ឧត្តរមានជ័យៈ យោងតាម​មន្ត្រី​ផ្នែក​ដោះស្រាយ​ទំនាស់​ដីធ្លី បញ្ហា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​ជាមួយ​ក្រុមហ៊ុន​ដាំ​ស្ករអំពៅ​ថៃ​ត្រូវ​បាន​ដោះស្រាយ​ចប់​តាំងពី​ឆ្នាំ​ ២០១០ ខណៈ​ពលរដ្ឋ​ក៏​លើកឡើង​ដែរ​ថា​ពួកគេ​ចំនួន ​៧១២ ​គ្រួសារ​ កំពុង​បន្ត​តវ៉ា​ទាមទារ​ដីធ្លី​នៅឡើយ​។ ទោះយ៉ាងណា អាជ្ញាធរ​ឱ្យ​ពលរដ្ឋ​ដែល​ខ្វះ​ដី​ដាក់ពាក្យ​ស្នើសុំ​មក​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ខេត្ត​តាមរយៈ​អាជ្ញាធរ​ភូមិ-ឃុំ​។

លោក​ វ៉ាត ប៉ារានីន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​អះអាង​ថា ប្រសិនបើ​ពលរដ្ឋ​ណា​ខ្វះខាត​ដី​ពិតប្រាកដ​នោះ លោក​ស្នើឱ្យ​ពួកគេ​ដាក់ពាក្យ​ស្នើសុំ​មក​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​តាមរយៈ​អាជ្ញាធរ​ភូមិ-ឃុំ ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ព្រោះ​ថា រដ្ឋាភិបាល​នឹង​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​គ្មាន​ដី​សម្រាប់​ធ្វើស្រែ​នោះឡើយ​។

ស្ថិត​ក្នុង​បន្ទប់​ធ្វើការ​នៅឯ​សាលា​ខេត្ត​ឧត្តរមានជ័យ លោក​ វ៉ាត ប៉ារានីន បាន​បង្ហាញ​ឯកសារ​ ១ ​វ៉ាលិស​ធំ ដោយ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា សុទ្ធតែ​ជា​ឯកសារ​ភ័ស្ដុតាង​បញ្ជាក់​អំពី​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ដាំ​ស្ករអំពៅ​ទាំង​ ៣ ​ដែល​ត្រូវ​បាន​ដោះស្រាយ ចប់សព្វគ្រប់​តាំងពី​ឆ្នាំ​ ២០១០​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ៣១ ខែ​កក្កដា ឆ្នាំ​ ២០២០ ​នេះ​តុលាការ​ឧទ្ធរណ៍​ថៃ​បាន​សម្រេច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង​ ៧០០ ​គ្រួសារ​នោះ​ឈ្នះ​បណ្ដឹង​ទាស់ ដើម្បី​ឱ្យ​ការដាក់​បណ្ដឹង​សមូហភាព​ប្រឆាំង​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ មិត្រ ផល របស់​ពួកគាត់​ឆ្ពោះ​ទៅ​មុខ​ទៀត​។

ការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ថៃ​នេះ បន្ទាប់ពី​ពលរដ្ឋ​ទាំង​ ៧១២ ​គ្រួសារ​ បាន​ប្ដឹងទៅ​តុលាការស៊ីវិល​ក្នុង​ប្រទេស​ថៃ ដើម្បី​ទាមទារ​សំណង​ចំនួន​ ៤៣ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ មិត្រ ផល ខណៈ​ពួកគាត់​ចោទ​ក្រុមហ៊ុន​នេះថា ​បាន​ធ្វើឱ្យ​ពួកគាត់​ខកខាន​មិន​បាន​អាស្រ័យផល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ប៉ុន្តែ​តុលាការ​ស៊ីវិល​ថៃ​កាលពី​ឆ្នាំ​ ២០១៨ បាន​បដិសេធ​ទទួល​បណ្ដឹង​ដែល​ដាក់​រួមគ្នា​របស់​ពលរដ្ឋ និង​ស្នើឱ្យ​ពលរដ្ឋ​ទាំងនោះ​ដាក់​បណ្ដឹង​រៀងៗ​ខ្លួន​ឡើងវិញ​។

លោក​ វ៉ាត ប៉ារានីន ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២ ខែ​សីហា ថា លោក​មិន​យល់​អំពី​ការដាក់​បណ្ដឹង​ឆ្លង​ប្រទេស​បែប​នេះ​ទេ ដោយ​លោក​ថ្លែង​ថា​ជាទូទៅ ប្រសិន​បើ​រឿងក្ដី​កើតឡើង​នៅ​ខេត្ត​ណា​គឺ​គេ​ត្រូវដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​នៅ​ខេត្ត​នោះ​។

លោក​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ខេត្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​ស្រុក​ក្រុង​ទាំងអស់​ត្រូវ​ចុះ​ឱ្យ​ដល់​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ដើម្បី​ស្វែងរក​ប្រជាជន​ខ្វះខាត​ដី​ពិតប្រាកដ​។ ប្រសិន​បើ​ពួកគាត់​ពិតជា​ខ្វះខាត​ត្រូវដាក់​ពាក្យស្នើសុំ​ដីសម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល ហើយ​ក៏​មាន​ពលរដ្ឋ​ជាច្រើន​បាន​ដាក់​ពាក្យស្នើសុំ​ជា​បន្តបន្ទាប់​ដែរ​។

លោក​ថា​៖ «​នៅ​ស្រុក​ខ្មែរ​យើង បើ​រឿងហេតុ​កើត​នៅ​ឧត្តរមានជ័យ​គឺ​គេ​ត្រូវដាក់​ប្ដឹង​នៅ​តុលាការ​ឧត្តរមានជ័យ ហើយ​បើ​រឿងហេតុ​នៅ​ភ្នំពេញ​គឺ​គេ​ត្រូវដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​នៅ​ភ្នំពេញ​។ យើង​មិន​ដឹង​និង​មិន​យល់ច្បាស់​ដែរ យើង​ជនជាតិ​កម្ពុជា​ហើយ​ទៅប្ដឹង​នៅ​តុលាការ​នៅ​ស្រុកថៃ​វិញ អាហ្នឹង​ខ្ញុំ​អត់​ [​ដឹង​] ​ដែរ​»​។

លោក​ វ៉ាត ប៉ារានីន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បង្ហាញ​ឯកសារ​។ រូបថត ខន សាវិ

លោក​ គឹម គាវិន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ឧត្តរមានជ័យ​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំ​ ២០១៨ មន្ត្រី​ថ្នាក់ជាតិ​មកពី​ក្រសួង​ដែនដី​បាន​ចុះមក​សង្កាត់​កូន​ក្រៀល​រយៈពេល​កន្លះ​ខែ​ដើម្បី​រង់ចាំ​ទទួល​ពាក្យស្នើសុំ និង​សម្ភាស​ពលរដ្ឋ​នៅក្នុង​សង្កាត់​នេះ​ដើម្បី​ទទួល​បាន​ដីសម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​នៅ​ចំណុច​អូរបាត់មាន់​។

លោក​បន្តថា កាលនោះ​មាន​តែ​ពលរដ្ឋ​ចំនួន​ ៤១២ ​គ្រួសារ​ មក​ដាក់ពាក្យ​ស្នើសុំ​ និង​បាន​ទទួល​ដី​សម្បទាន​សង្គមកិច្ច​។ ប៉ុន្តែ​លោក​ថា ការផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នោះ ដើម្បី​ផ្ដល់ជូន​ចំពោះ​ពលរដ្ឋ​ដែល​ខ្វះ​ដី​ពិតប្រាកដ មិនមែន​ជា​ការដោះស្រាយ​សំណង​អ្វី​ឡើយ​។ ព្រោះ​ពលរដ្ឋ​ដែល​មាន​ដី​ត្រូវ​ប៉ះពាល់​ដោយ​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​ដាំ​អំពៅ​កាលពី​ឆ្នាំ​ ២០០៨ ត្រូវបាន​ដោះស្រាយ​ចប់ មុន​ក្រុមហ៊ុន​ចូលមក​វិនិយោគ​ទៅទៀត​។

លោក​និយាយ​ថា​៖ «​ពលរដ្ឋ​ទាំងនេះ​ដោយសារ​ពួកគាត់​ថា​អត់​មាន​ដី​សម្រាប់​បង្កបង្កើនផល អ៊ីចឹង​រដ្ឋាភិបាល​បានផ្ដល់​ដីសម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់​។ ឥឡូវ ឮថា ប្រជាពលរដ្ឋ​កំពុង​ប្ដឹង​ថា មាន​រហូត​ ៧០០ ​ជាង អាហ្នឹង​ខ្ញុំ​ក៏​អត់​យល់ និង​អត់​ដឹង​ដែរ​»​។

ក្នុង​ឆ្នាំ​ ២០០៨ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ថៃ​ឈ្មោះ មិត្រ ផល​ (Mitr Phol Sugar Cooperation) ​ដែលជា​ក្រុមហ៊ុន មេ​របស់​ក្រុមហ៊ុន​អង្គរស៊ូហ្គើរ​ (Angkor Sugar Company) ក្រុមហ៊ុន​ទន្លេ​ស៊ូហ្គើរ ខេន (Tonle Sugar Cane Company) និង​ក្រុមហ៊ុន ខេន អេន ស៊ូហ្គើរ វែលលី​ (Cane Sugar Valley Company) ​ធ្វើការ​វិនិយោគ​ដោយ​ដាំ​ចម្ការ​អំពៅ​លើដី​សម្បទាន សេដ្ឋកិច្ច​ចំនួន​ ៣ ​ម៉ឺន​ហិកតា នៅ​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ក្រុង​សំរោង សង្កាត់​កូនក្រៀល សង្កាត់​សំរោង និង​ទីតាំង​ក្នុង​ស្រុក​ចុងកាល់ គឺ​នៅ ឃុំ​ចុងកាល់ និង​ឃុំ​ពង្រ​។

លោក​ វ៉ាត ប៉ារានីន បញ្ជាក់​ថា​បើទោះបី​ក្រុមហ៊ុន​ទាំង​ ៣ ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ ១ ​ម៉ឺន​ហិកតា​ ក្នុង​ ១ ​ក្រុមហ៊ុន​ក្ដី ប៉ុន្តែ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ ៣ ​នេះ​ទទួលបាន​ដី​សម្រាប់​ដាំ​អំពៅ​ពិតប្រាកដ​តែ​ជាង​ ៥ ​ពាន់​ហិកតា ឬ​ជាង​ ៦ ​ពាន់​ហិកតា​ប៉ុណ្ណោះ​។ ពីព្រោះ​ក្រុមហ៊ុន​ទាំងនោះ​បាន​ឯកភាព​ជាមួយ​អាជ្ញាធរខេត្ត​ និង​ក្រសួង​ដែនដី ដើម្បី​កាត់​ឆ្វៀល​ដី​ខ្លះ​ចេញ​វិញ ដោយសារ​ដី​ទាំងនោះ​ប៉ះពាល់​ជាមួយ​ដីកេរ​របស់​ប្រជាពលរដ្ឋ​។ ពួកគាត់​បាន​បោះ​ទីតាំង​រស់នៅ​ និង​អាស្រ័យផល​ជាក់ស្ដែង​តាំងពី​យូរលង់​។

លោក​បន្តថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ ១ ៧៣៨ ​គ្រួសារ​ ដែល​មាន​ដី​ដូនតា​ត្រូវ​ប៉ះពាល់​ដោយសារ​ការវិនិយោគ​ដាំ​ស្ករអំពៅ ក្រៅពី​ត្រូវ​បាន​កាត់​ឆ្វៀល​ដី​ចេញ​ពី​ក្រុមហ៊ុន​ប្រគល់ជូន​ពួកគាត់​វិញ គឺ​ពលរដ្ឋ​ខ្លះទៀត​ដែល​មាន​ដី​រូបរាង​ដូច​ស្បែក​ខ្លា​ស្ថិត​ក្នុង​ទីតាំង​ដីសម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ក៏​ត្រូវ​បាន​សម្របសម្រួល​ឱ្យ​ទទួល​យក​ដី​ដោះដូរ​នៅក្រៅ​តំបន់​ក្រុមហ៊ុន​ដោយ​ស្ម័គ្រចិត្ត​ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ឱ្យ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ទាំង​ ៣ ​ហ្នឹង​ដែល​មក​វិនិយោគ​នៅលើ​ទឹកដី​នៃ​ខេត្ត​ឧត្តរមានជ័យ​នេះ គឺ​សុទ្ធតែ​ដោះស្រាយ​ផលប៉ះពាល់​រួចរាល់​អស់ហើយ ដោយ​ក្រុមហ៊ុន​មួយៗ​នេះ​មាន​ការអនុញ្ញាត​ [​ពី​រដ្ឋាភិបាល​] ​ឱ្យ​វិនិយោគ​លើ​ដី​ ១ ​ម៉ឺន​ហិកតា ប៉ុន្តែ​ក្រុមហ៊ុន​មួយៗ​ហ្នឹង​មិនបាន​សល់​ដី​ ១ ​ម៉ឺន​ហិកតា​ទេ ព្រោះ​បើ​ ៣ ​ក្រុមហ៊ុន​គឺ​មាន​ដី​ ៣ ​ម៉ឺន​ហិកតា ប៉ុន្តែ​ ៣ ​ក្រុមហ៊ុន​នៅសល់​តែ​ ២ ​ម៉ឺន​ហិកតា​ជាង​ទេ អ៊ីចឹង​បាន​ន័យថា​ជិត​ ១ ​ម៉ឺន​ហិកតា ​ត្រូវ​កាត់​ឆ្វៀល​ជូន​ប្រជាជន​»​។

ការលើកឡើង​ពី​មន្ត្រី​រូបនេះ ខណៈ​ពលរដ្ឋ​ចំនួន​ ៧១២ ​គ្រួសារ​ ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន​ ៤ គឺ​ភូមិ​តាម៉ាន ភូមិ​បុស្ស ភូមិ​ត្រពាំងវែង និង​ភូមិ​ខ្ទុំ​ក្នុង​សង្កាត់​កូនក្រៀល​បន្ត​ទាមទារ​ដី​ចំនួន​ ២៥ ២៣៥ ​ហិកតា​ ដែល​ត្រូវ​បាត់បង់​ដោយសារ​ការឈូសឆាយ​បំផ្លាញ​ដីស្រែ​​ និង​ផ្ទះសំបែង​របស់​ពួកគាត់​ពី​សំណាក់​ភាគី​ក្រុមហ៊ុន​កាលពី​អំឡុង​ឆ្នាំ​ ២០០៨-២០០៩​។

ពលរដ្ឋ​ខ្លះ​ប្រាប់ថា ចាប់តាំងពី​ក្រុមហ៊ុន​ស្ករអំពៅ មិត្រផល ឈប់ វិនិយោគ​នៅ​ខេត្ត​ឧត្តរមានជ័យ​ និង​ប្រគល់​ដី​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​វិញ​តាំងពី​ឆ្នាំ​ ២០១៥ ​មក​គឺ​ពួកគាត់​មួយចំនួន​បាន​ចាប់ផ្ដើម​ចូលទៅ​ធ្វើស្រែ​លើដី​ទាំងនោះ​វិញ បើទោះបី​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​គំរាម​ចាប់​ខ្លួន​ពួកគាត់​ជា​បន្តបន្ទាប់ ដោយ​ចោទប្រកាន់​ថា ចូលកាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្តី​។

លោក​ ថាន់ ញ៉យ កសិករ​អាយុ​ ៥១ ​ឆ្នាំ​រស់នៅ​ភូមិ​ខ្ទុំ សង្កាត់​កូនក្រៀល​និយាយ​ថា លោក​មាន​ដីស្រែ​កេរ​ចំនួន​ ១៥ ​ហិកតា​ ដែល​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩៨​។ បើ​តាម​ច្បាប់​ភូមិបាល​ក្នុង​ឆ្នាំ​ ២០០១ គឺ​លោក​គួរតែ​ទទួល​បាន​ការចេញ​ប្លង់​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី ដោយសារ​លោក​បាន​គ្រប់គ្រង​ដី​ទាំងនោះ លើសពី​រយៈពេល​ ៥ ​ឆ្នាំ​។ ​ប៉ុន្តែ​លោក​ថា​ចាប់ពី​ឆ្នាំ​ ២០០៩ អាជ្ញាធរ​បាន​ចុះទៅ​វាស់​ និង​ហ៊ុមព័ទ្ធ ហើយ​បាន​យក​ដី​របស់​លោក​ទាំង​ ១៥ ​ហិកតា​រួមទាំង​ដីស្រែ​របស់​ភូមិ​ផ្សេងទៀត ធ្វើ​ជា​ដី​រដ្ឋ​សម្បទាន​សេដ្ឋកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​។ ទោះ​យ៉ាងនេះ​ក្តី​ចាប់ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១៥ ដី​ទាំងនោះ​ត្រូវ​បាន​ក្រុមហ៊ុន​ទុក​ឱ្យ​នៅ​ទំនេរ​ចោល​មិន​បាន​ដាំ​អំពៅ​នោះឡើយ​។

លោក​បន្ថែម​ថា នៅពេល​ក្រុមហ៊ុន​ដកចេញ​វិញ​ក្នុង​ឆ្នាំ​ ២០១៥ លោក​បាន​ចូលទៅ​ធ្វើស្រែ​លើដី​នោះ​ដូច​រាល់​ឆ្នាំ​វិញ​។ ប៉ុន្តែ​មកដល់​ឆ្នាំ​ ២០១៨ អាជ្ញាធរ​បាន​យកដី​របស់​លោក​រួមទាំង​ដី​អ្នកភូមិ​ផ្សេងទៀត​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ជា​ដីសម្បទាន សង្គមកិច្ច​ប្រគល់​ឱ្យ​ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ ហើយ​ប្រាប់​លោក​ឱ្យ​ឈប់​ចូល​ទៅ​ធ្វើស្រែ​លើ​ដី​នោះ​ចាប់ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ​។

កសិករ​រូបនេះ​និយាយ​ថា​៖ «​ឥឡូវ ពួក​ត្បូងឃ្មុំ​ចូល​មក​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីស្រែ​របស់​ខ្ញុំ​ហ្នឹង​អស់​ប្រមាណ​ ៤ ​ហិកតា​ហើយ​។ ពលរដ្ឋ​ខេត្ត​នេះ​ចូល​មក​គឺ​ឈូស​បំផ្លាញ​ដើមឈើ​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ស្រែ​ចោល​ទាំងអស់ ដែល​ខុស​ពី​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ គេ​និយម​ធ្វើស្រែ​រក្សា​ព្រៃឈើ​គឺ​ធ្វើ​នៅ​ចន្លោះ​ដី​ដែល​គ្មាន​ដើមឈើ និង​ក្រោម​ដើមឈើ​»​។

លោក​ ថាន់ ញ៉យ បាន​ចុះទៅ​បង្ហាញ​ដីស្រែ​របស់​លោក​ដែល​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ ៧ ​គីឡូម៉ែត្រ ខណៈ​ក្នុង​ដីស្រែ​ទាំងនោះ​មាន​ស្រូវ​ខ្លះ​កំពុង​ចេញ​ផ្លែ​បណ្ដើរៗ និង​ស្រូវ​ខ្លះទៀត​ចាប់ផ្ដើម​ក្រហម​ចុង​មួយៗ​ដែល​លោក​ ញ៉យ គ្រោង​ច្រូតកាត់​សម្រាប់​ធ្វើជា​អំបុក​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​បន្តថា ដីស្រែ​កេរ​របស់​ពលរដ្ឋ​ស្ទើរ​ទូទាំង ខេត្ត​ឧត្តរមានជ័យ​ពុំមាន​លិខិត​ណាមួយ​បញ្ជាក់​អំពី​កម្មសិទ្ធិ​នោះទេ​។

ទោះបី​ដី​របស់​ខ្លួន​ត្រូវ​រដ្ឋាភិបាល​បន្ត​យក​ធ្វើ​ដីសម្បទាន​សង្គមកិច្ច​ប្រគល់​ឱ្យទៅ​ពលរដ្ឋ​មកពី​ត្បូងឃ្មុំ​ក៏ដោយ ប៉ុន្តែ​កសិករ​ ថាន់ ញ៉យ ប្ដេជ្ញា​ថា​នឹង​មិន​បោះបង់​ដី​នោះឡើយ​។ លោក​បន្ថែមថា​កាលពី​ឆ្នាំ​ ២០០៩ អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​លោក​ទទួល​យក​ដី​ដោះដូរ​ដែរ ប៉ុន្តែ​លោក​បដិសេធ ដោយសារ​ដី​ដោះដូរ​នោះ គឺ​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ផ្សេង និង​ទាហាន​។

លោក​ថា​៖ «​ពលរដ្ឋ​ក្នុងភូមិ​ខ្ទុំ​ខ្លះ​ដែល​ព្រម​ទទួល​យក​ដី​ដោះដូរ​តាម​ដំណោះស្រាយ​របស់​អាជ្ញាធរ​គឺ​ខ្លះ​ទទួល​បាន​តែ​ ២០ ទៅ​ ៥០% ​នៃ​ផ្ទៃដី​ដែល​បាត់បង់​ស្របពេល​ដី​ដោះដូរ​ទាំងនោះ​មួយចំនួន​ក៏​បាន​ធ្វើឱ្យ​កើត​មាន​ជម្លោះ​ដណ្ដើម​ដី​គ្នា​រវាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​ដូចគ្នា​បន្ថែម​ទៀត ដោយសារ​តែ​ដី​ដោះដូរ​ដែល​ទទួល​បាន​ពី​អាជ្ញាធរ​ទាំងនោះ​គឺ​ជាន់​លើដី​របស់​ប្រជាពលរដ្ឋ​ផ្សេង​»​។

ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា ជា​អ្នកស្រុក​រស់នៅ​ក្នុង​ភូមិ​ថ្នល់បត់​ដែល​ជា​ភូមិ​ជាប់​គ្នា​ជាមួយ​ភូមិ​ខ្ទុំ ក្នុង​សង្កាត់​កូន​ក្រៀល​គឺ​លោក ហៀ ហួច អាយុ​​ ៥២ ​ឆ្នាំ និយាយ​ដែរ​ថា ដីស្រែ​របស់​ពលរដ្ឋ​ក្នុងភូមិ​ថ្នល់បត់​គឺ​នៅ​ខាងលិច​ថ្នល់ជាតិ ឯ​ដីស្រែ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ខ្ទុំ និង​ភូមិ​ចំនួន​ ៣ ​ទៀត​ធ្លាប់មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដាំ​ស្ករអំពៅ​ថៃ​នៅ​ខាងកើត​ថ្នល់ជាតិ​។

ពលរដ្ឋ​រូបនេះ​បន្តថា ដី​របស់​លោក​សម្រាប់​ធ្វើ​ស្រែ​ចំនួន​ ៣ ​ហិកតា ​ពុំទាន់​មាន​ប្លង់​ត្រឹមត្រូវ​ដូច​គ្នា​នឹង​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ខ្ទុំ​ដែរ ទោះបី​លោក​កាន់កាប់​តាំងពី​ដើម តពី​ដូនតា​មក​ក្ដី​។

លោក​ ហៀ ហួច លើក​ជា​សំណួរ​ថា​៖ «​ដី​នៅ​ស្រុក​នេះ​អ្នកណា​មាន​ប្លង់​នោះ​?»​។

ចំណែក​អ្នកស្រី ភ្លឺង តេប អាយុ​ ៥៩ ​ឆ្នាំ​រស់នៅ​ភូមិ​ខ្ទុំ ដែល​ពុំ​មាន​ដី​ត្រូវ​ប៉ះពាល់​ជាមួយ​ការវិនិយោគ​ដាំ​អំពៅ​នេះ​និយាយ​ដែរ​ថា នៅក្នុង​ភូមិ​អ្នកស្រី​ពុំ​មាន​ពលរដ្ឋ​ចំណូល​ថ្មី​មកពី​ខេត្ត​ផ្សេង​ចូលមក​ឈូសឆាយ ឬ​កាប់ឆ្ការ​ដីព្រៃ​សម្រាប់​ធ្វើស្រែ​ឡើយ​។ អ្នកភូមិ​ទាំងអស់​បង្កបង្កើនផល​តែ​នៅ​លើដី​ដូនតា​ដែល​បន្សល់​ទុក​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកស្រី​ថា ​នៅ​ចំណុច​អូរបាត់មាន់​ក្នុង​ភូមិ​បុស្ស អាច​មាន​ពលរដ្ឋ​ចំណូល​ថ្មី​មកពី​ខេត្តព្រៃវែង​ជាដើម​។

អ្នកស្រី​និយាយ​ថា​៖ «​ពួកគេ​ [​ពលរដ្ឋ​ចំណូល​ថ្មី​] ដែល​ចូលទៅ​រស់នៅ​ហ្នឹង នាំគ្នា​ចូល​ទៅ​ចាប់ដី ដែល​ជា​ដី​សល់​ច្រើន​ហ្នឹង​ដើម្បី​បិទ​ទំនប់​សម្រាប់​ធ្វើស្រែ ហើយ​ដល់​ពេល​ធ្វើស្រែ​ទៅ​អាជ្ញាធរ​ថា​ជា​ដី​រដ្ឋ គេ​អត់​ឱ្យ​យើង​ទេ​»​។

ចំណែក​អ្នកស្រី​ ហ៊ូយ ម៉ៃ រស់នៅ​ចំណុច​អូរបាត់មាន់​ក្នុង​ភូមិ​បុស្ស​ដែល​កំពុង​តវ៉ា​ទាមទារ​ដី​អ្នកស្រី​ចំនួន​ ៥ ​ហិកតា​មកវិញ​រៀបរាប់​ថា មុន​សម័យ​រដ្ឋប្រហារ អ្នកស្រី​រស់នៅ​ក្នុង​ភូមិ​បុស្ស​។ ប៉ុន្តែ​ក្នុង​សម័យ​ប៉ុលពត​ត្រូវ​បាន​ជម្លៀស​ឱ្យមក​រស់នៅ​ក្នុង​ភូមិ​តាម៉ាន ហើយ​ក្រោយមក​អ្នកស្រី​ក៏​បាន​រៀបការ​ប្ដី​នៅ​ភូមិ​តាម៉ាន​ស្ថិត​ក្នុង​ឃុំ​កូនក្រៀល​តែមួយ​។

លុះ​នៅ​ពេល​របប​ប៉ុលពត​ត្រូវ​បាន​ផ្ដួលរំលំ​មក​ដល់​ឆ្នាំ​ ១៩៩៨ គ្រួសារ​អ្នកស្រី​រួមទាំង​ពលរដ្ឋ​ចំនួន​ ៩ ​គ្រួសារ​ទៀត​បាន​សម្រេច​ត្រឡប់​ទៅ​សាងសង់​លំនៅឋាន​រស់នៅ​ជា​អចិន្រៃ្តយ៍​ចំណុច​អូរបាត់មាន់​ក្នុង​ភូមិ​បុស្ស​ដែល​ជាទី​កំណើត​វិញ ហើយ​បាន​ស្នើសុំ​អតីត​មេឃុំ និង​មេភូមិ​កាលនោះ​បែងចែក​ដី​សម្រាប់​ពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​ចំនួន​ ៥ ​ហិកតា​សម្រាប់​ធ្វើ​ស្រែចម្ការ​។

អ្នកស្រី​បន្តទៀត​ថា ក្រោយមក​ដោយសារ​កើតមាន​គ្រួសារ​ថ្មី និង​មាន​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ចូល​ទៅ​រស់នៅ​ក្នុង​ចំណុច​អូរបាត់មាន់​ធ្វើឱ្យ​គ្រួសារ​ទាំងអស់​កើន​ដល់​ ២៩៩ ​គ្រួសារ​។

អ្នកស្រី​បន្ថែម​ថា​ នៅ​ឆ្នាំ​ ២០០៩ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ចំណុច​អូរបាត់មាន់​ទាំង​ ២៩៩ ​គ្រួសារ​ដែល​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​ផ្ទះសំបែង និង​ដីស្រែ អាជ្ញាធរ​បាន​ឱ្យ​ទទួល​យក​ដី​ដោះដូរ សម្រាប់​ដី​លំនៅឋាន​ទទឹង​ ៣០ ​ម៉ែត្រ និង​បណ្ដោយ​ ៥០ ​ម៉ែត្រ និង​ដីស្រែ​ ១ ​ហិកតា ខណៈ​ពលរដ្ឋ​នៅ​ភូមិ​ដែល​គ្មាន​ការដុត​បំផ្លាញ​ផ្ទះ​ទទួល​បាន​ដីស្រែ​ចំនួន​ ២ ​ហិកតា​។

អ្នកស្រី​អះអាង​ថា​៖ «​នៅ​ចំណុច​អូរបាត់មាន់​គឺមាន​ពលរដ្ឋ​តែ​ ២២ ​គ្រួសារ​ប៉ុណ្ណោះ ដែល​យល់ព្រម​ទទួល​យក​ដី​ដោះដូរ ហើយ​ចំពោះ​ពលរដ្ឋ​ភាគច្រើន​ដែល​មិន​ព្រមយក​ដី​ដោះដូរ​នោះ​គឺ​ដោយសារ​ដី​ដែល​បាន​បាត់បង់ ក្នុង​ ១ ​គ្រួសារ​មាន​ចាប់ពី ៥ ​ហិកតា​ឡើង​»​។

ឯ​អ្នកស្រី​ ជឺម ញ៉យ ដែល​ជា​ស្ដ្រីមេម៉ាយ​អាយុ​ ៣៩ ​ឆ្នាំ និង​រស់នៅ​ជាមួយ​កូនស្រី​ ៣ ​នាក់​ ក្នុងភូមិ​ខ្ទុំ​បាន​អះអាង​ថា ដីស្រែ​កេរ​អ្នកស្រី​ចំនួន​ ៥ ​ហិកតា​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ធ្វើជា​ដី​ដោះដូរ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេង​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​។ ស្ដ្រី​រូបនេះ​ធ្លាប់​បាន​ទៅ​តវ៉ា​ជាមួយ​អាជ្ញាធរ​សង្កាត់​ដែរ ហើយ​ចៅសង្កាត់​អះអាង​ថា អ្នកស្រី​នឹង​ទទួល​បាន​ដី​ទាំងនោះ​មកវិញ នៅពេលណា​ក្រុមហ៊ុន​ឈប់​វិនិយោគ និង​ដក​ទៅវិញ​។

អ្នកស្រី​និយាយ​ថា​៖ «​ឥឡូវ​ខ្ញុំ គឺ​គ្មាន​បាន​ដី​ទាំងអស់​សូម្បី​ដីសម្បទាន​សង្គមកិច្ច​ឆ្នាំ​ ២០១៨ ក៏​ខ្ញុំ​អត់​ទាំងអស់​។ នៅពេល​អត់​ដី​ធ្វើស្រែ កូន​ខ្ញុំ​ ២ ​នាក់​ដើរ​ស៊ីឈ្នួល​ធ្វើ​ការងារ​តាម​ផ្ទះ​ឱ្យគេ​»​។

លោក​ ថាន់ ញ៉យ និង​អ្នកស្រី​ ហ៊ូយ ម៉ៃ អះអាង​ថា​កាលពី​ឆ្នាំ​ ២០១៨ ខាង​រដ្ឋាភិបាល​ក៏​បាន​ចុះទៅ​វាស់វែង​ដី​សម្រាប់​ផ្ដល់​ជូន​ដី​ ២ ​ហិកតា​ឱ្យ​ពលរដ្ឋ​នៅ​សង្កាត់​កូនក្រៀល​។ ប៉ុន្តែ​ពួកគាត់​ថា ដី​ទាំងនោះ​គឺជា​ដីសម្បទាន​សង្គមកិច្ច និង​មិនមែន​ជា​ដី​សម្រាប់​ដោះស្រាយ​ទំនាស់​ឡើយ​។ ម្យ៉ាងទៀត​ដីសម្បទាន​ទាំងនោះ​មួយ​ចំនួន​ជា​ដីព្រៃ និង​ដី​ដែល​មាន​បន្សល់​គ្រាប់មីន ដែល​ពិបាក​ក្នុង​ការឈូសឆាយ​ធ្វើស្រែ​។

ចំណែក​លោក​ ស្មិត តិ តំណាង​ប្រជាពលរដ្ឋ​ទាំង​ ៧១២ ​គ្រួសារ​អះអាង​ថា ការផ្ដល់​ដីសម្បទាន​សង្គមកិច្ច​ក្នុង​ ១ ​គ្រួសារ​ទទួល​បាន​ ២ ​ហិកតា​នោះ​ក៏​មាន​ពលរដ្ឋ​ចំនួន​ ៣២៩ ​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ ៧១២ ​គ្រួសារ​ទទួល​បាន​ដីសម្បទាន​សង្គមកិច្ច​នោះដែរ​។ ឯ​ពលរដ្ឋ​ចំនួន​ ៣២៩ ​គ្រួសារ​ទៀត​មិន​បាន​ដាក់ពាក្យ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច គឺជា​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ថៃ​។

លោក​បញ្ជាក់ថា​៖ «​តាមពិត​ដី​ខ្ញុំ​បាត់បង់​ទៅ​ក្រុមហ៊ុន​គឺមាន​ ៥ ​ហិកតា ហើយ​បើ​ខ្ញុំ​មិន​ទទួល​យក ដី​ [២ ​ហិកតា​] ​ហ្នឹង ខ្លាច​វា​អត់ ព្រោះ ពួកខ្ញុំ​បាន​ប្ដឹងតវ៉ា​នេះ​យូរណាស់​មក​ហើយ​តាំងពី​ឆ្នាំ​ ២០០៩​។ ដាក់ពាក្យ​បណ្ដឹង​ទៅ​ខេត្ត​ផង ក្រសួង​កសិកម្ម​ផង ក្រសួង​ដែនដី ផង និង​ថែមទាំង​ខុទ្ទកាល័យ​សម្ដេច​ [​ហ៊ុន សែន​]​។ ឥឡូវនេះ​ខ្ញុំ​ឈប់​តវ៉ា​ហើយ ព្រោះ​ខ្លាច​អាជ្ញាធរ​គេ​ចោទប្រកាន់​ខ្ញុំ ព្រោះ​កាល​ទទួល​បាន​ដី​ ២ ​ហិកតា​ហ្នឹង គឺ​ខ្ញុំ​សន្យា​ជាមួយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ថា​ឈប់​តវ៉ា​ហើយ​»​។

តំណាង​ពលរដ្ឋ​រូបនេះ​អះអាង​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​ឈប់​តវ៉ា ខណៈ​ពលរដ្ឋ​ផ្សេងទៀត​ដែល​ទទួលបាន​ដីសម្បទាន​សង្គមកិច្ច​នៅតែ​បន្ត​តវ៉ា​ដដែល​។

លោក​បន្ថែម​ថា ក្នុងចំណោម​ពលរដ្ឋ​ ៧១២ ​គ្រួសារ​នោះ​គ្រួសារ​ដែល​មាន​ដី​តិច​បំផុត​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន គឺ​មាន​ចំនួន​ ១ ​ហិកតា​កន្លះ ហើយ​គ្រួសារ​ដែល​មាន​ដី​មធ្យម​ចាប់ពី​ ៥ ​ទៅ​ដល់​ ៧ ​ហិកតា និង​គ្រួសារ​ដែលមាន​ដី​ច្រើន​បំផុត គឺ​ ១៥ ​ហិកតា​។ គ្រួសារ​ដែល​បាន​ទទួល​ដីសម្បទាន​សង្គមកិច្ច ភាគច្រើន​ជា​គ្រួសារ​មាន​ដី​ពី​តិច​ទៅ​មធ្យម រីឯ​អ្នក​ដែលមាន​ដី​ចំនួន​ ១៥ ហិកតា​មាន​តែ​ ៤ ​គ្រួសារ​ប៉ុណ្ណោះ​។

ជុំវិញ​បញ្ហា​នេះ​លោក ​លឿង ណុច មេឃុំ​កូន​ក្រៀល​មិនអាច​ឆ្លើយតប​បាន​ពិស្ដារ​ឡើយ ដោយ​បង្វែរ​ឱ្យទៅ​សួរ​លោក​ វ៉ាត ប៉ារានីន វិញ​។ ប៉ុន្តែ​លោក​ថា អ្នក​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​ដោះស្រាយ​រួច​កាលពី​ឆ្នាំ​ ២០០៩ មិន​អាច​ទទួល​បាន​ដី​នៅ​ទីតាំង​ក្នុង​ក្រុមហ៊ុន​វិញ​នោះទេ​ព្រោះ​ដី​នោះ​ត្រូវបាន​រដ្ឋាភិបាល​យក​ធ្វើ​ដីសម្បទាន​សង្គមកិច្ច​ឱ្យ​ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋ​មិនមាន​ដី​ខាងក្រៅ​ក្រុមហ៊ុន​ប្រគល់​ជូន​ឱ្យ​អ្នក​ត្បូងឃ្មុំ​ទេ ប៉ុន្តែ​រដ្ឋ​មាន​ដី​ខាងក្នុង​ដែល​ក្រុមហ៊ុន​ប្រគល់ជូន​អ្នក​ត្បូងឃ្មុំ​»​។

លោក​ វ៉ាត ប៉ារានីន បញ្ជាក់​ដែរ​ថា ចាប់តាំងពី​មាន​ការដោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចប់​កាលពី​ឆ្នាំ​ ២០១០ លោក​មិន​ដែល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ណា​ម្នាក់ ថា​ការដោះដូរ​ដី​ជាន់​គ្នា​លើ​ដី​របស់​ពលរដ្ឋ​ផ្សេង​ឡើយ​។ ដី​សម្រាប់​ដោះដូរ​ជា​ដី​ដែល​លោក​បាន​ដើរ​ស្នើសុំ​ដីព្រៃ​ដែល​នៅ​តាម​ក្បាលដី​ស្រែ​របស់​ពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​។ ពលរដ្ឋ​ដែល​ទទួល​បាន​ដី​ដោះដូរ គឺ​សុទ្ធ​តែ​មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ដោយ​ចុះ​អំពី​និយាមការ​ដីធ្លី​ច្បាស់លាស់ និង​មាន​ចុះហត្ថលេខា​ពី​ពលរដ្ឋ​ទទួល​ដី សាក្សី​ចំនួន​ ២ ​នាក់ និង​អាជ្ញាធរ​ភូមិ ឃុំ​ដែរ​។

លោក​អះអាង​ថា​៖ «​ជាន់​លើដី​ពលរដ្ឋ​ម៉េច​កើត​។ ប្អូនឯង​មើល​លិខិត​នេះ ដី​អ្នកស្រុក​មាន​អ៊ីចឹង ប៉ុន្តែ​ក្បាលដី​ស្រែ​សុទ្ធ​តែព្រៃ​។ អ៊ីចឹង​ខ្ញុំ​ថា​ដី​នេះ​បងប្អូន​យក​ស្របច្បាប់​ចុះ ប៉ុន្តែ​ក្បាលដី​នេះ​ខ្ញុំ​សុំ​ដើម្បី​ទុកឱ្យ​បងប្អូន​ប្រជាជន​យើង ដោះដូរ​ដី​ដែល​ពួកគាត់​មាន​ដី​ក្នុង​ក្រុមហ៊ុន​ដូច​ស្បែក​ខ្លា​។ អ៊ីចឹង​ពួកគាត់​ត្រូវ​ចេញ​ពី​ក្រុមហ៊ុន ដើម្បី​មក​យក​ដី​ទាំងអស់​ហ្នឹង​»​។

មន្ត្រី​ដដែល​ក៏​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​ ២០១៨ ដីសម្បទាន​សង្គមកិច្ច​ដែល​អាជ្ញាធរ​វាស់វែង​ប្រគល់​ឱ្យ​ពលរដ្ឋ​ ៤១២ ​គ្រួសារ​នៅ​ទូទាំង​សង្កាត់​កូនក្រៀល គឺជា​ដី​រដ្ឋ​ស្ថិត​ក្នុង​ចំណុច​អូរបាត់មាន់​ដែល​ធ្លាប់​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឈូសឆាយ និង​ដាំ​អំពៅ​។ មិនមែន​ជា​ដីព្រៃ និង​មាន​ចម្ការ​គ្រាប់មីន​ដូច​ពលរដ្ឋ​អះអាង​នោះឡើយ​។

លោកស្រី ណារ៉េន អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ឧត្តរមានជ័យ ថ្លែងថា​ពលរដ្ឋ​ទាំង ៧១២ ​គ្រួសារ​ដែល​បន្ត​ទាមទារ​ដីធ្លី​មកដល់​ពេល​នេះ ដោយសារ​ដំណោះស្រាយ​របស់​អាជ្ញាធរ​កន្លងមក ធ្វើ​ឡើង​ដោយ​មិនមាន​ភាពយុត្តិធម៌​។ អាជ្ញាធរ​មិន​បាន​កាត់​ឆ្វៀល​ដី​ដូច​ការអះអាង​ឡើយ ប៉ុន្តែ​មាន​តែ​ការយក​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ក្រុមហ៊ុន​ឱ្យ​ទៅ​ទទួល​យក​ដី​ដោះដូរ នៅ​ក្រៅ​តំបន់​ក្រុមហ៊ុន​ដែល​ជាន់​លើ​ពលរដ្ឋ​ផ្សេង ខណៈដី​ដោះដូរ​ទាំងនោះ​ថែម​ទាំង​មិន​បាន​គ្រប់​ចំនួន​នៃ​ដី​បាត់បង់​ទៅទៀត​។

លោក​ថ្លែងថា​៖ «​ឧទាហរណ៍ ដី​ខ្ញុំ​ ១០ ​ហិកតា​ដល់​ពេល​ឱ្យ​ខ្ញុំ​បានតែ​ ៣ ​ឬ​ ៤ ​ហិកតា ហើយ​ថា​អ្នកឯង​ចូលកាន់​កាប់​ដី​រដ្ឋ ហើយ​រដ្ឋ​ផ្ដល់​សំណង​គោលនយោបាយ​ប៉ុណ្ណោះ ទទួល​យក​ទៅ​។ ពលរដ្ឋ​មួយចំនួន​អត់​បាន​យល់ ផ្ដិតមេដៃ​ទទួល​យក​ទៅ ហើយ​មួយចំនួន​ទៀត​ក៏​អត់​ព្រមយក​។ អាហ្នឹង​ហើយ​ដែលជា​បញ្ហា​ដែល​គាត់​បាន​ប្ដឹង​ទៅ​ក្រសួង​នានា ហើយ​បើ​និយាយ រឿង​កាត់​ឆ្វៀល​ហ្នឹង ឱ្យ​គាត់​ [​អាជ្ញាធរ​] ​បង្ហាញ​ដី​ឱ្យ​កន្លែង​ណា​ដែលថា មាន​ការកាត់​ឆ្វៀល​ឱ្យ​ពលរដ្ឋ វា​អត់​ [​មាន​] ​ទេ​»​។ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​ស្នើឱ្យ​អាជ្ញាធរ ចុះ​សិក្សា​ឡើង​វិញ​អំពី​ពលរដ្ឋ ដែល​កំពុង​ទាមទារ​ដីធ្លី​ទាំងនេះ​។

បើ​តាម​លោក​មេធាវី សេក សោភ័ណ បើ​ពលរដ្ឋ​ពិតជា​បាន​ចូលកាន់កាប់​ដីធ្លី​សម្រាប់​ធ្វើ​ស្រែចម្ការ និង​តាំង​ទីលំនៅ​តាំងពី​ឆ្នាំ​ ១៩៩៨ ​មែន ហើយ​ការចូលកាន់​កាប់​នោះ​មាន​ការដឹងឮ​ជា​សាធារណៈ និង​មិនមាន​ទំនាស់​កើតឡើង ទោះបី​ជា​មិនមាន​លិខិត​កាន់កាប់​ក៏ដោយ ប៉ុន្តែ​តាមច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ គឺ​ពួកគាត់​ត្រូវ​បាន​ទទួលស្គាល់​ជា​ម្ចាស់​ភោគៈ​លើដី​ទាំងនោះ​ដោយសារ​ពួកគាត់​បាន​កាន់កាប់​ដីធ្លី​ទាំងនោះ​ជាក់ស្ដែង​។

លោក​ថា​៖ «​បើ​និយាយ​តាម​ស្មារតី​ច្បាប់ ពួកគាត់​គឺជា​ភោគី​ស្របច្បាប់ ប្រសិន​អង្គហេតុ​ដូច​ពួកគាត់​លើកឡើង​ថា​បាន​កាន់កាប់ ដី​ទាំងនោះ​ជាក់ស្ដែង​។ ប៉ុន្តែ​ជា​គោលការណ៍ ប្រសិន​បើ​ពួកគាត់​ជា​ភោគី​ស្របច្បាប់ ហើយ​រដ្ឋ​ចង់​ដកហូត​សិទ្ធិ​នរណា​ម្នាក់​ចេញពី​ទ្រព្យ​ហ្នឹង គឺ​វា​ត្រូវតែ​មាន​ការយល់ស្រប​ពី​ម្ចាស់​ហ្នឹង​។ ប្រសិន​បើ​ពួកគាត់​មិន​យល់ព្រម​ចាកចេញ វា​មាន​តែ​រឿង​មួយ​ទេ គឺ​រឿង​អាសាមិករ​ [​គឺ​ចាត់ទុក​ជា​ដី​អត់​ម្ចាស់​] ហើយ​បើ​ទោះ​ជា​អាសាមិករ​ក៏ដោយ ក៏ត្រូវ​មាន​ការឯកភាព និង​សំណង​សមរម្យ​ជូន​ពួកគាត់​ដែរ​»​។

លោក​មេធាវី​បន្ថែម​ថា ផ្ទុយ​ទៅវិញ​តាម​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង ដី​រដ្ឋ និង​ការអនុវត្ត​គម្រោង​សម្បទាន​សេដ្ឋកិច្ច​ជាដើម​គឺ​ដី​ដែល​រដ្ឋ​អាច​យក​ធ្វើ​ជា​ដីសម្បទាន​សេដ្ឋកិច្ច ដើម្បី​ចុះកិច្ចសន្យា​ប្រគល់​ឱ្យ​ក្រុមហ៊ុន​វិនិយោគ លុះត្រាតែ​ដី​នោះ​ត្រូវបាន​ចុះបញ្ជី​ជា​ដី​រដ្ឋ​ជាមុនសិន​។ លើស​ពី​នេះ បើ​ដី​នោះ​មិនទាន់​បាន​ចុះបញ្ជី​ជា​ដី​រដ្ឋ គឺ​រដ្ឋ​គ្មាន​សិទ្ធិ ទៅ​អះអាង​ដើម្បី​ដកសិទ្ធិ​ពលរដ្ឋ​មិនឱ្យ​គ្រប់គ្រង​ដី​ទាំងនោះ​ទេ​។

លោក​ថា​៖ «​ប្រសិនបើ​ដី​នោះ រដ្ឋ​ក៏​មិនទាន់​ចុះបញ្ជី ពលរដ្ឋ​ក៏​មិនទាន់​ចុះបញ្ជី អ៊ីចឹង​រដ្ឋ​យក​ស្អី​ទៅ​អះអាង ដើម្បី​ដកសិទ្ធិ​ពលរដ្ឋ​។ នីតិវិធី​គេ​ឱ្យ​ចុះបញ្ជី​ជា​ដី​រដ្ឋ​សិន​បាន​រដ្ឋ​មាន​សិទ្ធិ ថា​ដី​ទំហំ​ប៉ុនណា​ជា​ដី​រដ្ឋ និង​ទំហំ​ប៉ុនណា​ជា​ដីឯកជន​។ ប្រសិន​ជា​វិនិយោគ អត់​ទាន់​ចុះបញ្ជី ហ្នឹង​ហើយ​ដែល​មាន​រឿង​ទំនាស់​ដីធ្លី​ច្រើន​រហូត​មក​ដល់​ឥឡូវ​»​។

នៅពេល​សួរ​អំពី​ផ្លូវច្បាប់​ត្រូវ​ចាត់​នីតិវិធី​បែបណា បើ​ដី​នោះ​ជា​ដី​គម្រប​ព្រៃឈើ លោក​មេធាវី សេក សោភ័ណ ពន្យល់​ថា តាម​គោលការណ៍​កម្មសិទ្ធិ ទោះបី​ជា​ដី​នោះ​ជា​ដី​គម្រប​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​ដី​នោះ​នឹង​ក្លាយ​ជា​ភោគៈ​ស្របច្បាប់​របស់​ពលរដ្ឋ​បើ​ពលរដ្ឋ​បាន​ចូល​កាន់កាប់​មុនពេល រដ្ឋ​បាន​ប្រកាស​ចុះបញ្ជី​ជា​ដី​រដ្ឋ​។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រដ្ឋ​ប្រកាស​ចុះបញ្ជី​ជា​ដី​រដ្ឋ​លើ​ដី​គម្រប​ព្រៃឈើ ហើយ​ក្រោយ​មក​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​លើ​ដី​នោះ គឺ​ពលរដ្ឋ​ជា​អ្នករំលោភ​យក​ដី​រដ្ឋ​។

ប៉ុន្តែ​លោក​ វ៉ាត ប៉ារានីន អះអាង​ថា ដី​ដែល​បាន​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ទាំង​ ៣ គឺជា​ព្រៃ​រេចរិល​របស់​រដ្ឋ​ដែល​មាន​ទំហំ​រាប់ម៉ឺន​ហិកតា​។ លោក​ថា ចំពោះ​ពលរដ្ឋ​ដែល​បាន​ចូល​ទៅ​កាន់កាប់​ធ្វើ​ស្រែ​ចម្ការ​តាំងពី​ដូនតា​លើ​ដី​ព្រៃ​រេចរិល​ទាំងនោះ រដ្ឋ​បាន​កាត់​ឆ្វៀល​ចេញ និង​ដោះស្រាយ​ចប់សព្វ​គ្រប់​ហើយ​។ ចំពោះ​ដី​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ពលរដ្ឋ​ត្រូវ​បាន​ចុះបញ្ជី​ធ្វើ​ជា​ដី​រដ្ឋ មុន​ផ្ដល់​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​សម្រាប់​វិនិយោគ​ដាំ​អំពៅ​៕