ភ្នំពេញៈ អ្នកសិក្សាស្រាវជ្រាវ និងអង្គការពាក់ព័ន្ធកំពុងធ្វើការសិក្សាស្រាវជ្រាវស្វែងរកសត្វផ្សោតចំនួន ២៥ ក្បាល ដែលបានបាត់ដោយមិនដឹងពីមូលហេតុ ខណៈដែលចំនួនផ្សោតសរុបក្នុងឆ្នាំ ២០២០ នេះមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ ២០១៧ គឺពី ៩២ ក្បាល មកនៅចំនួន ៨៩ ក្បាល។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានឲ្យដឹងថា សត្វផ្សោតក្នុងទន្លេមេគង្គក្នុងឆ្នាំ ២០២០ នេះមានចំនួន ៨៩ ក្បាល ដែលនេះជាអត្រាមួយប្រហាក់ប្រហែលគ្នាទៅនឹងចំនួនសត្វផ្សោតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំនេះ ដែលជាចំនួនមួយសម្រាប់អ្នកអភិរក្ស និងអ្នកជំនាញមានការកង្វល់។
ការលើកឡើងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពី «ការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ ២០២០ ដោយប្រើគំរូវិភាគ Mark-Resight Models» នៅរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមរបាយការណ៍រួមគ្នារបស់រដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គត្រូវបានវិភាគ និងចងក្រងក្នុងរយៈពេល ២ ឬ ៣ ឆ្នាំម្តង ហើយចំនួនប៉ាន់ប្រមាណសរុបក្នុងឆ្នាំ ២០១៧ មានចំនួន ៩២ ក្បាល ហើយចំនួនប៉ាន់ប្រមាណថ្មីដែលទទួលបាននៅក្នុងឆ្នាំ ២០២០ មានចំនួន ៨៩ ក្បាល។ អត្រាកំណើនជាមធ្យមប្រចាំឆ្នាំគឺ ១,០២% និងអត្រាងាប់ប្រចាំឆ្នាំគិតជាមធ្យមគឺ ២,១៤% ចាប់ពីឆ្នាំ ២០០៧-២០២០។
លោក សេង ទៀក ថ្លែងថា៖ «ពីមុនផ្សោតនៅប្រទេសកម្ពុជាយើងមានច្រើនណាស់ ហើយចំនួនបច្ចុប្បន្ននេះមានតិចដែលវានៅតែកង្វល់ ទោះបីជាអត្រាថយចុះត្រូវបានរដ្ឋបាលជលផល និងអង្គការអភិរក្សដទៃទៀតអាចគ្រប់គ្រងបាន ប៉ុន្តែចំនួននេះនៅតិចតួចនៅឡើយ»។
លោកថា ចំនួនកូនផ្សោតដែលកើតមក និងងាប់ទៅវិញក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះគឺ ក្នុងឆ្នាំ ២០១៨ មានកូនផ្សោតកើតចំនួន ៩ ក្បាលតែងាប់ទៅវិញ ៤ ក្បាល ក្នុងឆ្នាំ ២០១៩ កើតបាន ១៣ ក្បាលងាប់វិញ ៨ ក្បាល និងក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ ២០២០ នេះមានកូនផ្សោតកើតចំនួន ៦ ក្បាល តែងាប់វិញ ៥ ក្បាល។
នាយកអង្គការ WWF បានបញ្ជាក់ថា៖ «ផ្សោតចំនួន ២៥ ក្បាលដែលបានកត់ត្រានៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែនៅពេលដែលធ្វើការសិក្សាស្រាវជ្រាវនៅក្នុងឆ្នាំ ២០២០ នេះ យើងអត់បានឃើញវាទេ សួរថាតើមូលហេតុអី?។ កន្លែងនេះជាចំណុចមួយដែលក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងតែពិភាក្សាគ្នា ពិនិត្យមើលទិន្នន័យនេះថា តើវាយ៉ាងម៉េច ហើយអត្រាកត់ត្រាចំនួនដែលសត្វផ្សោតបានស្លាប់នោះគឺមិនឃើញវាទេ ប៉ុន្តែវាអាចចល័តទៅតាមទន្លេតូចៗដែលបែកខ្នែង ដោយសារការសិក្សាគឺតែទៅលើទន្លេមេគង្គ»។
លោក សេង ទៀក បានបន្តថា តាមការសិក្សាបានបង្ហាញផងដែរថា ផ្សោតរស់នៅតែក្នុងអន្លង់កាំពី អន្លង់កាំកូនសត្វ និងអន្លង់ឈើទាល។ ក្រុមការងារកំពុងតែតាមដានពីការធ្វើបំផ្លាស់ទីរបស់សត្វផ្សោត។ បញ្ហាកង្វល់សម្រាប់អ្នកអភិរក្សផ្សោតក៏ដូចជារដ្ឋបាលជលផលគឺមានកត្តាចម្បងធំៗដូចជា ការដាក់មង ការឆក់ត្រជាក់ ការឆក់ក្តៅ ការបំពុល ការនេសាទហួសកម្រិត (ការនេសាទច្រើន) ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលបង្ហូរទឹក និងបញ្ហាកូវីដជាដើម។ នេះគឺជាលើកទី ១ ហើយដែលឃើញមាននូវព្រឹត្តិការណ៍នៃការបំផ្លាស់ទីរបស់ផ្សោត ហើយស្ថាប័នពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវលើមូលហេតុនេះ។
យោងតាមសេចក្តីប្រកាសរួមរបស់រដ្ឋបាលជលផល និងអង្គការ WWF បានឱ្យដឹងថា ចំនួនសត្វផ្សោតទឹកសាបនៅក្នុងតំបន់អាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងហើយត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិដែលហៅកាត់ថា IUCN ជាប្រភេទជិតផុតពូជ។
លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល និងជាអ្នកសម្របសម្រួលការងារអភិរក្សរវាងនាយកដ្ឋានអភិរក្ស និងអង្គការ WWF បានឱ្យដឹងនៅថ្ងៃម្សិលមិញថា ក្នុងទសវត្សរ៍នៃឆ្នាំ ១៩៧៤ ឬឆ្នាំ ១៩៧៥ សត្វផ្សោត Irrawaddy រាប់ពាន់ក្បាលមានរស់នៅរាយប៉ាយតាមដងទន្លេមេគង្គ ដៃទាំង ៣ របស់ទន្លេមេគង្គ និងបឹងទន្លេសាប។ បច្ចុប្បន្ន ពួកវាមានរស់នៅតាមដងទន្លេមេគង្គក្នុងចន្លោះចម្ងាយ ១៨០ គម៉ ចាប់ពីអន្លង់កាំពីក្នុងខេត្តក្រចេះបន្តឡើងដល់ល្បាក់ខោនក្នុងប្រទេសឡាវដែលជាប់ទៅនឹងព្រំប្រទល់ខេត្តស្ទឹងត្រែង។
លោកបានថ្លែងថា៖ «ក្នុងអំឡុងពេលដែលធ្វើការស្រាវជ្រាវក្នុងឆ្នាំ ២០២០ នេះ យើងខកខានមិនបានឃើញសត្វផ្សោតដែលយើងស្គាល់អត្តសញ្ញាណរហូតដល់ទៅ ២៥ ក្បាលដែលការមិនឃើញនេះអាស្រ័យដោយការប្រែប្រួលទឹកនៃទន្លេមេគង្គនៅឆ្នាំនេះមានកម្រិតទាបមែនទែនដែលធ្វើឱ្យសត្វផ្សោតមួយចំនួនមិនរស់នៅតាមទីជម្រកនៃអន្លង់ទឹកជ្រៅរបស់វាទេ»។
លោក វង់ សាវឿន នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែងបាននិយាយថា ការបំផ្លាស់ទីរបស់សត្វផ្សោតនេះមិនមែនផ្តោតតែលើកត្តាធម្មជាតិ ១ មុខនោះទេ តែក៏មកពីកត្តាមនុស្សផងដែរ។
លោកថា៖ «មានប្រជាពលរដ្ឋខ្លះនៅមានចរិតរឹងរូសដោយបន្តធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយពួកគាត់ប្រើប្រាស់មងទំនើបដែលហៅថាមងវ៉ូងដែលមានលាយថ្មស្អុយ ដែលធ្វើឱ្យសត្វនៅក្នុងទឹកមិនអាចរស់នៅកន្លែងនោះបានទៀតទេ គឺត្រូវតែធ្វើការបំផ្លាស់ទី»៕
វីដេអូ៖