ភ្នំពេញៈ ក្រុមអ្នកត្រួតពិនិត្យការពិតល្បីៗនៅសហរដ្ឋអាមេរិក បាននឹងកំពុងតែធ្វើការត្រួតពិនិត្យសម្តីអ្នកនយោបាយអាមេរិកហើយបានអះអាងថា សម្តីឬការថ្លែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ គឺមិនពិតភាគច្រើន។
ដើម្បីតាមដាននិងជៀសវាងការផ្តល់ព័ត៌មានភូតកុហក ឬ ព័ត៌មានក្លែងក្លាយដល់សាធារណជននោះស្ថាប័នឯករាជ្យដែលរួមមានកាសែតល្បីៗផងបានកំពុងតែធ្វើការត្រួតពិនិត្យ (Fact Checking) នូវសម្តីនិងការថ្លែងសន្ទរកថារបស់លោក ដូណាល់ ត្រាំ, អ្នកនយោបាយ, មន្រ្តីជាន់ខ្ពស់ ឬ បុគ្គលសំខាន់ៗ ហើយធ្វើការចេញផ្សាយលទ្ធផលជាសាធារណ។ ស្ថាប័នត្រួតពិនិត្យការពិតទាំងនោះរួមកាសែត Washington Post, គម្រោង PolitiFact, Fact Check និង Checkology ជាដើម។
អ្នកសារព័ត៌មានកម្ពុជា និង អ្នកកាសែតមកពី ២៣ ប្រទេសផ្សេងទៀតបានជួបនិងធ្វើការស្វែងយល់ពីការងារត្រួតពិនិត្យការពិតនេះ ដើម្បីទទួលការចែករំលែកចំណេះដឹង និងយុទ្ធសាស្រ្តរបស់ក្រុមអ្នកជំនាញទាំងនោះ កាលពីពេលថ្មីៗនេះនៅទីក្រុង New York, Washingtong DC និង Philadelphia។
លោក Salvador Rizzo ដែលជាអ្នកសារព័ត៌មានផ្នែកត្រួតពិនិត្យការពិតរបស់កាសែត Washington Post បានថ្លែងថា វិធីសាស្រ្តក្នុងការត្រួតពិនិត្យការពិត គឺជាអ្វីមួយដែលកាសែត Wasthington Post មានការជឿជាក់ហើយពួកគេគិតថា មានប្រយោជន៍សម្រាប់មនុស្សនិងការងារនេះជួយធ្វើឲ្យមានព័ត៌មានល្អសម្រាប់អ្នកអាន។
លោកសង្កេតឃើញថា នាពេលបច្ចុប្បនេះមានបញ្ហាជាច្រើនកំពុងតែកើតមានឡើងនៅសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា៖ «ការអប់រំមនុស្សឲ្យចេះបែងចែកព័ត៌មានពិត និងព័ត៌មានបែបឃោសនា គឺជារឿងសំខាន់»។
បន្ទាប់ពីសម្រេចថា យករឿងអ្វីមួយមកធ្វើការត្រួតពិនិត្យហើយនោះ ក្រុមការងារលោកត្រូវធ្វើការស្វែងរកទិន្នន័យនៅស្ថាប័នពាក់ព័ន្ធផ្សេងៗដែលសហការ ដើម្បីរកវត្ថុតាងមកបញ្ជាក់ឲ្យបានត្រឹមត្រូវ និងជឿទុកចិត្តថា សម្តី ឬ ការថ្លែងនោះពិតជាមិនពិតមែន។
លោកលើកឡើងថា ការស្វែងរកទិន្នន័យមកបញ្ជាក់ គឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដោយមិនចេះតែយកប្រភពដែលរកបាននៅតាម Google នោះទេ។
លោកថា ការត្រួតពិនិត្យការពិតត្រូវបានគេមើលឃើញថា សំខាន់ ដែលវាជាផ្នែកមួយនៃសារព័ត៌មាន និងជាតម្រូវការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ បើកទោះបីជាការងារនេះធ្វើពាក់ព័ន្ធនឹងអ្នកនយោបាយ ក៏ដូចជាប្រធានាធិបតី ក៏ដោយ ក៏លោក Salvador បានអះអាងថា ពួកលោកមិនដែលទទួល «ការគំរាមកំហែង» ណាមួយនោះទេ។
ក្រៅពីអ្នកនយោបាយកាសែត Washington Post ក៏មានទទួលយកមតិយោបល់ ក៏ដូចជាសំណូមពរ និងដំណឹងពីសាធារណជន ដើម្បីយកមកស្រាវជ្រាវរកការពិតផងដែរ។
លោក Salvador បានធ្វើបទបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៦០១ ថ្ងៃ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការអះអាងមិនពិត និងមានកំហុសចំនួន ៥០០១។
ដោយឡែក លោក John Greenberg អ្នកសរសេរព័ត៌មាននៅគម្រោងត្រួតពិនិត្យការពិតមួយឈ្មោះ PolitiFact របស់វិទ្យាសា្ថន Poynter ក៏បានថ្លែងផងដែរថា ការត្រួតពិនិត្យការពិតរបស់លោកក៏បានរកឃើញផងដែរថា សម្តីលោក ត្រាំ គឺមិនពិតភាគច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «លោក ត្រាំ គឺខុសពីធម្មតាជាអ្នកនយោបាយម្នាក់។ ជាទូទៅប្រហែល ៦៨ ទៅ ៧០ ភាគរយនៃការថ្លែងរបស់លោក គឺភាគច្រើនមិនពិត»។
លោកបន្តថា តាមរយៈភាពប្រាដកនិយមរបស់គម្រោងត្រួតពិនិត្យការពិតរបស់លោកការថ្លែងមិនពិតរបស់លោក ត្រាំ គឺប្រហែលជាមានទ្វេដង ច្រើនជាងអ្នកនយោបាយសំខាន់ៗដទៃទៀត។
លោក John ក៏បានឲ្យដឹងផងដែរថា ក្នុងមួយខែពួកលោកធ្វើការត្រួតពិនិត្យរកការពិតប្រមាណជា ៤០ ។ បើគិតចាប់តាំងពីឆ្នាំ ២០១១ មក គឺមានជាង ១៥,០០០ ហើយរាល់លទ្ធផលរកឃើញទាំងនោះត្រូវបានផ្សព្វផ្សាយជាសាធារណឲ្យពលរដ្ឋបានដឹងនិងត្រូវបានគេចែករំលែកយ៉ាងផុសផុលផងដែរ។
លោក John បានបន្ថែមថា មានករណីខ្លះដែលពួកលោកមិនអាចធ្វើការត្រួតពិនិត្យរកការពិតឃើញដូចជារឿងពាក់ព័ន្ធទៅនឹងវិស័យយោធា ឬ CIA ជាដើម ព្រោះមិនអាចស្វែងរកទិន្នន័យមកបញ្ជាក់បាន។
គម្រោង PolitiFact ធ្លាប់បានទទួលពាន់រង្វាន់ពីការស្នាដៃត្រួតពិនិត្យការពិតនេះផងដែរ។
សកម្មភាពការងាររបស់ស្ថាប័នត្រួតពិនិត្យការពិតក៏ទទួលបានការគាំទ្រពីមជ្ឈមណ្ឌលព័ត៌មានបរទេសវ៉ាស៊ីនតោន (FPC) នៃក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ៕