ភ្នំពេញៈ គណប​ក្ស​ខ្មែរ​តែ​មួយ ​​ដែល​ទទួល​ស្គាល់​ដោយ​​​ក្រសួង​មហា​ផ្ទៃ​ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​ប្រកាសជា​សារមួយ ​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា​ ​ចលនា​ឧទ្ទាម និង​ខុស​ច្បាប់ ប៉ុន្តែ​ជា​អ្វី​ដែល​គណបក្ស​មួយ​នេះ បាន​ការ​ពារ​ខ្លួន​ថា ជា​សារ​អំពាវ​នាវ​ ដើម្បី​ឲ្យ​មាន «ការ​រួប​រួម​ជាតិ» ប៉ុណ្ណោះ។

នៅ​ក្នុង​លិខិត​សរសេរ​ទៅ​កាន់​លោក សម រង្ស៊ី និង​លោក​ស្រី​ មូរ សុខហួរ កាល​ពី​ថ្ងៃទី ​២៧ មីនា​នេះ លោក គុជ លី​ អនុប្រធា​ន​គណបក្ស និង​ជា​អ្នក​នាំពាក្យ ​ដែល​ធ្លាប់​មាន​ឈ្មោះ​ថា «គណបក្ស​កែម ឡី» បាន​សរសេរ​ថា​ «ដើម្បី​ផល​ប្រយោជន៍​ជាតិ​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ ខ្ញុំ​ គុជ លី តំណាង​ឲ្យ​ គណបក្ស​ខ្មែរ​តែ​មួយ ​សូម​ប្រកាស​គាំទ្រ​និង​ចូល​រួម​ធ្វើ​សកម្ម (ភាព)​ ​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ប្រធាន ​សម រង្ស៊ី»។

គណបក្ស​ខ្មែរ​តែ​មួយ​ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ ​ប្រកាស​ទទួល​ស្គាល់​និង​ចុះ​ឈ្មោះ​ជា​គណបក្ស​នយោបាយ​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ ទី ២៧ ខែមីនា ​ម្សិល​មិញនេះ។

នៅ​ក្នុង​លិខិត​ប្រកាស​​ស្តី​ពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ ចុះ​ហត្ថលេខា​ដោយ​ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ណែនាំ​ឲ្យ​គណបក្ស​ខ្មែរ​តែ​មួយ «ត្រូវ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ លិខិត​បទដ្ឋាន​គតិ​យុត្តិនានា​ជាធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហា​ផ្ទៃ»។

លោក គុជ លី ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​ ​ចូល​រួម​ជាមួយ​លោក​ ដើម្បី​​ទាមទារ​សិទ្ធិ​សេរី​ភាព​ជូន​លោក សម រង្ស៊ី និង ​លោក កឹម​ សុខា ដែល​​តុលាការ​និង​រដ្ឋាភិបាល​​កំពុង​ចោទ​ប្រកាន់ចោទ​បទ​ «ក្បត់​ជាតិ»​ ផ្តល់​សិទ្ធិ​សេរី​ភាព​ឲ្យ​លោក​ មាជ សុវណ្ណារ៉ា និង​អ្នក​ទោស​មនសិកា​ផ្សេង​ទៀត។

លោក គុជ លី ថ្លែង​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​នៅ​ព្រឹក​នេះ លោក​មិន​បារម្ភ​​អំពី​ចំណាត់​ការ​របស់​ក្រសួង​មហា​ផ្ទៃ​មក​លើ​គណបក្ស​របស់​លោក​ទេ ចំពោះ​ការ​ប្រកាស​គាំ​ទ្រ​ចលនា​សង្គ្រោះ​ជាតិ ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ចាត់​ទុក​ជា​ចលនា​ឧទ្ទាម​នោះ ហើយ​ថា​សារ​របស់​លោក គឺចង់​ឲ្យមាន​ការ​រួប​រួម​ជាតិតែ​ប៉ុណ្ណោះ​។

លោក គុជ លី​ ថ្លែង​ថា ​លោក​ប្រកាស​គាំ​ទ្រ​ចលនា​នេះ​ដោយាសារ​តែ «ខ្ញុំ​នៅ​តែ​ការពារ​ថា​ខ្ញុំ​អត់​ខុស បើ​ខ្ញុំ​អំពាវ​នាវ​ប្រជាជន​បះបោរ​ជា​មួយ​រដ្ឋាភិបាល​ខ្ញុំ​ខុស​ហើយ។ មិន​មាន​ន័យ​ថា​ចលនា​របស់​គាត់​​ជា​ចលនា​អាក្រក់​ទាំង​អស់​ឯណា។...តែ​សារ​បស់​យើង​គឺ ​រួប​រួម​ជាតិ ចឹង​ដោះ​លែង»។

ភ្នំពេញ​ ប៉ុស្តិ៍ ​មិន​ទាន់​អាច​ទាក់​ទងក្រសួង​មហា​ផ្ទៃ នៅ​ព្រឹកនេះ ​​ដើម្បី​ការ​ពន្យល់​លើ​ការ​ប្រកាស​របស់​គណបក្ស​ដែល​ទើប​​ត្រូវ​បាន​ទទួល​ស្គាល់​នេះ​ទេ ។

កាលពី​ម្សិលមិញ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញា​ធរ​ និង​ សមត្ថកិច្ចគ្រប់​ខណ្ឌ​ទាំង​ ១២ ឲ្យ​ធ្វើការ​ឃ្លាំមើល​សកម្មភាពប្រឆាំង​ណាមួយ​ដែល​អាច​កើ​តមានមុន​ការ​បោះ​ឆ្នោតជាតិ ខែ​កក្កដា​ខាង​មុខ​នេះ។

យោង​តាម​គេហទំព័រ​ នគរបាល​ជាតិ លោកសុវណ្ណ ​ថ្លែងថា ៖ «យើង​ជា​អ្នក​ចូល​រួម​អនុវត្ត​ផ្ទាល់​ក្នុង​ការ​ទប់​ស្កាត់​បដិវត្ត​ពណ៌​ ការ​ទប់​ស្កាត់​ចលនា​អសន្តិ​សុខ​សង្គម​ ដែល​ក្រុម​គណបក្ស​ប្រឆាំង​ចង់​ធ្វើ​ហើយ​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​រាល់​ចលនា​ណាមួយ​ដែល​ក្រុម​នេះ​ប៉ុន​ប៉ង​ចង់​ធ្វើ​» ៕