ភ្នំពេញៈ ក្រោយពី​ចេញ​ពី​គុក​លោក​​ គឹម សុខ អ្នកវិភាគ​សង្គម​ និង​នយោបាយ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​បន្ត​ការងារ​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​បាន​ទ្វេដង បើ​ទោះបី​ប្រឈម​បញ្ហា​ចំពោះ​មុខ​ក៏ដោយ​។

លោក គឹម សុខ ត្រូវ​បាន​អនុវត្ត​ទោស​ ១ ​ឆ្នាំ ៦ ​ខែ​ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​ដែល​ប្ដឹង​ដោយ​លោក គី តិច តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក គឹម សុខ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ដោះលែង​កាលពី​ថ្ងៃ​សុក្រ​ក្រោយ​អនុវត្ត​ទោស​រយៈពេល​ ១ ​ឆ្នាំ​កន្លះ​។ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ បន្ទាប់ពី​ CPP ប្ដឹង​ថា​លោក​បាន​និយាយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា នៅ​ពី​ក្រោយខ្នង​ការសម្លាប់​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី​។

ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ លោក​ គឹម សុខ បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មិន​ឈប់​ទេ គឺ​ខ្ញុំ​ធ្វើ​លើស​ដើម​តាម​ការសន្យា ពីព្រោះ​នេះ​គឺជា​ការបម្រើ​ជាតិ​ជា​អំពើ​ល្អ​បម្រើ​ពលរដ្ឋ ដូច្នេះ​ការឈប់​ធ្វើ​អំពើ​ល្អ​មិនមែន​ជា​ការអប់រំ​សកល​សម្រាប់​មនុស្ស​ជាតិ​ទេ​។ ការឈប់​ធ្វើ​អំពើ​ល្អ​នៅក្នុង​សង្គម​មួយ​គឺ​វា​មាន​តែ​នាំ​សង្គម​ហ្នឹង​ទៅ​កាន់​ភាពដុនដាប​កាន់តែ​ខ្លាំង ដូច្នេះ​មិនមែន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​មិន​ត្រូវ​ឈប់​គឺ​គ្រប់​គ្នា​មិន​ត្រូវ​ឈប់ ហើយ​ត្រូវ​បន្ត​រួម​គ្នា​ពង្រឹង​ស្មារតី​ប្រជាធិបតេយ្យ​ឡើង​វិញ​ទាំងអស់​គ្នា​»​។

លោក គឹម សុខ អះអាង​ថា​លោក​នៅ​តែ​មាន​ការព្រួយបារម្ភ​ពី​ការចាប់​ខ្លួន​សាជាថ្មី​ទៀត​។

លោក​ថ្លែង​ថា​៖ «​បើ​ខ្ញុំ​និយាយ​ថា​មិន​បារម្ភ អាហ្នឹង​ខ្ញុំ​កុហក​គេ​ហើយ បើ​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​មិន​ខ្លាច អាហ្នឹង​ខ្ញុំ​បោក​គេ​ហើយ ពីព្រោះ​ខ្ញុំ​ជា​មនុស្ស ខ្ញុំ​ចេះ​បារម្ភ ខ្ញុំ​ចេះ​ខ្លាច​ដូច​គេ ដូច​ឯង​ដែរ​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ថា​អ្នកវិភាគ​រូប​នេះ​នឹង​ប្រឈម​បញ្ហា​ជាថ្មី បើ​លោក​វិភាគ​មិន​ផ្សារភ្ជាប់​នឹង​ការពិត​នោះ​។

លោក​ថ្លែង​ថា​៖ «​ការវិភាគ​យ៉ាង​ណា​ឲ្យ​គាត់​វិភាគ​ដើម្បី​ឲ្យ​វា​ផ្សារភ្ជាប់​នឹង​ការពិត​ជាក់ស្ដែង បើ​វិភាគ​គ្រាន់តែ​មាន​ចរិត​នយោបាយ​ដើម្បី​វាយប្រហារ​មក​លើ​គណបក្ស​កាន់​អំណាច ឬ​មួយ​ក៏​រាជរដ្ឋាភិបាល អាហ្នឹង​វា​មាន​បញ្ហា​តទៅ​ទៀត​ហើយ​»​។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ២ ករណី​ផ្សេង​គ្នា​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ ចោទ​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ និង​បទបរិហារកេរ្តិ៍​ជា​សាធារណៈ​» ដាក់​ពន្ធនាគារ​រយៈពេល ១៨ ខែ​ពិន័យ ៨ លាន​រៀល និង​ត្រូវ​សង​សំណង​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចំនួន ៨០០ លាន​រៀល ឬ​ប្រហាក់​ប្រហែល ២០ ម៉ឺន​ដុល្លារ​៕