នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ផ្តល់​យន្តហោះ​ពិសេស​ចំនួន ២ គ្រឿង ដើម្បី​ដឹក​ម៉ាស់​ចំនួន ១ លាន ៥ ម៉ឺន ព្រម​ទាំង​សម្ភារ​វេជ្ជសាស្ត្រ​ជាច្រើន​ទៀត​ដែល​ជា​អំណោយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ប្រទេស ទីម័រខាងកើត (ទីម័រឡេស្ត) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​កូវីដ​១៩។

ការ​ដឹក​ជញ្ជូន​ជំនួយ​នេះ​គឺ​ដឹក​នាំ​ដោយ​លោក អ៊ុច បូររិទ្ធ រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង ជា​រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា អម​ដោយ​ប្រតិភូ​កម្ពុជា​ចំនួន ១២ រូប​ផ្សេង​ទៀត ទៅ​កាន់​ប្រទេស​ ទីម័រខាងកើត។

នេះ​គឺ​ជា​លើក​ទី ២ ហើយ ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង ដែល​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ទទួល​សំណើ​បន្ទាន់​ស្រដៀង​គ្នា​នេះ​សម្រាប់​ការ​ដឹក​ជញ្ជូន​ជំនួយ​បែប​នេះ។ លើក​នេះ​គឺ​ក្រុមហ៊ុន​បាន​ផ្តល់​យន្តហោះ​ពិសេស​ចំនួន ២ គ្រឿង​ដឹក​ជញ្ជូន​ម៉ាស់​និង​សម្ភារ​វេជ្ជសាស្ត្រ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ទៅ​កាន់​ប្រទេស​ទីម័រខាងកើត បន្ទាប់ពី​ក្រុមហ៊ុន​បាន​បំពេញ​ភារកិច្ច​ដ៏​សំខាន់​បែបនេះ ចំពោះ​ការ​ដឹក​ជញ្ជូន​ជំនួយ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​សប្តាហ៍​មុន។

បន្ទាប់ពី​ការ​រៀបចំ​បាន​យ៉ាង​ឆាប់​រហ័ស និង យ៉ាង​រលូន យន្តហោះ​ពិសេស​ចំនួន ២ គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ២ ខែ ធ្នូ នេះ។ បន្ទាប់ពី​ការ​ហោះហើរ​ដែល​ត្រូវ​ចំណាយ​ពេល​ប្រហែល ៥ ម៉ោង ម៉ាស់​និង​សម្ភារ​វេជ្ជសាស្ត្រ​ទាំងនេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​ប្រទេស ទីម័រខាងកើត នៅ​វេលា​ប្រហែល​ម៉ោង ៩:៤៥ នាទី ម៉ោង​នៅ​ទីម័រខាងកើត នៅ​ថ្ងៃទី ២ ខែ ធ្នូ នេះ។

យន្តហោះ​ពិសេស​នេះ បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ President Nicolau Lobato International Airport ក្នុង​ទីក្រុង Dili ​នៃ​ប្រទេស​ទីម័រខាងកើត​ដោយ​សុវត្ថិភាព ហើយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូរដ្ឋាភិបាល​កម្ពុជា និង​បាន​ប្រារព្ធ​ពិធី​ផ្តល់​ប្រគល់​ជំនួយ​នៅ​ទី​នោះ​តែម្តង។

គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព។ នេះ​គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ដែល​បាន​បំពេញ​ភារកិច្ច​នេះ​ចប់​ជា​ស្ថាពរ​តាម​រយៈការ​ដឹក​ជញ្ជូន​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​របស់​រាជដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ ពិត​ជា​រីករាយ​ណាស់ ក្នុង​ការ​បំពេញ​នូវ​បេសកម្ម​ដ៏​សំខាន់​មួយ​នេះ ដើម្បី​ធានា​ថា​ភារកិច្ច​គឺ​ត្រូវ​បញ្ចប់​ដោយ​ជោគជ័យ។

ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ធ្វើ​រឿង​ស្រដៀង​នេះ​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ តាម​រយៈការ​ផ្តល់​យន្តហោះ​ពិសេស​សម្រាប់​បេសកកម្ម​របស់​មន្រ្តី​ជាន់​ខ្ពស់​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។ ប្រទេស​ដែល​យន្តហោះ​ពិសេស​របស់ ខេមបូឌា អ៊ែរវ៉េ បាន​បំពេញ​បេសកកម្ម​មាន​ដូចជា នៅ​ប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា និង ថៃ ជាដើម។ ហើយ​ប្រតិបត្តិការ​ទាំង​នោះ​គឺ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ​១៩ នេះ ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវ​បាន​ទទួល​ភារកិច្ច​ចំនួន ២ ជាប់ៗ​គ្នា ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​សម្រេច​បាន​នូវ​បេសកកម្ម​ដ៏​សំខាន់​នេះ។

យើង​បាន​បញ្ចប់​ការ​ដឹក​ជញ្ជូន​សម្ភារ​វេជ្ជាសាស្ត្រ​ទាំង​នេះ​ក្នុង​រយៈពេល​​នៃ​ការ​រៀបចំ​មួយ​ដ៏​ខ្លី​ហើយ​យើង​បាន​ដឹក​ជញ្ជូន​ម៉ាស់​ជាង ៣,៣ លាន រួម​នឹង​សម្ភារ​វេជ្ជសាស្រ្ត​ជាច្រើន​ទៀត ទៅ​កាន់​ប្រទេស មីយ៉ាន់ម៉ា និង ទីម័រខាងកើត។

ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ តែងតែ​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​ក៏​មាន​បេសកកម្ម​ដើម្បី​លើក​កម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស កម្ពុជា និង ពិភព​លោក និង​ការ​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផងដែរ។

ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​មិន​ងាករេ យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ។ ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ កំពុង​ខិតខំ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ជា​អាជីវកម្ម​ថ្នាក់​ជាតិ​របស់​ប្រទេស​កម្ពុជា!