ភ្នំពេញៈ ក្រុមហ៊ុន​សម្លៀកបំពាក់ H&M បាន​ថ្លែងថា ពួកគេ​កំពុង​វាយតម្លៃ​លើ​យុទ្ធសាស្ត្រ និង​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​ស្រប​ពេល​ដែល​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ (CAMFE-BA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការខកចិត្ត​ដែល​សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ EBA ​ពី​កម្ពុជា​។

ការថ្លែង​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន​បានសម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាក់លាក់​ខ្លះ និង​សម្ភារ​ធ្វើ​ដំណើរ និង​ស្ករស​ទាំងអស់​ដែល​សរុប​ទៅ​មាន​ទឹកប្រាក់​ប្រមាណ ២០ ​ភាគរយ ឬ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​។

ក្រុមហ៊ុន H&M សរសេរ​ថា​៖ «​បើសិន​ជា​មិនមាន EBA ទេ វា​នឹង​ពិបាក​បន្ត​ការធ្វើឲ្យ​មាន​ការវិវឌ្ឍ​ចាំបាច់​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​នៅ​កម្ពុជា​ដូចជា​ការបង្កើត​កិច្ចព្រមព្រៀង​អនុសញ្ញា​រួម​សម្រាប់​ឧស្សាហកម្ម​នេះ​ទាំងមូល​។ វា​នឹងធ្វើឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ក្នុង​ការវិនិយោគ​នាពេល​អនាគត​ក៏​ដូចជា​ការព្យាករ​ទុក​មុន និង​ភាពជឿជាក់​ដែល​ទាំង​ ២ ​នេះ​ជា​សមាសធាតុ​ដ៏សំខាន់​សម្រាប់​ឧស្សាហកម្ម​ដែល​ដំណើរការ​ល្អ​»​។

សេចក្ដី​ថ្លែងការណ៍​ចេញ​ពី​សប្តាហ៍​មុន​បន្តថា​៖ «​វា​ក៏​នឹង​ធ្វើឲ្យ​កម្ពុជា​មាន​ការពិបាក​ក្នុង​ការ​បង្កើត​បាន​នូវ​ឧស្សហកម្ម​មួយ​ដែលមាន​ការប្រកួតប្រជែង​ និង​មាន​ភាពទំនើប​»​។ ក្រុមហ៊ុន​នេះ​និយាយ​ថា កម្ពុជា​នឹង​នៅតែ​ជា​ប្រទេស​ដែល​មាន​ភាពទាក់ទាញ​ក្នុង​ការផលិត​នូវ​ផលិតផល​របស់​ខ្លួន ប្រសិន​បើ​ប្រទេស​នេះ​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ក៏ដូចជា​បង្កើត​នូវ​គំនិត​ផ្ដួចផ្ដើម​សំខាន់ៗ​ ដើម្បី​ធ្វើឲ្យ​ឧស្សាហកម្ម​វាយនភណ្ឌ​មាន​ភាពទំនើប​។

H&M ថ្លែងថា​៖ «​កិច្ចការ​ទាំងនេះ​រួមមាន​ការបង្កើត​នូវ​ឧស្សាហកម្ម​មួយ ដែល​មាន​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ ហើយ​មាន​ស្ថិរភាព មាន​ភាពប្រកួតប្រជែង និង​ការការពារ​។ H&M Group ចង់​បន្ត​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​ទិសដៅ​វិជ្ជមាន រួមមាន​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការពង្រឹង​សិទ្ធិមនុស្ស​។ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​គំនិត​ផ្ដួចផ្ដើម​គ្រប់គ្រាន់​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​វាយនភណ្ឌ​កម្ពុជា និង​ដោយសារ​តែមាន​ការដក​មួយ​ផ្នែក​នៃ EBA ពេល​នេះ​យើង​ចាំបាច់​ត្រូវ​វាយតម្លៃ​លើ​យុទ្ធសាស្ត្រ​របស់​យើង​នៅ​កម្ពុជា​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថ្លែង​ថា លោក​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​ធ្វើការ​ជាមួយ​គ្នា​ធ្វើ​យ៉ាងណា​អាច​រក្សា​នូវ EBA បាន​ឡើងវិញ​។ លោក​ថា ជាក់ស្ដែង​នៅ​កម្ពុជា​វា​ពិបាក​នឹងមាន​កិច្ចព្រមព្រៀង​អនុសញ្ញា​រួម​រវាង​ថៅកែ និង​កម្មករ​ណាស់ ពីព្រោះ​បើ​មាន​កិច្ចព្រមព្រៀង​អនុសញ្ញា​រួម​វា​ធ្វើឲ្យ​កម្មករ​អាច​ទាមទារ​អត្ថប្រយោជន៍​បាន​ជាច្រើន​លើស​អ្វី​ដែល​ច្បាប់​អនុញ្ញាត​។ «​កិច្ចព្រមព្រៀង​អនុសញ្ញា​រួម​មាន​អនុវត្ត​នៅ​ប្រហែល​ ៣០ ទៅ ៤០ ​រោងចក្រ​ក្នុង​ចំណោម​ជាង​ ១ ​ពាន់​រោងចក្រ​នៅ​កម្ពុជា​»​។

លោក​ពន្យល់ថា នៅពេល EBA បាត់បង់​ផលិតផល​របស់​កម្ពុជា​នាំចូល​អឺរ៉ុប និង​មាន​ការប្រកួតប្រជែង និង​ទំនិញ​នាំចូល​អឺរ៉ុប​អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ទំនិញ​ដូចគ្នា​ដែល​នាំចូល​ពី​ប្រទេស​ផ្សេង​ដែល​បន្ត​មាន EBA​។

លោក មាស សុខ សេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្ដី​ថ្លែងការណ៍​របស់ H&M ទេ​។ ប៉ុន្តែ​លោក​ពន្យល់​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ប្រឈម​រួចហើយ​។ «​នៅពេល​ពន្ធ​នៅលើ​មុខ​ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​យក​ដោយ​សហភាព​អឺរ៉ុប​តាម​ការសម្រេច​នេះ បើ​យើង​មើល​ជារួម បើ​យើង​មើល​ព្រៃ​ទាំងមូល​វា​អាច​មិន​ដូច​អ្វីដែល​យើង​គិត​។ មាន​ន័យ​ថា យើង​គិត​ថា​ពេល​ដំឡើង​ពន្ធ​គេ​នឹង​ដកចេញ ប៉ុន្តែ​មាន​ផ្នែក​ខ្លះទៀត​ពេល​ដំឡើង​ពន្ធ​គេ​នៅ​តស៊ូ​នៅ​ជាមួយ​ទៀត​បានដែរ ដោយ​គេ​មើលឃើញ​ពី​ស្ថានភាព​បរិស្ថាន​ការងារ​នៅ​ស្រុក​យើង មិន​ជា​ធ្ងន់ធ្ងរ មាន​ការកែលម្អ​ការវិនិយោគ​មាន​ន័យ​ថា ការចូលរួម​របស់​រដ្ឋាភិបាល ការលើកទឹកចិត្ត​ទាំងអស់​នេះ​ធ្វើឲ្យ​គាត់​ទោះបី​ដំឡើង​ពន្ធ​ប៉ុណ្ណឹង​ក៏​គាត់​បន្ត​ផលិត​នៅ​ស្រុក​ខ្មែរ​ទៀត​»​។

ទោះ​យ៉ាងណា​លោក​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផលប៉ះពាល់​ពី​បញ្ហា​ប្រឈម​នៅលើ​ពិភពលោក​រួមមាន​បញ្ហា​សន្តិសុខ និង​បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​ជំងឺ Covid-19​។ ផលប៉ះពាល់​មិនមែន​បណ្ដាល​មក​តែ​ពី​រឿង​បាត់​ EBA ​មួយផ្នែក​ខ្លះ​នោះ​ទេ​។

លោក សុខ សេនសាន ថ្លែងថា រដ្ឋាភិបាល​កំពុង​ធ្វើ​កិច្ចការ​សំខាន់​ ៤ ​យ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមមាន​ការបង្កើត​ការងារ​សម្រាប់​អ្នក​ដែល​រង​ផលប៉ះពាល់ និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជួយ​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស​តាម​ដែល​កម្មករ​កម្ពុជា​អាច​ធ្វើ​បាន​។ រដ្ឋាភិបាល​ក៏បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាត់បន្ថយ​ចំណាយ​មិនចាំបាច់ និង​នីតិវិធី​ស្មុគស្មាញ​ជាច្រើន​។ លើស​ពីនេះ​ទៀត​រដ្ឋាភិបាល​កំពុង​តម្រង់​ការចំណាយ​ឲ្យ​ត្រូវ​ទិសដៅ និង​ត្រូវ​នឹង​ពេលវេលា​រួមទាំង​ការធ្វើ​កំណែទម្រង់​កម្រិត​ដឹកនាំ​នៅតាម​ក្រសួង​ស្ថាប័ន​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា CAMFEBA បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​ ១៧ កុម្ភៈ​បង្ហាញ​ពី​ការខកចិត្ត​ដែល​សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ EBA​។ តាម​សេចក្ដី​ថ្លែងការណ៍​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ CAMFEBA លើកឡើង​ថា ការសម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​មិន​ចូលរួម​សម្រេច​បាន​នូវ​អ្វីដែល​សហភាព​អឺរ៉ុប​ចង់ឃើញ​កើតមាន​នៅ​កម្ពុជា​ទេ​។

CAMFEBA ថ្លែង​ថា ពួកគេ​រួម​ជាមួយ​នឹង​សមាជិក​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើអ្វីៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការដក​កម្មវិធី​អនុគ្រោះ​ពន្ធ​មួយ​នេះ និង​ជួយ​ជ្រោមជ្រែង​ដល់​កម្មករ ព្រមទាំង​វិស័យ​ផលិតកម្ម​កម្ពុជា​ឲ្យ​មាន​ការរីកចម្រើន​បន្ត​ទៅ​មុខ​ទៀត និង​កាន់តែ​សម្បូរបែប​។ «​យើង​ស្នើសុំ​ឲ្យ​អ្នកបញ្ជា​ទិញ​នៅក្នុង​វិស័យ​ដែល​រងផលប៉ះពាល់ ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការធ្វើ​ពិពិធកម្ម​នៃ​ការដាក់​បញ្ជា​ទិញ​នៅ​កម្ពុជា​ ដើម្បី​រក្សា​បាន​នូវ​កម្រិត​ការងារ​កម្មករ​របស់​យើង​។ យើង​លើក​ទឹកចិត្ត​ដល់​ម្ចាស់​រោងចក្រ និង​កម្មករ​ទាំងអស់​ឲ្យ​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៃ​បរិយាកាស​សេដ្ឋកិច្ច​ឲ្យ​មាន​ភាពប្រក្រតី​»​។

CAMFEBA ក៏ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ឆាប់រហ័ស និង​ច្នៃប្រឌិត​ក្នុង​ការគាំទ្រ​ដល់​កម្មករ​ដែល​រង​ផលប៉ះពាល់​៕