ភ្នំពេញៈ ក្រុម​អឺរ៉ុប (Team Europe) កំពុង​កៀរគរ​ថវិកា​ចំនួន ៤៤៣ លាន​អឺរ៉ូ ជា​ជំនួយ​ឥតសំណង និង​ប្រាក់កម្ចី ដើម្បី​អនុវត្ត​ការងារ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩ ខណៈ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ប្រាប់​រដ្ឋមន្ត្រី​អាស៊ាន​ឲ្យ​ធ្វើការ​ឆ្លើយតប​ជា​ចាំបាច់​ទៅ​នឹង​កិច្ចគាំពារ​សង្គម​ឱ្យ​ទាន់​ពេលវេលា​ដល់​ជនក្រីក្រ​ និង​ក្រុម​ជនងាយ​រងគ្រោះ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។ ​

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់ថា ថវិកា​ចំនួន ៤៤៣ លាន​អឺរ៉ូ​ ជា​ជំនួយ​ឥតសំណង និង​ប្រាក់កម្ចី​ដែល​ប្រមូល​ដោយ​ក្រុម​អឺរ៉ុប​នេះ គឺ​ដើម្បី​អនុវត្ត​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​ជំងឺ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា អឺរ៉ុប​នឹង​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការស្ដារ​ខឿន​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​។ ការគាំទ្រ​របស់​ក្រុម​អឺរ៉ុប​នឹង​រួមចំណែក​ពង្រឹង​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច ដែល​ក្នុងនោះ​រួមមាន​ការវិនិយោគ​សាធារណៈ ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រសិទ្ធភាព​ថាមពល និង​ការស្ដារ​ឡើងវិញ​ដែល​គិតគូរ​ពី​បរិស្ថាន​។

ជាមួយ​គ្នា​នេះ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងប្រាប់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​សុខុមាលភាព​សង្គម​នៅក្នុង​កិច្ចប្រជុំ​ពិសេស​តាម​ប្រព័ន្ធ Online ស្តីពី​ការកាត់បន្ថយ​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​ ១៩​ លើ​ក្រុម​ជន​ងាយ​រងគ្រោះ​ក្នុង​តំបន់​អាស៊ាន​កាលពី​ថ្ងៃទី​ ១០ ខែមិថុនា ​ថា​៖ «​ជំងឺ​កូវីដ​ ១៩ បាន​វិវត្ត​មក​ដល់​លឿន​ហើយ​បាននិង​កំពុង​រីករាលដាល​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ ដែល​យើង​ចាំបាច់​ត្រូវ​មាន​ការឆ្លើយតប​ឱ្យទាន់​ពេលវេលា​»​។ នេះ​បើ​យោង​តាម​គេហទំព័រ ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ១០ មិថុនា​។

លោក វង សូត បន្ថែម​ថា​រហូត​មក​ទល់​ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ក្នុង​អំឡុង​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដើម្បី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំង​នៅ​តំបន់​ជនបទ និង​ទីប្រជុំជន​តាមរយៈ​វិធានការ​ជំនួយ​សង្គម​។

លោក​បាន​បន្តថា រាជរដ្ឋាភិបាល​មាន​ការប្តេជ្ញា​បន្ត​អនុវត្ត​រាល់​កម្មវិធី​គាំពារ​សង្គម​ទាំងឡាយ​ដែល​មាន​ស្រាប់ មិន​ឱ្យ​ខកខាន និង​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​យន្តការ​អង្កេត​រហ័ស​ស្តីពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ លើ​អ្នក​ទទួលផល​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ និង​ក្រុម​គ្រួសារ​។

លោក​ថ្លែង​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​រៀបចំ ដាក់​ឱ្យ​អនុវត្ត​នៅក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២០ ​នេះ​នូវ​កម្មវិធី​ជំនួយ​សង្គម​សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ​១៩ និង​ក្រុម​ជនរងគ្រោះ​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​បណ្ណសមធម៌​ទូទាំង​ប្រទេស​ដោយ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​បន្ថែម​ដល់​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ ជនពិការ​ជន​ចាស់ជរា​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ នៅក្នុង​គ្រួសារ​ក្រីក្រ​ទាំងនោះ​ទៀតផង​»​។

លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​គិតគូរ​ពី​ផលប៉ះពាល់ ដោយ​រៀបចំ​ផ្ទេរ​សាច់ប្រាក់​ដល់​ជនក្រីក្រ​ងាយ​រងគ្រោះ ឬ​អ្នកក្រីក្រ​ដែលមាន​បណ្ណសមធម៌​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​តាម​ប្រទេស​នីមួយៗ​គឺ​បាន​ចាប់ផ្តើម​ពិចារណា​ពី​ផលប៉ះពាល់​គឺ​រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​សម្រាប់​គាំទ្រ​ដូចជា នៅ​ប្រទេស​ឥណ្ឌូនេស៊ី ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​តិច​ហ្នឹង រដ្ឋាភិបាល​គឺ​មិន​យក​ថ្លៃ​ភ្លើង​ ៥០ ​ភាគរយ​ឱ្យ​បង់​តែ​ ៥០ ​ភាគរយ​ទេ​»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ជន​ងាយ​រងគ្រោះ និង​អ្នកក្រីក្រ​បំផុត​អាច​ជា​ជន​ចំណាកស្រុក​ដែល​អាច​មក​រស់នៅ​តំបន់​សំណង់​អនាធិបតេយ្យ ឬ​តំបន់​ដែល​មិនទាន់​មាន​របៀប​រៀបរយ​នៅ​ទីក្រុង និង​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​។ ដើម្បី​ជួយ​ពួកគេ រដ្ឋាភិបាល​អាច​តាមដាន​បន្ថែម​ទៅ​លើ​ទិន្នន័យ​ដែល​បាន​មកពី​ការប្រមូល​អត្តសញ្ញាណ​ជនក្រីក្រ​ជាមួយ​នឹង​ឃុំ សង្កាត់​។

លោក​បន្តថា តួអង្គ​អ្នក​ជួយ​សម្របសម្រួល​ទៅដល់​ក្រុម​ងាយ​រងគ្រោះ​នេះ​គឺ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​នៅ​មូលដ្ឋាន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួកគេ ហើយ​រដ្ឋាភិបាល​ត្រូវ​រក​មធ្យោបាយ​ដើម្បី​ផ្តល់នូវ​សេវា​គាំពារ​សង្គម​។

លោក ជ័យ ថ្លែង​ថា​៖ «​ពេលវេលា​នេះ​គឺ​ពួកគេ​ត្រូវការ​មែនទែន​នូវ​សេវា​សង្គម​មួយចំនួន​។ អ៊ីចឹង​ការផ្តល់​នូវ​សេវា​គាំពារ​សង្គម​ដល់​ពួកគេ​ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​យន្តការ​នេះ ដើម្បី​ទៅរក​សេវា​សាធារណៈ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ងាយ​»​។

សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​អាស៊ាន​ទាំង​ ១០ ​បាន​ប្តេជ្ញាចិត្ត​ធានា​ឱ្យ​មាន​ការទទួល​បាន​នូវ​ការ​គាំពារ​សង្គម​ចំពោះ​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា និង​បែងចែក​ថវិកា​សាធារណៈ​ឱ្យបាន​សមស្រប​សម្រាប់​ចំណាយ​ក្នុងសង្គម​។

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​យើង​សូម​ប្តេជ្ញាចិត្ត​បែងចែក​ការចំណាយ​ជា​សាធារណៈ​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​ធានា​នូវ​និរន្តរភាព សុខុមាលភាព​សង្គម បណ្តាញ​សុវត្ថិភាព​សង្គម និង​ការផ្តល់​កិច្ចគាំពារ​សង្គម​»៕