភាពយន្តជាដើម»។
កម្មវិធីដែលបានផលិតនឹងផ្តល់ជូនដោយឥតគិតថ្លៃតាមបណ្តាញផ្សព្វផ្សាយសង្គមដូចជា Facebook,Youtube និងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកក្រសួងអប់រំ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា គម្រោងរយៈពេល ១០ ឆ្នាំក្នុងការផលិតកម្មវិធីទាំងនេះជាក្តីស្រមៃផ្ទាល់របស់លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ចំពោះប្រទេសកម្ពុជាដែលលោកស្រីមានតាំងពីឆ្នាំ ២០០៨ នៅពេលលោកស្រីមកដល់កម្ពុជាលើកដំបូង។ ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ លោកស្រី និងក្រុមការងារបានផលិតឯកសារខ្នាតវែង «Total Brokeness» ដែលបង្ហាញពីការរំលោភបំពានលើកុមារ និងខ្មែរវីដេអូជាស៊េរី «Women in Their 40s» ដែលផ្សព្វផ្សាយលើទូរទស្សន៍ NHK ជប៉ុន និង Asia Media Corp របស់សិង្ហបុរី។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា លោកស្រីម៉ារី និងដៃគូបានបង្កើតក្រុមហ៊ុន MKI ន័រវែសក្នុងឆ្នាំ ២០០៥ នឹងវិនិយោគទឹកប្រាក់ ១,៨ លានដុល្លារដើម្បីផលិត កម្មវិធីអប់រំបែបកម្សាន្តនេះសម្រាប់រយៈពេល ៣ ឆ្នាំនៅកម្ពុជា៕