ភ្នំពេញៈ ក្លិប​អ្នកកាសែត​កម្ពុជា និង​អង្គការ​ខាណា បាន​អះអាង​ថា ការរាយការណ៍​ព័ត៌មាន​មិន​ត្រឹមត្រូវ​តាម​ក្រម​ប្រតិបត្តិ​អាច​ធ្វើឲ្យ​ជនរងគ្រោះ​នៃ​សារធាតុ​គ្រឿងញៀន​កាន់តែ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ទ្វេដង និង​ធ្វើឲ្យ​មាន​ការ​រើសអើង​ដែល​នាំ​ឲ្យ​ពួកគេ​កាន់តែ​ឯកោ​ និង​មិន​ហ៊ាន​ចេញ​មក​ទទួល​សេវា​ព្យាបាល​។

ការអះអាង​របស់​ស្ថាប័ន​ទាំង​នេះ​ធ្វើ​ឡើង​នៅក្នុង​សិក្ខាសាលា​ដែល​ធ្វើការ​ពិភាក្សា​ស្តីពី​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ការ​រាយការណ៍​ទាក់ទង​នឹង​អ្នក​ទទួល​ផលប៉ះពាល់​ដោយសារ​គ្រឿងញៀន​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ​កាលពី​ម្សិលមិញ​។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពិភាក្សា​អំពី​ដំណើរការ​នៃ​ការរៀបចំ​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ទាក់ទង​នឹង​អ្នក​ប្រើប្រាស់​សារជាតិ​ញៀន​។

ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទិន​នឹង​ជនរងគ្រោះ​នៃ​សារជាតិ​ញៀន​នេះ​គឺ​សំដៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ និង​ភាសា​នៅក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​មាន​ការ​មាក់ងាយ និង​ការរើសអើង​ចំពោះ​ជនរងគ្រោះ​នៃ​សារជាតិ​ញៀន​កាន់តែ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ពួកគេ​កាន់តែ ឯកោ និង​ធ្វើ​ឲ្យ​ពួកគេ​មិន​ហ៊ាន​ចេញ​មុខ​មក​ទទួល​សេវា​ព្យាបាល ហើយ​កាន់តែ​ធ្វើឲ្យ​ជនរងគ្រោះ​មិន​អាច​វិល​មក​សមាហរណកម្ម​នៅក្នុង​សង្គម​វិញ​បាន​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ប្រមាណ​ ២០ ​នាក់​ដែល​មកពី​ស្ថាប័ន​ព័ត៌មាន​ផ្សេងៗ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ថា មាន​អ្នក​សារព័ត៌មាន​កម្ពុជា​មួយ​ចំនួន​មិន​ទាន់​បាន​យល់​ច្បាស់ និង​មាន​ភាព​ខ្វះ​ចន្លោះ​នៃ​ក្រម​ប្រតិបត្តិ​ ឬ​ក្រមសីលធម៌​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដែល​ធ្វើឲ្យ​អ្នក​រងគ្រោះ​គ្រឿងញៀន និង​រងគ្រោះ​ដោយ​អំពើ​រំលោភបំពាន​ផ្សេងៗ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ជា​លើក​ទី​ ២​។

«​សហការី​ព័ត៌មាន​យើង​ទាំងអស់​គួរប្រើ​ប្រាស់​សេចក្តី​រាយការណ៍​របស់​យើង ជួនកាល​ដោយ​អចេតនា ប៉ុន្តែ​បាន​ធ្វើឲ្យ​ជនរងគ្រោះ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​មួយ​ជាន់​ទៀត​ដោយសារ​តែ​យើង​ធ្វើ​សេចក្តី​រាយការណ៍​មួយ​ដែល​មិន​ត្រឹមត្រូវ​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ខាណា​ថ្លែង​ថា ការ​រាយការណ៍​ព័ត៌មាន​មិន​ត្រឹមត្រូវ​តាម​ក្រម​ប្រតិបត្តិ​អាច​ធ្វើឲ្យ​ជនរងគ្រោះ​នៃ​សារជាតិ​គ្រឿងញៀន​នៅ​តែ​បន្ត​ប្រើប្រាស់​សារធាតុ​ញៀន​ជា​បន្ត​ទៅ​ទៀត​ហើយ​ការ​ផាត់​ពួកគេ​ចេញ​ពី​សង្គម​ធ្វើឲ្យ​ពួកគេ​កាន់តែ​រងគ្រោះ​ថែម​ទៀត​។

លោក​ថា​៖ «​យើង​យល់​ឃើញ​ថា​បញ្ហា​គ្រឿងញៀន​គឺជា​រឿង​ធំ ហើយ​ប្រសិន​ជា​ការរាយកាណ៍​ទាំងឡាយ​ណា​ដែល​មិន​ប្រកប​ទៅ​ដោយ​ក្រម​សីលធម៌ វា​នឹង​ធ្វើឲ្យ​ជនរងគ្រោះ រងគ្រោះ​ទ្វេដង​...​ធ្វើឲ្យ​ពួកគាត់​ខ្លាចរអា​មិន​ហ៊ាន​ទៅ​ទទួល​សេវា​ព្យាបាល និង​នៅ​តែ​បន្ត​លាក់​មុខ​ដែល​ធ្វើឲ្យ​គាត់​បន្ត​រងគ្រោះ​»​។

លោក​បន្ថែម​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​ និង​សហគមន៍​ឲ្យ​បញ្ជូន​អ្នក​ដែល​រងគ្រោះ​ដោយសារ​ជាតិ​ញៀន​ទៅ​ទទួល​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​ទាំង​ផ្នែក​វេជ្ជសាស្ត្រ​ និង​ចិត្តសាស្ត្រ​។ លោក​បន្ត​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​លើក​ទឹកចិត្ត​អ្នក​ប្រើប្រាស់​សារជាតិ​ញៀន​ឲ្យ​មាន​សេចក្តី​ក្លាហាន​ចេញ​ទៅ​ប្រឹក្សា​យោបល់​ពី​ការថែទាំ​សុខភាព និង​ការព្យាបាល ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ​ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​សារជាតិ​ញៀន កាត់បន្ថយ​ការមាក់ងាយ​ និង​ការរើសអើង​ដល់​អ្នកប្រើប្រាស់​សារជាតិ​ញៀន​។

លោក​នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ​លោក​ វីរិទ្ធ បាន​ថ្លែង​ថា​ក្នុង​រយៈពេល​ ២៤៩ ​ថ្ងៃ​ក្នុង​ឆ្នាំ​ ២០១៨ មាន​ករណី​គ្រឿងញៀន​សរុប​ចំនួន​ ៥២០០ ​ករណី​ដែល​ពាក់ព័ន្ធ​ទាំង​អ្នកប្រើប្រាស់ និង​អ្នក​ជួញដូរ ហើយ​មាន​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ១០ ៥១៩ នាក់​។

ក្នុង​ចំណោម​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​ ៥២០០ ​ករណី​មាន​ករណី​ចរាចរណ៍​ និង​ជួញដូរ​ដឹកជញ្ជូន និង​រក្សាទុក​គ្រឿងញៀន​ចំនួន ៣៣៩៩ ករណី​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦១៦៥ នាក់ ខណៈ​ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន​ ១៨៩៦ ​ករណី​ដែល​មាន​ជន​ប្រើប្រាស់​គ្រឿងញៀន​មាន​ ៤៣៥៤ ​នាក់​៕