បន្ទាយមានជ័យៈ ក្រុមហ៊ុនហ្រ្គែនដាយមិនស៊ីធី និងប៉ោយប៉ែតរីសត ដែលមានទីតាំងនៅក្រុងប៉ោយប៉ែតបានផ្ដល់នូវសត្វប្រើសស្បូវចំនួន ១៤ ក្បាល ដល់ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីនាំយកទៅថែរក្សាបន្ត និងបង្កាត់ពូជ។
លោក សឿម សាអុីម តំណាងក្រុមហ៊ុនហ្រ្គែនដាយមិនស៊ីធី និងប៉ោយប៉ែតរីសត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចុងសប្តាហ៍ថា កាលពី ១៨ ឆ្នាំមុនក្រុមហ៊ុនរបស់លោកបានប្រមូលទិញកូនសត្វប្រើសចំនួន ៤ ក្បាល (ឈ្មោល ១ ញី ៣ ) ពីប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាយដែនថៃនៃខេត្តបន្ទាយមានជ័យ មកចិញ្ចឹមថែរក្សា ហើយបានកើតកូនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ មានចំនួន ១៤ ក្បាល។
លោកបញ្ជាក់ថា៖ «ពេលដែលយើងទិញពីប្រជាពលរដ្ឋមកនោះពួកវានៅតូចៗ និងមានរបួស។ យើងបានព្យាបាលវា និងថែរក្សាការពារវា ដោយដំបូងឡើយយើងដាក់វានៅក្នុងទ្រុង និងផ្ដល់ចំណីឲ្យវាស៊ីជាប្រចាំ។ បន្ទាប់មកយើងបានដោះលែងវានៅក្នុងទីធ្លានៃដីព្រៃរបស់ក្រុមហ៊ុនទំហំ ៥ ហិកតា ហើយវាបានបង្កាត់ពូជបានកូនយ៉ាងច្រើន។ ប៉ុន្តែដោយសារការកើនឡើងនៃកម្តៅក្នុងបរិយាកាសនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យពួកវាមួយចំនួនឈឺងាប់ជាបន្តបន្ទាប់ ដែលរហូតមកទល់ពេលនេះនៅសេសសល់ត្រឹមតែ ១៤ ក្បាលប៉ុណ្ណោះ» ។
លោក សាអុីម ដែលធ្លាប់បានទៅទស្សនា និងសិក្សាស្វែងយល់អំពីរបៀបថែទាំសត្វព្រៃរបស់ក្រុមមន្ត្រីជំនាញនៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បាននិយាយទៀតថាដោយក្រុមហ៊ុនរបស់លោកកង្វះខាតអ្នកជំនាញ ក្នុងការថែទាំ និងព្យាបាលសត្វព្រៃ និងដើម្បីការពារកុំឲ្យសត្វប្រើសដែលនៅសេសសល់បន្តឈឺងាប់ទៀតនោះ ក្រុមហ៊ុនបានសម្រេចប្រគល់ពួកវាមកខាងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ដើម្បីធ្វើការថែរក្សា និង អភិរក្សវាបន្ត។
លោកបន្ថែមថា៖ «យើងមានគំនិតសុទិដ្ឋិនិយមថា មន្ត្រីជំនាញនៃឧទ្យានសួនសត្វភ្នំតាម៉ៅនឹងថែទាំពួកវាបានយ៉ាងល្អហើយពួកវាអាចនឹងបង្កាត់ពូជបានកូនចៅកាន់តែច្រើនឡើងថែមទៀត»។
នៅពេលនេះ សត្វប្រើសស្បូវចំនួន ៣ ក្បាលក្នុងចំណោម ១៤ ក្បាល ដែលផ្ដល់ឲ្យដោយក្រុមហ៊ុនហ្រ្គែនដាយមិនស៊ីធី និងប៉ោយប៉ែតរីសតខាងលើនេះ បានដឹកទៅដល់សួនសត្វភ្នំតាម៉ៅហើយ។ នេះបើតាម លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ ភ្នំ តាម៉ៅ។
លោកថ្លែងថា៖ «នៅពេលនេះក្រុមមន្ត្រីជំនាញយើង កំពុងរៀបចំដឹកជញ្ជូនប្រើសដែលនៅសល់ ១១ ក្បាលទៀត មកកាន់ទីតាំងសុវត្ថិភាពក្នុងតំបន់ឧទ្យានជាតិរបស់យើង ដើម្បីថែរក្សានិងបង្កាត់ពូជ។ នៅពេលចំនួនរបស់វាមានការ កើនឡើងច្រើន យើងនឹងនាំពួកវាមួយចំនួនទៅលែងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ដើម្បីឲ្យពួកវារស់នៅតាមរបៀបធម្មជាតិរបស់វា»។
បើតាម លោក រតនៈពេជ្រ សត្វព្រៃជាច្រើនប្រភេទ ដែលរួមមាន ឈ្លូស ប្រើស ក្រពើភ្នំឬក្រពើត្រី ខ្ទីង រមាំង ខ្លាត្រី និង សត្វស្លាបមួយចំនួនទៀតដែលឧទ្យានសួនសត្វភ្នំតាម៉ៅទទួលបានពីសប្បុរសជន ក្រុមហ៊ុន និងពីស្ថាប័នដែលជាដៃគូមួយចំនួនមកថែរក្សា និងបង្កាត់ពូជនោះបានទទួលជោគជ័យជាបន្តបន្ទាប់ ដែលរហូតមកទល់ពេលនេះ ប្រភេទសត្វទាំងនោះមួយចំនួនត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃមួយចំនួនក្នុងប្រទេសកម្ពុជា។
គម្រោងបង្កាត់ពូជសត្វព្រៃ នៃឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ត្រូវបានគេអធិប្បាយថា ក៏ជាផ្នែកមួយនៃការគាំទ្រ និងលើកកម្ពស់ នូវគម្រោងស្ដារឡើងវិញនូវសត្វខ្លាធំនៅកម្ពុជាដែលរដ្ឋាភិបាលកំពុងសហការជាមួយនឹងអង្គការ WWF ផងដែរ៕