ភ្នំពេញៈ ក្រុមហ៊ុនឯកជនដែលប្រកបរបរលើផ្នែកឱសថស្នើឲ្យក្រសួង សុខាភិបាលជួយសម្រួលដល់នីតិវិធីនៃការបំពេញបែបបទនាំចេញ និងនាំចូលឱសថឲ្យបានឆាប់រហ័ស ដើម្បីធានាដល់និរន្តរភាព និងលើកស្ទួយដល់ធុរកិច្ចឱសថនៅកម្ពុជា ខណៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចង់ឃើញវិស័យនេះ រីកចម្រើន និងគោរពតាមច្បាប់ជាធរមាន។
កាលពីរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំមុនក្រុមការងារតាមវិស័យមកពីក្រសួងពាក់ព័ន្ធ ដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបើកកិច្ចប្រជុំរួមគ្នាលើកទី ២ ជាមួយអ្នកប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យសុខាភិបាលជិត ៥០ នាក់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាលើវិស័យធុរកិច្ចឱសថក្នុងការនាំចូល និងនាំចេញថ្នាំ។
នៅក្នុងឱកាសនោះលោក ម៉ម ប៊ុនហេង និងក្រុមការងារបានផ្ដោតលើចំណុចជាច្រើនដែលជាបញ្ហា និងសំណើដំណោះស្រាយពីការអនុវត្ដបែបបទសុំការនាំចេញឱសថ អាជ្ញាប័ណ្ណនាំចូល អត្រាពន្ធនាំចូលរួមទាំងបញ្ហាវត្ថុធាតុដើមក្នុងការផលិតឱសថ និង ការចុះបញ្ជិកាឱសថផងដែរ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ដល់អ្នកសារព័ត៌មាន។
លោកស្រីបញ្ចាក់ថា៖ «យើងបានជជែកគ្នា ដោយលើកពីហេតុផលមួយចំនួនពាក់ព័ន្ធទៅវិស័យឱសថ រឿងបញ្ហានាំថ្នាំចូល និងនាំថ្នាំចេញដែលក្រុមហ៊ុនក្នុងវិស័យឯកជននេះ លោកបានស្នើសុំ។ ប្រធានបទនេះយើងបានជជែកគ្នាតាំងពីកិច្ចប្រជុំលើកទី ១ ក្នុងការជួយសម្រួលដល់វិស័យធុរកិច្ចឱសថក្នុងវិស័យឯកជន ដើម្បីលើកស្ទួយ និងសម្រួលទៅដល់ធុរកិច្ចនេះឲ្យមានដំណើរការទៅបានងាយស្រួល ស្របតាមគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាលរបស់យើង»។
លោកស្រីបានបន្ថែមថា៖ «យើងបានដោះស្រាយបញ្ហា និងមានការយោគយល់គ្នារវាងឯកជន និងវិស័យរដ្ឋរបស់យើងទៅលើនីតិវិធីក្នុងការអនុវត្តប្រតិបត្តិសំដៅលើការពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត និងច្បាប់ទម្លាប់ ជាពិសេសច្បាប់គ្រប់គ្រងឱសថនៅក្នុងប្រទេសកម្ពុជា»។
លោក ម៉ម ប៊ុនហេង បានទទួលស្គាល់នូវលទ្ធផលល្អនៃការពិភាក្សា ដែលមានការយល់យោគគ្នាចំពោះយន្ដការនៃការអនុវត្ដដោយបានសម្រេចទៅតាមក្របខ័ណ្ឌច្បាប់ ឬបទដ្ឋានគតិយុត្ដដែលមានជាធរមាន។ បន្ថែមពីនេះលោកក៏បានជំរុញឱ្យវិស័យឯកជនខិតខំចូលរួមចំណែកក្នុងការអនុវត្ដច្បាប់ឱ្យបានត្រឹមត្រូវទាក់ទងនឹងផ្នែកឱសថនេះ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងពីម្សិលមិញថា បញ្ហាសំខាន់ៗដែលវិស័យឯកជនពាក់ព័ន្ធនឹងវិស័យឱសថនេះបានស្នើនោះគឺការធ្វើយ៉ាងណាឲ្យដំណើរការនីតិវិធីនៃការបំពេញបែបបទនាំចេញ និងនាំចូលឱសថបានឆាប់រហ័សដោយមិនមានការរាំងស្ទះ ឬត្រូវចំណាយពេលវេលាយូរពេកនោះទេ។
លោកបន្តថា៖ «ជាការពិតណាស់ ច្បាប់យើងត្រូវតែគោរពទាំងអស់គ្នា។ គ្រាន់តែយើងជឿថា ច្បាប់នឹងមិនបង្កការលំបាកឲ្យអ្នករកស៊ីទេ។ កន្លងមកពាក់ព័ន្ធនឹងច្បាប់នេះដោយសារតែការស្នើសុំនេះមានការយឺតយ៉ាវ ពេលខ្លះវាយឺតដោយសារមន្ត្រីពេលខ្លះវាយឺតដោយសារក្រុមហ៊ុនឯកជនខ្លួនឯង។ ដូច្នេះយើងត្រូវប្តេជ្ញាទាំងអស់គ្នាថាត្រូវធ្វើឲ្យល្អប្រសើរទាំងអស់គ្នា»។ បន្ថែមពីនេះលោក លឹម ហេង ក៏ចង់ឲ្យវិស័យសុខាភិបាល និងមន្ទីរពេទ្យរដ្ឋទាំងអស់ បង្កើនការប្រើប្រាស់ឱសថដែលផលិតនៅក្នុងស្រុកដែលជាផលិតផលរបស់ខ្មែរផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យផលិតឱសថនៅកម្ពុជាមានដំណើរការល្អ។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតឱសថក្នុងស្រុកចំនួន ១០ ដែលកំពុងដំណើរការផលិតឱសថជាច្រើនប្រភេទ។
បើតាមប្រកាសកែសម្រួលរបស់ក្រសួងសុខាភិបាលស្តីពីបែបបទ អាហរ័ណ នីហរ័ណ ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ឲ្យដឹងថា ឱសថដែលអនុញ្ញាតឲ្យនាំចូលមកតាំងលក់ក្នុងប្រទេស កម្ពុជា ត្រូវមានលេខបញ្ឆាការយល់ព្រមពីក្រសួងសុខាភិបាល ហើយឱសថដែលនាំចូលនោះត្រូវមានសុពលភាពប្រើយ៉ាងតិច ១៨ ខែ នៅពេលមកដល់កម្ពុជា។ ប្រកាសដដែលនេះក៏បានបញ្ជាក់ដែរថា ចំពោះឱសថ ឱសថបង្ការ (សេរ៉ូមវ៉ាក់សាំង) និងប្រតិករដែលមានរយៈពេលប្រើទាបជាង ១៨ ខែត្រូវមានសុពលភាពប្រើយ៉ាងតិច ២/៣ នៃរយៈពេលប្រើប្រាស់ នៅពេលមកដល់កម្ពុជា៕