ភ្នំពេញៈ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បរិច្ចាគ​ឈាម ក្រុមហ៊ុន Facebook នៅ​ថ្ងៃទី​ ២៤ កុម្ភៈ បាន​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ចុះឈ្មោះ​បរិច្ចាគ​ឈាម​នៅ​កម្ពុជា​ដោយ​ចាប់​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​របស់​ក្រសួង​សុខាភិបាល​។ តាមរយៈ​កម្មវិធី​នេះ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ចំនួន​ ២២ ​ត្រូវបាន​បើក​ដំណើរការ​ក្នុង​ Facebook​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ជីវិត​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ពឹង​ផ្អែកលើ​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ឈាម​ប្រកប​ដោយ​សុវត្ថិភាព និង​និរន្តរភាព​។ មិន​ថា​ជា​ការផ្ដល់​ឈាម​ជាប្រចាំ ឬ​ផ្ដល់​ឈាម​សម្រាប់​ការងារ​សង្គ្រោះបន្ទាន់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ការវះកាត់​ដ៏ស្មុគស្មាញ ឬ​ផលវិបាក​នៃ​ការព្យាបាល​ជំងឺ​ផ្សេងទៀត​ក្ដី ការផ្ដល់​ឈាមមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ ក្នុង​គំនិត​នេះ មុខងារ​បរិច្ចាគ​ឈាម​របស់​ហ្វេសប៊ុក​ត្រូវបាន​បង្កើតឡើង​ដើម្បី​ភ្ជាប់​ម្ចាស់ជំនួយ​ដែលមាន​ចំណាប់អារម្មណ៍​ទៅនឹង​ធនាគារ​ឈាម និង​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​។

ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ចុះឈ្មោះ​ដើម្បី​បរិច្ចាគ​ឈាម​តាម​ប្រព័ន្ធ Facebook នេះ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្លែងថា​៖ «​យើង​ស្វាគមន៍ គំនិត​ផ្តួចផ្តើម​នេះហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ពង្រឹង​ប្រព័ន្ធ​ឌីជីថល​សុខភាព​របស់​យើង​ដោយ​ភ្ជាប់​ប្រជាពលរដ្ឋ​ទៅ​កន្លែង​បរិច្ចាគ​ឈាម និង​ណែនាំ​ពលរដ្ឋ​ឱ្យ​ផ្តល់​សេវា​បរិច្ចាគ​ឈាម​ជាតិ​ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ​។ យើង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ដែលមាន​ចំណាប់អារម្មណ៍​ចុះឈ្មោះ​ និង​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​»​។

មុខងារ​បរិច្ចាគ​ឈាម​របស់ Facebook បាន​ជួយ​បង្កើន​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​ជុំវិញ​ពិភពលោក​។ វា​ផ្តល់ឱ្យ​មនុស្ស​ដែលមាន​អាយុ​ ១៨-៦៥ ​ឆ្នាំ​នូវ​ជម្រើស​ក្នុងការ​ប្រើ​ហ្វេសប៊ុក​ដើម្បី​ចុះឈ្មោះ និង​ទទួលបាន​ការជូន​ដំណឹង​ពី​ធនាគារ​ឈាម​ដែល​នៅក្បែរ​ពួកគេ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ពួកគេ​បរិច្ចាគ​ឈាម​។

នៅ​ប្រទេស​កម្ពុជា ហ្វេសប៊ុក​បាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អង្គការ​ក្នុងស្រុក​ដទៃទៀត​ដើម្បី​ធានាថា ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​សុខភាព​ដែល​អាច​ជឿទុកចិត្ត​បាន​តាម​អ៊ីនធឺណិត​។ កត្តា​នេះ​ក៏​នឹង​ជួយ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ផងដែរ​ដូចជា​ព័ត៌មាន​ស្តីពី​ការព្យាបាល​ថែទាំ​ជំងឺ​ក្លែងបន្លំ​ជាដើម​។​ល​។

លោក​ ហេង ភក្តី ប្រធាន​គ្រប់គ្រង​គោលនយោបាយ​សាធារណៈ​សម្រាប់ ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន Facebook ថ្លែងថា​៖ «​ហ្វេសប៊ុក​សង្ឃឹមថា នឹង​បង្កើត​សហគមន៍​ដែល​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រា​លំបាក​»​។

លោក​បន្តថា​៖ «​ដោយសារ​តែ​ការរីករាលដាល​នៃ​រោគរាតត្បាត​ទូទាំង​ពិភពលោក ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​វេទិកា​ឌីជីថល​ដើម្បី​បង្កើត​ការយល់ដឹង​អំពី​សុខភាព និង​បង្កើត​ប្រព័ន្ធ​គាំទ្រ​។ យើង​រីករាយ​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការបរិច្ចាគ និង​ធានាថា ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​មាន​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ឈាម​ប្រកប​ដោយ​សុវត្ថិភាព​ និង​និរន្តរភាព​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា អ្នកប្រើប្រាស់​ហ្វេសប៊ុក​ជាង​ ៨៥ ​លាន​នាក់ ​នៅ​ទូទាំង​ពិភពលោក​បាន​ចុះឈ្មោះ​តាមរយៈ​មុខងារ​បរិច្ចាគ​ឈាម ដើម្បី​ទទួលបាន​ការជូនដំណឹង​ពី​ធនាគារ​ឈាម​នៅក្បែរនោះ​។ មុខងារ​នេះ​ឥឡូវ​មាន​នៅ​ក្នុងប្រទេស​ចំនួន ៣០ រួមទាំង​ប្រទេស​កម្ពុជា​ ផងដែរ​។ ដើម្បី​ស្វែងយល់​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.facebook.com/donateblood៕