ភ្នំពេញៈ ខណៈដែលគណបក្ស​នយោបាយ​ចំនួន ២០​ បាននិង​កំពុង​ចាប់ផ្តើម​ដង្ហែរ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅតាមដង​ផ្លូវ​នានា ​ក្នុង​រាជធានី​ភ្នំពេញ ​ក៏ដូចជា​ នៅតាម​បណ្តា​ខេត្ត​ ថែម​ទាំង​មាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ផងនោះ ​ដោយឡែ​ក ​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ ​ដែលជា​បក្ស​ប្រឆាំង​ដ៏ធំ ​ដែលត្រូវ​បានផាត់​ចេញពី​ឆាក​នយោបាយ​ ក៏នៅតែ​ខំប្រឹង​ប្រែង​បង្ហោះ​រូប​ភាព​ចាស់​ៗ នៃ​ការហែរ​ក្បួន​​ឃោស​នា​បោះ​ឆ្នោត​ កាល​ពី​អតី​ត​កាល​ នឹង​គេដែរ​ នៅលើ​បណ្តាញ​សង្គម​តែប៉ុណ្ណោះ​។

ចាប់តាំងពី​ថ្ងៃទី ៧​ ខែកក្កដា ​ដែលជា​ថ្ងៃទី ១​ នៃការដង្ហែរ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ គណបក្ស​ដែលលេចធ្លោ​ជាង គេ​ក្នុងការហែរ​ក្បួននេះ ​គេឃើញ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលជា​បក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ តែមួយ​ប៉ុណ្ណោះ ​ខណៈ​មិនមាន​គណបក្ស​ប្រឆាំង​ ដែលជាគូ​ប្រជែង​នយោបាយ​ដ៏ស្រួចស្រាល់​របស់​ខ្លួននោះ​។ ​

ចំណែក​ គណបក្ស​ចំនួន​ ១៩ ទៀត​ ដែលចូលរួម​បោះឆ្នោត​ថ្ងៃទី ២៩ ​ខាងមុខនេះ ​គេមិនសូវ​ឃើញមាន​ការដង្ហែរ​ក្បួន​ជាដុំ​កំភួន​អ្វី​គួរឲ្យ​​ចាប់​អារម្មណ៍​នោះទេ ​ដែលក្នុង​ស្ថានភាព​បែបនេះ ​គេ​នឹកឃើញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ពេលហែរ​ក្បួន​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត​ម្តងៗ ​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ប្រហាក់​ប្រហែល​គ្នា​នឹងបក្ស​កាន់​អំណាច​​ដែរ​។

អ្វី​ដែលជា​ការចាប់​អារម្មណ៍​ដែរនោះ ​គណបក្ស​ប្រឆាំង​ ដែលត្រូវ​បាន​គេ​រំលាយ ​មិនឲ្យ​ចូលរួម​ការបោះឆ្នោត ​គឺ​នៅតែ​បង្ហាញ​ នូវ​ប្រជាប្រិយ​ភាព​ នៃការ​គាំទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​ស្របពេលដែល​យុទ្ធនាការ​មកដល់នេះ​ ដោយបាន​បង្ហាញ​នូវ​ការដង្ហែរ​ក្បួន​តាម​ដង​វិថី​នានា ​ដែលជា​រូបភាព​ចាស់​ៗ​កាលពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ ឃុំ​ សង្កាត់​ ឆ្នាំ ២០១៧ ​ដោយមាន​សមាជិក​និង​អ្នកគាំទ្រ​ចូលរួម​ណែន​ពេញ​ផ្លូវ។​

ជាក់ស្តែ​ ដូចជា​ នៅក្នុង​គណនី​ឈ្មោះ ​SUN​ TV,​ ឌេន ណា,​ Ly Chan Vatey ​និង​ កែមឡី ​ខ្មែរ អង្គរ​ បានផ្សព្វផ្សាយ​រូបភាព​ និង​សកម្ម ភាព​ពីអតីត ​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឃុំ​ សង្កាត់ ​កាលពី​ខែមិថុនា ​ឆ្នាំ២០១៧ ​ដែលក្នុង​សកម្មភាព​ និង​រូប​ភាព​ទាំងនោះ ​មាន​មនុស្ស​ចូលរួម​ និង​ឈរមើល​តាមដងផ្លូវ​ ឈរមើល​ពីលើ​ស្ពានអាកាស ​និងឈរមើល​ពីលើ​ផ្ទះ ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ដែល​មើល​ទៅដូចជា​សប្បាយ​ក្រៃលែង។​ ក្នុងគណនី​ SUN TV ​ក៏បាន​សរសេរ​ផងដែរ​ថា«​ បើ​អ្នក​​ទៅ​បោះឆ្នោត​ថ្ងៃ​ទី ២៩ ​កក្កដា ​កុំ​ថ្ងូរ​ថា​ក្រ» ​ឯ Ly Chan Vatey ​សរសេរថា​ «បក្ស​សង្គ្រោះជាតិ​ នៅក្នុង​ចិត្តកូន​ខ្មែរ​ជានិច្ច​»។

គណនី​ឈ្មោះ​ឌេន ណា ​ក៏បាន​សរសេរ​ដែរថា​ «រម្លឹក​អនុស្សាវរីយ៍ ​ការឆ្លុះបញ្ចាំង​ពីទឹកចិត្ត​ពលរដ្ឋ​ចូលរួម​អបអរ​សាទរ​ដង្ហែរ ​ឃោសនា ​គណបក្ស​សង្គ្រោះជាតិ​ ជាងពាក់​កណ្តាល​នគរ​»។

ទាក់ទងនឹង​ការផ្សព្វផ្សាយ​ពី​សកម្មភាព​ក្នុង​អតីតកាល​របស់​បក្ស​ប្រឆាំង ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនេះ ​លោក ​អ៊ូ ​ច័ន្ទរ័ត្ន ​អតីត​តំណាង​រាស្ត្រ​អតី​ត​គណបក្ស​​ប្រឆាំង​ បាន​​លើកឡើង​ថា ​ការផ្សព្វផ្សាយ​ពី​សកម្មភាព​ ឬរូបភាព​ចាស់ៗ​នៅក្នុង​យុទ្ធនា​ការនេះ​ គឺជា​ការរម្លឹក​អនុស្សាវរីយ៍​របស់​អ្នកគាំទ្រ​ ដោយសារ​មានការសោកស្តាយ​ ដែល​មិនមាន​វត្តមាន​អតីត​​គណ​បក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ការ​បោះ​ឆ្នោត។ ​

លោក​បញ្ជាក់​ថា ​ការផ្សព្វ​ផ្សាយ​បែបនេះ ​មិនមែន​ជាការរៀបចំ​ឬ​គោល​ការណ៍​របស់​គណ​បក្ស​ឡើយ​។

លោក​អ៊ូ ​ច័ន្ទរ័ត្ន ​ថ្លែងថា​៖«ខ្ញុំ​បានឃើញ​ដែរ ​ឃើញ​ការបង្ហោះ​ហ្នឹង​ច្រើន ​ហើយ​ខ្ញុំ​យល់ថា ​ជា​មនោសញ្ចេតនា​របស់​បងប្អូន​ ដែលគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​។ ខ្ញុំ​ក៏បាន​សង្កេតដែរ​ ការដង្ហែរ​ក្បួន​ក្តី ​ឃោសនា​របស់​គណបក្ស​នានា ​ឃើញគណ​បក្ស​ប្រជាជន​លេចធ្លោ​ខ្លាំង​ជាងគេ​។ ប៉ុន្តែ​លេចធ្លោ​ហ្នឹង​ហាក់ដូចជា​មិនមាន​កម្លាំង​ដែរទេ​ ធ្វើៗ​ទៅហាក់​ដូចជា​សោះ​កក្រោះ​គ្មាន​អ្នកណា​ចាប់​អារម្មណ៍​»។

លោក​ច័ន្ទរ័ត្ន​ ក៏បាន​បញ្ចាក់​ដែរថា ​ការឃោសនា​នៅតាម​ខេត្ត​ក៏ហាក់​ដូចជា ​មិនមាន​អ្នកណា​ចាប់អារម្មណ៍​រឿង​គណបក្ស​ហែរក្បូន​នេះដែរ​ ហើយថា​អ្នកហែរខ្លះ​ហ្នឹង​ក៏ដូចជា​អៀនខ្លួន​ មិនចង់​ហ៊ាន​ចេញមុខ​។ លោកថា​៖«មែនទែន​ទៅ ​សម្រាប់​ខ្លួន​ខ្ញុំ​ មានភាព​អាម៉ាស់​ណាស់ ​ដូចជា​ខ្មាសគេ ​មិនដឹង​ប្រកួត​ជាមួយ​អ្នកណា ​បើមាន​ម្នាក់​ឯង​អ៊ីចឹង​»។

ប៉ុន្តែ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក សុខ​ ឥសាន​ ហាក់ដូច​ជា​ មិនចាប់​អារម្មណ៍​នឹងពាក្យ​ថា សោះ​កក្រោះ​នេះទេ​ ដោយលើក​ឡើងថា ​ដំណើរការ​នៃ​យុទ្ធនា​ការបោះឆ្នោត​ នៅតែ​ប្រព្រឹត្ត​ទៅ​ដោយរលូន ​បើទោះបី​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏ដោយ​។

លោក​បញ្ជាក់​ថា៖«​វា​មិនមែន​អត់ពី​គណបក្ស​មួយ​ទៅ​ គេ​រស់​នៅ​មិន​បាន​ឯណា​! អត់ពី​គណបក្ស​គាត់​ទៅ​ អាហ្នឹង​ឲ្យ​គេងាប់​តាម ​ហី​យ៉ាងម៉េច​!​ អ្នក​និយាយ​ហ្នឹង​ វា​អត់​ត្រឹមត្រូវ​ទេ​។ ​គេ​បង្ហោះ​អាហ្នឹង​ គេបង្ហោះ​កន្លែង ​[មនុស្ស] ​ច្រើន​របស់​គេ​។ គណបក្ស​ប្រជាជន​[មនុស្ស]​ច្រើន​ជាង​ហ្នឹង​ទៅទៀត​ គេមិន​បង្ហោះ​ ធ្វើម៉េច​បាន​ឃើញ​»។

លោក សុខ ​ឥសាន ​បន្ថែមថា​៖«ឲ្យ​គេ​ដង្ហែរ​តាមហ្វេសប៊ុក​ហ្នឹងទៅ​ ឲ្យគេ​យកទៅ​បោះឆ្នោត​ឲ្យគាត់​តាម​ហ្វេស​​ប៊ុកហ្នឹង​ទៅ! អាហ្នឹង​​សុទ្ធតែ​ពួក​បង្កររឿង​ ដល់គេ​រករឿង​ អាហ្នឹង​ថា​ គេ​រករឿង។ ​អាហ្នឹង​ទុកឲ្យ​សមត្ថកិច្ច​ពិនិត្យមើល​ទៅ ​បើសិនណា​ជា គាត់​បង្ហោះ​ហើយ​វាមាន​ផល​ប៉ះពាល់​ទៅដល់​បរិយាកាស​បោះឆ្នោត ​អាហ្នឹង​វាមាន​ពិរុទ្ធភាព​ហើយ​»៕