ភ្នំពេញៈ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ចំនួន ៧ នាក់ បានមកដល់កម្ពុជាហើយកាលពីព្រឹកម្សិលមិញ ដើម្បីចែករំលែកបទពិសោធល្អៗដល់កម្ពុជាក្នុងកិច្ចប្រឹងប្រែងព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រទាំងនេះមកកាន់កម្ពុជាតាមការស្នើសុំរបស់ក្រសួងសុខាភិបាល។ ក្រុមអ្នកជំនាញបាននាំមកជាមួយនូវស្រោមដៃចំនួន ៧ ០០០, ម៉ាស់វះកាត់ចំនួន ៥៨ ០០០, ម៉ាស់វេជ្ជសាស្ត្រចំនួន ៥៥ ០០០, ម៉ាស់ N95 ចំនួន ៥ ០០០, មួកចំនួន ១៨ ៥០០, គម្របស្បែកជើងចំនួន ១ ៣០០, អាវអៀមចំនួន ១ ៣០០, សម្លៀកបំពាក់សុវត្ថិភាពមន្ត្រីសុខាភិបាលចំនួន ១ ២៥០, របាំងមុខវេជ្ជសាស្ត្រចំនួន ២ ០៨០,ទែម៉ូម៉ែត្រវាស់កម្ដៅប្រើអ៊ិនហ្វ្រារ៉េតចំនួន ៥០ និងវ៉ែនតាសុវត្ថិភាពចំនួន ២ ២៨០។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមអ្នកជំនាញទាំង ៧ នាក់នេះ ដឹកនាំដោយលោក Ai Xiang អនុប្រធាននាយកដ្ឋានថែទាំសុខភាពនៃគណៈកម្មាធិការសុខាភិបាលតំបន់ស្វយ័តខេត្តក្វាងស៊ី។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានទៅទទួលប្រតិភូវេជ្ជសាស្ត្របានថ្លែងយ៉ាងខ្លីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីម្សិលមិញថា៖ «នេះជាកិច្ចសហប្រតិបត្តិការរវាងបងប្អូនដែលមានបញ្ហាលំបាកកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនភីង ដែលបង្ហាញឲ្យឃើញពីការរួមសុខរួមទុក្ខជាមួយគ្នារវាងប្រជាជនចិនជាមួយប្រជាជនកម្ពុជា»។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាថ្លែងថា ក្រុមវេជ្ជបណ្ឌិតជំនាញនេះគឺជាក្រុមទី ១ ហើយដែលប្រទេសចិនបានបញ្ជូនទៅកាន់ប្រទេសនៅតំបន់អាស៊ានចាប់ផ្ដើមជាមួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជំងឺកូវីដ ១៩។
ស្ថានទូតចិនសរសេរថា៖ «សមាជិកនៃក្រុមគ្រូពេទ្យជំនាញនឹងអញ្ជើញពិភាក្សាអំពីបទពិសោធនៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ វីរុស ជាមួយនឹងភាគីកម្ពុជាជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដល់ភាគីកម្ពុជា ហើយនឹងផ្តល់យោបល់ណែនាំជូនដល់អ្នកជំងឺក្នុងពេលព្យាបាល»។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដែលបានទៅទទួលស្វាគមន៍ប្រតិភូវេជ្ជសាស្ត្រចិនដែរនោះថ្លែងថា ប្រទេសចិនបានទទួលជោគជ័យក្នុងការប្រយុទ្ធជាមួយជំងឺនេះ ហើយលោកសង្ឃឹមថា ក្រុមវេជ្ជបណ្ឌិតទាំង ៧ រូបនឹងចែករំលែកបទពិសោធជោគជ័យទាំងនោះជាមួយកម្ពុជា។
លោកថ្លែងថា៖ «មន្ត្រីរបស់យើងនឹងធ្វើការសិក្សាពីគាត់ទាំងបទពិសោធ និងចំណេះដឹងនានាពីគាត់ ដើម្បីយកមកអនុវត្តក្នុងប្រទេសយើងឲ្យកាន់តែមានប្រសិទ្ធភាព។ យើងនឹងជម្រាបជូនគាត់នូវអ្វីដែលយើងបានធ្វើកន្លងមកនេះហើយយើងរង់ចាំមើលថា ចំណុចណាខ្លះគាត់នឹងផ្ដល់យោបល់ទាំងការរុករកករណីសង្ស័យ ករណីប៉ះពាល់ក៏ដូចជាទាក់ទងនឹងមន្ទីរពិសោធន៍ ព្រោះថាបច្ចុប្បន្ននេះយើងមានមន្ទីរពិសោធន៍តែមួយទេ។ យើងចង់ពង្រីកវិសាលភាពមន្ទីរពិសោធន៍ឲ្យមានច្រើនកន្លែង។ ត្រូវការយោបល់ពីគាត់ និងការគ្រប់គ្រងមន្ទីរពេទ្យ»។
លោកបន្តថា លោកមិនទាន់ច្បាស់ថា តើក្រុមវេជ្ជសាស្ត្រចិននឹងស្នាក់នៅកម្ពុជាក្នុងរយៈពេលយូរប៉ុនណាទេ ហើយកម្ពុជាក៏អាចស្នើសុំឲ្យពួកគាត់បន្តនៅកម្ពុជាក្នុងករណីចាំបាច់។
កាលពីថ្ងៃសៅរ៍ សារព័ត៌មានចិន China Daily ចុះផ្សាយថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាត្រូវបានចាប់ផ្ដើមពិសោធនៅមន្ទីរពិសោធន៍។ វ៉ាក់សាំងនេះត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីសាកល្បងគ្លីនិកចិន ឬ Chinese Clinical Trial Registry កាលពីថ្ងៃ ១៧ មីនា។
ស្រដៀងគ្នានេះស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃពុធសប្ដាហ៍មុនថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលផលិតឡើងដោយលោកស្រីវេជ្ជបណ្ឌិត Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ត្រយោធានៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធាប្រទេសចិន ត្រូវបានអនុម័តយល់ព្រមឲ្យធ្វើតេស្តសាកល្បងនៅគ្លីនិកក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ។
ស្ថានទូតចិនសរសេរថា៖ «វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធព្យាបាលជំងឺ។ តាមស្តង់ដាកំណត់នៃអន្តរជាតិ និងតាមបទប្បញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ»។
ខណៈដែលមនុស្សជាច្រើនស្វាគមន៍ការរកឃើញវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺរាតត្បាតលើពិភពលោកនេះមនុស្សមួយចំនួនមានការបារម្ភថា វ៉ាក់សាំងនេះត្រូវបានយកមកប្រើសាកល្បងលើពលរដ្ឋខ្មែរ។ ពាក់ព័ន្ធចំណុចនេះលោក លី សូវ៉ាន់ ថ្លែងដូច្នេះថា៖ «អ្វីដែលគាត់កំពុងតែផលិត សិក្សាស្រាវជ្រាវ និងផលិតគឺជាជំហានបឋមទេ។ ធម្មតាការសិក្សាស្រាវជ្រាវឱសថ ឬក៏វ៉ាក់សាំងហ្នឹង ត្រូវការពេលវេលាយ៉ាងតិច ៦ ខែចាប់ពីការរកឃើញ និងចាប់ផ្ដើម។ នេះជាអនុសាសន៍របស់អង្គការសុខភាពពិភពលោក។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថា មុននឹងយើងមានការចាក់វ៉ាក់សាំងនឹងត្រូវតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះពិតមែនតែយើងឃើញមានការផ្សព្វផ្សាយពីប្រទេសមួយចំនួនដែលប្រើថ្នាំនេះថ្នាំនោះ ប៉ុន្តែរហូតពេលនេះយើងអត់ទាន់មានការទទួលស្គាល់ជាផ្លូវការរបស់អង្គការសុខភាពពិភពលោក»។
គិតត្រឹមរសៀលថ្ងៃចន្ទម្សិលមិញក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ៨៧ ករណី ក្នុងនោះមានភាគច្រើនជាភ្ញៀវទេសចរជនជាតិបារាំង ពលរដ្ឋខ្មែរកាន់សាសនាអ៊ិស្លាមដែលបានទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ីកាលពីចុងខែកុម្ភៈ និងភ្ញៀវទេសចរពីអឺរ៉ុបផ្សេងទៀត និងការចម្លងមកពលរដ្ឋខ្មែរមួយចំនួនតូច។ ចំនួន ៨៧ ករណីនេះ ក៏បូករួមទាំងអ្នកដែលបានជាសះស្បើយ ២ ករណីផងដែរ៕
វីដេអូ៖