សៀមរាប៖ ក្រុម​អ្នក​បុរាណវិទូ​អាជ្ញាធរ​ជាតិ​អប្សរា រក​ឃើញ​ទ​បង្ហូរ​ទឹក​បុរាណ​នៅ​ព្រះលាន​ជល់​ដំរី ដែល​មាន​មុខងារ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​មុខ​ព្រះបរមរាជវាំង​ក្នុង​សម័យ​បុរាណ ដែល​ត្រូវ​បាន​ធ្វើ​ការ​សន្និដ្ឋាន​បឋម​ថា ទបង្ហូរ​ទឹក​បុរាណ​នេះ អាច​ស្ថាបនា​ឡើង​នៅ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី ១២ ឧសភា បាន​ឱ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ការ​អនុវត្ត​គម្រោង​កែ​លម្អ​ផ្លូវ​ដើរ ដាំស្មៅ និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​បរិវេណ​ព្រះលាន​ជល់ដំរី​ក្នុង​ក្រុង​អង្គរ​ធំ។ ការ​សិក្សា​អំពី​ផល​ប៉ះពាល់​បុរាណវិទ្យា គឺ​ជា​ផ្នែកមួ​យ​យ៉ាង​សំខាន់​ដើម្បី​ស្វែង​យល់​ពី​រចនាសម្ព័ន្ធ និង​ដំណាក់កាល​នៃ​ការ​រៀបចំ​ទីធ្លា​ដែល​ប្រើប្រាស់​នៅ​មុខ​ព្រះបរមរាជ​វាំង និង​ការ​វិវឌ្ឍ​របស់​រចនា​សម្ព័ន្ធ​បុរាណ​ផ្សេងៗ ដែល​នៅ​ក្រោម​ដី​ទៅ​តាម​យុគសម័យ​នីមួយៗ។

អាជ្ញាធរ​នេះ បាន​បញ្ជាក់​ថា៖ «ជា​លទ្ធផល​ក្រុម​បុរាណ​វិទូ​បានប្រទះ​ឃើញ នូវ​រចនា​សម្ព័ន្ធ​បុរាណ​ជាច្រើន​ដូចជា​ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​ចង្អូរ​ទឹក​នៅ​អម​ផ្លូវ​ពី​មុខ​ព្រះបរម​រាជវាំង​ទៅ​ខ្លោងទ្វារ​ជ័យ ព្រម​ទាំង​រចនា​សម្ព័ន្ធ​សំណង់​ផ្សេងៗ​ជា​ច្រើន​ទៀត។ ពិសេស​ជាង​នេះ​ទៀត គឺ​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​ទ​បង្ហូរ (លូ​បង្ហូរ​ទឹក) បុរាណ​មួយ​បន្ថែម​ទៀត នៅ​ខាង​ជើង​ផ្លូវ​ចុះ​កណ្តាល​នៃ​ខឿន​ព្រះលាន​ជល់ដំរី​បន្តិច ដែល​បុព្វបុរស​ស្ថាបនា​ឆ្លង​កាត់​ផ្លូវ​ទទឹង​ថ្ងៃ (ផ្លូវ​ចេញ​ពី​ប្រាសាទ​បាយ័ន​ទៅ​ខ្លោង​ទ្វារ​ដី​ឆ្នាំង) នៃ​ក្រុង​អង្គរ​ធំ។ ទបង្ហូរ​ទឹក​នេះ ក៏​មាន​ស្នាម​ដាន​ជើង​សសរ​ឈើ ដែល​បញ្ជាក់​ថា មាន​សំណង់​អំពី​ឈើ ឬ​ហៅ​ថា រោង​ទង​អំពី​ឈើ​ប្រក់​ក្បឿង​នៅ​តាម​បណ្តោយ​ផ្លូវ​ប្រវែង​ជិត ៨០ ម៉ែត្រ​ផង​ដែរ។

លោក ខៀវ ច័ន្ទ បុរាណវិទូ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការដ្ឋាន​កំណាយ​បាន​សន្និដ្ឋាន​ថា នេះ​ជា​ដំណាក់​កាល​ដំបូង​​នៃ​ព្រះបរម​រាជវាំង ដែល​ប្រហែល​ជា​រាជ​ព្រះបាទ​យសោវរ្ម័ន (ទី១) ពេល​ដែល​ផ្លាស់​រាជធានី​ពី​រលួស​មក​អង្គរ ដែល​យក​ភ្នំ​បាខែង​ជា​ចំណុច​កណ្តាល​នៃ​ក្រុង​យសោធរបុរី។

លោក ខៀវ ច័ន្ទ បាន​បញ្ជាក់​ថា៖« (ទ​បង្ហូរ)បាន​ស្ថាបនា​ឡើង​ដោយ​យក​ថ្ម​បាយ​ក្រៀម​ធ្វើ​ជា​ជញ្ជាំង​សង​ខាង និង​ថ្ម​ភក់​ធ្វើ​ជា​គម្រប​ពី​លើ មាន​កម្ពស់​ជិត​កន្លះម៉ែត្រ និង​ទទឹង​មុខ​សម្រាប់​ទឹក​ហូរ ០,២ ម៉ែត្រ និង​មាន​បណ្តោយ ៦ ម៉ែត្រ»។

លោក​បញ្ជាក់​ថា ទ​បង្ហូរ​ទឹក​នេះ គឺ​មាន​មុខងារ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​មុខ​ព្រះបរម​រាជវាំង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រឡាយ​ធំ​ខាង​កើត​ដែល​នៅ​អប​ផ្លូវ​ទៅ​ខ្លោង​ទ្វារជ័យ ហើយ​ហូរ​ចូល​ទៅ​បឹង​ធំ​ដែល​ស្ថិត​នៅ​ទិសនិរតី និង​ធ្លាក់​ទៅ​ក្នុង​សិន្ធុ​អង្គរ​ធំ​តាម​រន្ធ​ត្រដេវ។

លោក​បញ្ជាក់​ទៀត​ថា បើ​ផ្អែក​លើ​សមុច្ច័យ (ការ​ប្រមូល​ផ្សំ) ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ស្រទាប់​ដី​នីមួយៗ គេ​អាច​សន្និដ្ឋាន​ជា​បឋម​បាន​ថា ទ​បង្ហូរ​ទឹក​បុរាណ​នេះ អាច​ស្ថាបនា​ឡើង​នៅ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ក្នុង​ពេល​ដែល​ព្រះអង្គ​បាន​រៀបចំ​ក្រុង​អង្គរ​ធំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​ប្រឡាយ​ទឹក​ខ្វាត់ខ្វែង​ជា​ក្រឡាច​ត្រង្គ​ពាសពេញ​ក្រុង។

លោក​បន្ត​ថា ការ​ស្ថាបនា​របស់​ព្រះអង្គ​ក៏​មាន​រន្ធ​ត្រដេវ​នៅ​ទិសឥ្ឍសាន​សម្រាប់​បញ្ជូល​ទឹក​មក​ក្នុង​ក្រុង និង​រន្ធ​ត្រដេវ​នូវ​ទិស​និរតី​សម្រាប់​បង្ហូរ​ទឹក​ចេញ​ពី​ក្រុង​ទៅ​សិន្ធុ​ខាង​ក្រៅ​ធ្លាក់​ទៅ​បឹង​ទន្លេសាប។ ហើយ​ក្រៅ​ពី​នេះ ព្រះអង្គ​ក៏​បាន​ស្ថាបនា​កំពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំវិញ​ក្រុង​ដែល​មាន​ទំហំ ៣ គីឡូម៉ែត្រ​បួន​ជ្រុង​ទៀត​ផង។

ព្រះលាន​ជល់​ដំរី ត្រូវ​បាន​សាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី១២ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ក្នុង​រចនាប័ទ្ម​បាយ័ន។ នៅ​ទីនេះ បុព្វបុរស​ខ្មែរ​បាន​សាង​ខឿន​ខ្ពស់​ផុត​ពី​ដី​មួយ​ជួរ​វែង លាត​សន្ធឹង​តាម​បណ្តោយ​កំពែង​រាជវាំង​ខាង​កើត លយ​ហួស​ទៅ​ជើង និង​ហួស​ទៅ​ត្បូង ដែល​មាន​រាន​ហាល​ចំនួន​បី និង​​មាន​ពីរ​ជាន់។ នៅ​លើ​ខឿន​នេះ ដើម​ឡើយ​មាន​អគារ​សាង​ពី​ឈើ​ប្រក​ក្បឿង​តែ​សព្វ​ថ្ងៃ​មើល​មិន​ឃើញ​ទេ ឃើញ​តែ​ស្លាក​ស្នាម​ថ្ម​នៅ​ខាង​ក្រោម​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​អ្នក​បុរាណវិទូ​អាជ្ញាធរ​ជាតិ​អប្សរា។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ក្រុង​អង្គរ​ធំ មាន​អាង​ស្តុក​ទឹក​ចំនួន ៣គឺ បឹង​តាតួត​នៅ​ទិសឥ្ឍសាន បឹង​ដូនមា​នៅ​ខាង​លិច​ព្រះបរម​រាជវាំង និង​បឹង​ធំ​នៅ​ទិស​និរតី​នេះ៕