
ឆ្នេរព្រែកត្រែងដែលត្រូវក្រុមហ៊ុនឯកជនមួយចាក់ដីរំលោភយក។ រូបថត សហការី
ព្រះសីហនុៈ ក្រុមហ៊ុនឯកជនមួយដែលបានចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជិត២ខែហើយក៏ដោយ តែរហូតមកដល់ថ្ងៃនេះ មិនត្រឹមតែមិនបានកាយដីចេញទេ ថែមទាំងធ្វើរបងព័ទ្ធជុំវិញ និងបានដឹកដីទៅចាក់បន្ថែមទៀត។
យោងតាមលិខិតកំណត់ហេតុដែលភ្នំពេញបុស្ដិ៍ទទួលបាន កាលពីម្សិលមិញ របស់រដ្ឋបាលស្រុកស្ទឹងហាវដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយបានចុះទៅហាមឃាត់ការចាក់ដីចូលក្នុងសមុទ្រ ស្ថិតនៅភូមិ ៤ ភូមិទំនប់ទឹក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។
លិខិតដដែលបានឲ្យដឹងថា ចំពោះការចុះហាមឃាត់ការចាក់ដីនេះ មានការដឹកនាំដោយលោក សុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងមេឃុំទំនប់រលក មេភូមិ ៤ តាមរយៈការបញ្ជាពីលោកអភិបាលស្រុកស្ទឹងហាវតែម្ដង។
លោក សុន ពិសី ថ្លែងថា៖ «ក្រោយពីបានចុះដល់ទីតាំងដីរួចមក ក្រុមការងារបានពិនិត្យជាក់ស្ដែងឃើញថា ពិតជាមានការចាក់ដីចូលសមុទ្រ ដើម្បីពង្រីកដីទៅក្នុងជ្រៅ (ឆ្នេរសមុទ្រ) ហើយក៏បានស្នើឲ្យម្ចាស់ទីតាំងផ្អាកសកម្មភាពចាក់ដីចូលសមុទ្រ ជាបណ្ដោះអាសន្នសិន»។
លោក យូរ វាសនា អនុប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្ដព្រះសីហនុ បានឲ្យដឹងថា តាមរយៈការអង្កេតរបស់លោក ក្រុមហ៊ុនដែលបានចាក់ដីចូលសមុទ្រនោះ បន្ទាប់ពីមានបញ្ជាពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ភ្លាមៗនោះ ពិតជាមានសកម្មភាពមានរថយន្ដបានចូលមកកាយដីចេញពីឆ្នេរសមុទ្រវិញពិតមែន ប៉ុន្ដែកាយបានតែបន្ដិចក៏ឈប់កាយ ហើយក្រោយមកក្រុមហ៊ុនបានបន្ដធ្វើរបងព័ទ្ធជុំវិញដីដែលបានចាក់លុបឆ្នេរនោះបន្ថែមទៀត។
លោកបានបន្ដថា៖ «ពីមុនមក ក្រុមហ៊ុននេះបានកាយដីចេញតែមួយចំនួនទេ ប៉ុន្ដែក្រោយមកក៏ឃើញ បើករបងឲ្យឡានដឹកដី ចូលចាក់ដីបន្ថែម ទើបឃើញមានលោកអភិបាលរងស្រុកចុះទៅហាមឃាត់បែបនេះ ហើយឥឡូវឃើញចាក់សោរបិទ មិនឲ្យមានអ្នកណាចូលទៅបានទេ»។
លោក ឱ សារឿន អ្នកនាំពាក្យខេត្ដព្រះសីហនុធ្លាប់បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ខេត្ដបានធ្វើនីតិវិធីជាច្រើនកន្លងមកចំពោះករណីក្រុមហ៊ុនមួយនេះហើយ ប៉ុន្ដែមិនទាន់បានស្អាតទាំងស្រុងទេ។
លោក សារឿន ថ្លែងថា៖ «ដីដែលចាក់លុបឆ្នេរនោះនៅមិនទាន់កាយចេញអស់ទាំងស្រុងនៅឡើយទេ។ នេះបើយើងនិយាយដោយត្រង់។ ប៉ុន្ដែជាគោលជំហរយើងមិនទាន់បញ្ចប់ទេ»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែកញ្ញាបានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះទៅពិនិត្យដោយផ្ទាល់ចំពោះការចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរ ព្រែកត្រែង ហើយបានបញ្ជាឲ្យក្រុមហ៊ុននោះកាយយកដីចេញវិញ និងត្រូវរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើមវិញ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសាធារណជន៕