ភ្នំពេញៈ ក្រុមហ៊ុន​ស៊ីងបាយអូថេក (​ខេមបូឌា​) អះអាង​ថា ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​នឹង​ដាំ​ឈើ​ឱ្យបាន​ជាង ៣០ ​លាន​ដើម ​នៅ​លើ​ផ្ទៃដី​ជាង ៣ ម៉ឺន​ហិកតា​ ដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​ឈើ​ប្រើប្រាស់​ជា​លក្ខណៈ​ឧស្សាហកម្ម​។

លោក លូ ឈូឆាង នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ស៊ីងបាយអូថេក និង​ជា​ប្រធាន​សមាគម​ឧស្សាហកម្ម​កែច្នៃ​ឈើ​បាន​លើកឡើង​ថា បន្ទាប់ពី​មាន​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​កាលពី​ចុងឆ្នាំ​ ២០១៨ ក្រុមហ៊ុន​បានរៀបចំ​ផែនការ ដើម្បី​ដាំ​កូនឈើ​ជាង ៣០ ​លាន​ដើម​ ស្ថិត​នៅ​លើ​ផ្ទៃដី​សម្បទាន​ទាំងអស់​ទំហំ​ ៣៤០-០៧ ​ហិកតា​ ដែល​មាន​ទីតាំង​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្ដារ​ព្រៃឈើ​បឹងចារ​ស្ថិត​ក្នុង​ខេត្តក្រចេះ និង​ស្រុក​សៀម​បូក​ខេត្ត​ស្ទឹងត្រែង​។

លោក​បន្តថា ការដាំ​ឈើ​ទាំងនេះ​នឹង​ប្រើ​ជា​វត្ថុធាតុដើម​ដើម្បី​កែច្នៃ​ទៅជា​ផលិតផល​ឈើ​សម្រាប់​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ចាំបាច់​នៅក្នុង​ប្រទេស ខណៈ​ការសាងសង់​សំណង់​នៅ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​កំពុង​កើនឡើង​ខ្ពស់​។ លោក​បន្ថែមថា កូនឈើ​ទាំងនោះ​នឹង​អាច​ផ្ដល់​ផល​ហើយ​យក​មក​កែច្នៃ​បាន​គឺ ​៥ ​ឆ្នាំ​បន្ទាប់ពី​ការដាំដុះ​។

លោក លូ ឈូឆាង បាន​ថ្លែង​នៅក្នុង​របាយការណ៍​មួយ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃទី​ ១៥ ​ខែ​មករា ​ថា​ «​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំ ២០១៩ ​មក ក្រុមហ៊ុន ស៊ីងបាយអូថេក​ចាប់ផ្ដើម​ឈូសឆាយ​លើ​ផ្ទៃដី​ទំហំ ៥ ០០០ ហិកតា ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ដាំដុះ​កូនឈើ​នៅក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​ ២០២០ ​លើ​ផ្ទៃដី​ដែល​បាន​ឈូសឆាយ​ទាំងអស់​ដោយ​គ្រោង​ដាំ​ឈើ​ប្រណីត​ជិត ៧ ​លាន​ដើម​។ នៅ​ឆ្នាំ​ ២០២១ ​និង​ ២០២២ ក្រុមហ៊ុន​គ្រោង​ធ្វើការ​ឈូសឆាយ​លើ​ផ្ទៃដី​ ១០-០០០ ​ហិកតា​ក្នុង​ ១ ​ឆ្នាំ​ហើយ​ដាំ​កូនឈើ​សរុប​ចំនួន​ជាង​ ២៥ ​លាន​ដើម​»​។ លោក​ថា​គម្រោង​ដាំ​កូនឈើ​របស់​ក្រុមហ៊ុន​នឹង​ជួយ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ប្រមាណ​ ១០ ​ម៉ឺន​នាក់​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា ការវិនិយោគ​ចម្ការ​ដាំ​ឈើ​នៅ​កម្ពុជា​នេះ​នឹង​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​រួមទាំង​ការជួយ​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​។

លោក​ថា​៖ «​ការបង្កើត​ចម្ការ​ឈើ​ដាំ គឺជា​យុទ្ធសាស្ដ្រ​ដ៏មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ និង​ចូលរួម​ពង្រឹង​ការអភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កម្ពុជា​មាន​នាពេល​បច្ចុប្បន្ន និង​អាច​លក់​តួនាទី​របស់​ព្រៃឈើ​ក្នុង​ក្របខណ្ឌ​ឥណទាន​កាបូន​។ ប្រទេស​កម្ពុជា​មាន​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដ៏សំបូរបែប​។ ព្រៃឈើ​គ្របដណ្ដប់​ប្រមាណ​ ៥០% នៃ​ផ្ទៃ​ប្រទេស​ដែលជា​អត្រា​ខ្ពស់បំផុត​នៅ​អាស៊ីអាគ្នេយ៍​»​។

ទោះជា​យ៉ាងណា​លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​បាន​លើកឡើង​ថា ការតាមដាន​ចាប់ពី​ឆ្នាំ​ ២០១៨ មកដល់​ឆ្នាំ ២០២០ គឺ​បាន​សង្កេត​ឃើញ​ថា ក្រុមហ៊ុន ស៊ីង បាយអូថេក បាន​កាប់បំផ្លាញ​ព្រៃឈើ​ដែល​មាន​អាយុកាល​រាប់រយឆ្នាំ និង​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​មិនបាន​ដាំ​ដើមឈើ​ថ្មី​ឡើង​វិញ​នោះទេ​។

លោក​បន្តថា​៖ «​ការដាំ​កូនឈើ ដើម្បី​ធ្វើជា​វត្ថុធាតុដើម​កែច្នៃ​ទៅ​ជា​ផលិតផល​គឺជា​លេស​របស់​ក្រុមហ៊ុន​ទេ ព្រោះ​ដើមឈើ​មួយៗ​ដែល​អាច​ដាំ​ និង​យក​ប្រើប្រាស់​បាន​មិនមែន​តិច​ឆ្នាំ​ទេ​។ ដោយឡែក​ដើមឈើ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ខ្លះ​មាន​អាយុកាល​រាប់រយឆ្នាំ គឺ​មិនមែន​តិច​ឆ្នាំ​ទេ ហើយ​មិន​អាច​ទៅ​ដាំ​ដើមឈើ​ ៣-៤ ​ឆ្នាំ ហើយ​អាច​យកមក​ផ្គត់ផ្គង់​បាន​។ អ៊ីចឹង​! មាន​តែ​ចូលទៅ​កាប់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ និង​ព្រៃ​សហគមន៍​ដែល​នៅ​ក្រឡឹង​ជុំវិញ​របស់​ក្រុមហ៊ុន​ហ្នឹង​»​។

លោក ស្រស់ ចង់​ឱ្យ​រដ្ឋាភិបាល ដកសិទ្ធិ​វិនិយោគ​ពី​ក្រុមហ៊ុន​ស៊ីងបាយអូថេក​ព្រោះ​លោក​ថា ក្រុមហ៊ុន​នេះ​គឺ​បាន​យក​លេស​មក​វិនិយោគ ដើម្បី​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​។ លោក​ក៏​ចង់ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការអនុញ្ញាត​ឱ្យ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​ដែរ ព្រោះ​ការអនុញ្ញាត​របស់​រដ្ឋាភិបាល​កន្លងមក​បាន​ធ្វើឱ្យ​មាន​ការដឹក​ជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅខាង​ក្រៅ ដែល​បណ្ដាល​ឱ្យ​ព្រៃឈើ​ត្រូវ​រង​ការបាត់បង់​ដូច​សព្វថ្ងៃ​។

ទោះជា​យ៉ាងណា​បើ​តាម​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ប្រទេស​ កម្ពុជា​ មាន​គម្រប​ព្រៃឈើ​ប្រមាណ ៥០% នៃ​ផ្ទៃដី​ហើយ​មាន​ទំហំ​ជាង​ ៧ ​លាន​ ២ ​សែន​ហិកតា​ ឬ​ស្មើនឹង​ ៤១% ​នៃ​ផ្ទៃដី​ត្រូវបាន​បង្កើតជា​តំបន់​ការពារ​ធម្មជាតិ ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។ លោក​បន្តថា រដ្ឋាភិបាល​ចង់ឱ្យ​មាន​ការវិនិយោគ​ចម្ការ​ឈើ​ដាំ​ឱ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​បង្កើន​ភាព​បៃតង និង​បង្កើត​ប្រភព​ឈើ​សម្រាប់​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព​៕