ភ្នំពេញៈ ខណៈដែលសហភាពអឺរ៉ុប ចាប់ផ្ដើមដំណើរការនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារបញ្ជាក់ថា កម្ពុជាគឺមិនត្រូវរំពឹងលើជំនួយបរទេស ហើយមិនយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះទេ ខណៈដែល GMAC និង EuroCham បានសម្តែងការសោកស្តាយនិងសម្តែងការព្រួយបារម្ភចំពោះការសម្រេចរបស់ EU នេះ។
សហភាពអឺរ៉ុប បានប្រកាសពីដំណើរការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដែលផ្ដល់ឲ្យកម្ពុជា ក្នុងការនាំទំនិញដោយមិនបង់ពន្ធ ទៅទីផ្សារអឺរ៉ុប ដែលមាន ២៨ ប្រទេស។ ការប្រកាសនេះគឺជាអ្វីដែលសហភាពអឺរ៉ុបហៅថា ការធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងការមិនមាននីតិរដ្ឋនៅកម្ពុជា។
កាលពីថ្ងៃអង្គារម្សិលមិញ សហភាពអឺរ៉ុប បានផ្សព្វផ្សាយឯកសារចំនួន ៦ ទំព័រ នៃការចាប់ផ្ដើមដំណើរការផ្អាកនេះ។ ឯកសារនេះពន្យល់ពីហេតុផល និងនីតិវិធីនានាដែលពាក់ព័ន្ធ មុននឹងឈានដល់ថ្ងៃសម្រេចចុងក្រោយក្នុងរយៈពេល ១២ ខែខាងមុខ។
ស្របពេលជាមួយគ្នានេះ លោក ហ៊ុន សែន បានចេញសារអះអាងថាស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចនៅកម្ពុជាសព្វថ្ងៃកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ ដោយចំណូលពីពន្ធគយ គឺបានកើនឡើងជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែធំឡើង។ លោកលើកឡើងសាជាថ្មីថា សេដ្ឋកិច្ចកម្ពុជាបានរួចផុតពីការហ៊ុមព័ទ្ធហើយបានងើបលេចធ្លោផុតពីភាពក្រីក្រដោយបច្ចុប្បន្ននេះមានកំណើនប្រចាំឆ្នាំក្នុងរង្វង់ ៧ ភាគរយ។ កម្ពុជាដែលពេលនេះជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ដោយផ្អែកលើការរីកចម្រើននេះ លោក ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អ ជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»។
ទោះយ៉ាងណា ឆ្លើយតបនឹងការប្រកាសនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដែរ ស្ថាប័នពាណិជ្ជកម្មធំៗ ២ នៅកម្ពុជាគឺសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ហៅកាត់ថា EuroCham និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្តែងការសោកស្តាយ និងសម្តែងការព្រួយបារម្ភ។
EuroCham បានសម្តែងក្តីបារម្ភអំពីផលអវិជ្ជមានដែលអាចកើតមានទៅលើធុរកិច្ច នាពេលអនាគត រវាងសហភាពអឺរ៉ុប និងកម្ពុជា។
លោក Arnaud Darc ប្រធាន EuroCham បានថ្លែងថា ការចាប់ផ្ដើមលើនីតិវិធីនេះ អាចបញ្ជូនសញ្ញាខុសអំពីទិដ្ឋភាពនៃទីផ្សារ សម្រាប់វិនិយោគិនសំខាន់ៗ ផ្នែកសម្លៀកបំពាក់ នៅឆ្នាំ ២០១៩ ហើយការផ្អាកដែលអាចនឹងកើតឡើងនៅឆ្នាំ ២០២០ នឹងមានឥទ្ធិពលអាក្រក់ លើការងាររបស់កម្មករកម្មការិនី និងអ្នកដែលពឹងអាស្រ័យលើពួកគេ។
ទោះជាយ៉ាងណាលោកថា៖ «នេះមិនទាន់ជាការបញ្ជាក់ផ្លូវការអំពីការដកទេ។ EuroCham នឹងគាំទ្ររដ្ឋាភិបាល និងអ្នកនាំចេញនៅក្នុងឆ្នាំខាងមុខ ក្នុងការធ្វើឲ្យប្រសើរឡើង នូវឧស្សាហកម្មពាក់ព័ន្ធ បទប្បញ្ញត្តិ និងដំណើរការផលិតផល និងការនាំចេញដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីការស៊ើបអង្កេតនេះ ឬការដក EBA នៅឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ យើងនឹងបន្តប្រយុទ្ធដើម្បីឲ្យ EBA ស្ថិតនៅដដែល»។
លោកថ្លែងបន្តថា មានតែកិច្ចសន្ទនាបែបស្ថាបនាទេ ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយក្តីកង្វល់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាជាងការសម្រេចដាក់សម្ពាធសេដ្ឋកិច្ច ពីភាគីតែម្ខាង។
ស្រដៀងគ្នានេះដែរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានចេញសេចក្តីប្រកាសព័ត៌មានដោយចោទជាសំណួរត្រឡប់ទៅសហភាពអឺរ៉ុបវិញ ដោយបានលើកជាចម្ងល់ថា តើការសម្រេចដំណើរការផ្អាកប្រព័ន្ធ EBA នេះ អាចធ្វើឲ្យស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសើរឡើងឬយ៉ាងណា។
GMAC បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ តម្លៃនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប មានទំហំ ៥ ពាន់លានដុល្លារ ដែលក្នុងនោះ ៣,៧៦ ពាន់លានដុល្លារ ស្ថិតនៅក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរ។
GMAC ឲ្យដឹងថា ប្រសិនបើមានការដក EBA នៅដំណាក់កាលចុងក្រោយនោះ នឹងធ្វើឲ្យពន្ធលើវិស័យកាត់ដេរឡើងដល់ ១២ ភាគរយ ហើយស្បែកជើង ឡើងចន្លោះពី ៨ ទៅ ១៧ ភាគរយហើយវានឹងធ្វើឲ្យការប្រកួតប្រជែងនៅក្នុងវិស័យនេះប្រឈមគ្រោះថ្នាក់ខូចកេរ្តិ៍ឈ្មោះ ហើយការអភិវឌ្ឍនៅកម្ពុជា នឹងឈប់ដំណើរការ។
ទោះបីជាមានការបារម្ភពីស្ថាប័នជាច្រើន អំពីការដំណើរការផ្អាក EBA នេះក៏ដោយ ក៏មានការយល់ស្របពីភាគីខ្លះ រួមមានស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងភ្នំពេញ។ ស្ថានទូតអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីម្សិលមិញ ដោយបានបន្ទរថា៖ «យើងមានកង្វល់ដូចគ្នា នឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។ សហរដ្ឋអាមេរិក សូមអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»។
ស្ថានទូតបន្តថា៖ «យើងក៏សូមអំពាវនាវផងដែរ ឲ្យប្រទេសកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ»។
ស្ថានទូតអាមេរិក ក៏បានអំពាវនាវឲ្យមេដឹកនាំកម្ពុជា តម្កល់សុខុមាលភាពរបស់ប្រទេសឲ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ។ជាមួយគ្នានេះ សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋតិចសាស់ លោក ថិត គ្រូស (Ted Cruz) ក៏បានស្វាគមន៍ដល់វិធានការរបស់សហភាពអឺរ៉ុបដែរដោយលោកបានបង្ហោះសារនៅលើធ្វីធើរថា សេចក្តីព្រាងច្បាប់របស់លោកអំពីធុរកិច្ចជាមួយកម្ពុជានឹងតម្រូវឲ្យសហរដ្ឋអាមេរិកធ្វើដូចសហភាពអឺរ៉ុប។
ប៉ុន្តែទោះយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា EBA រដ្ឋាភិបាលបានគិតទុកមុនរួចហើយថា ច្បាស់ណាស់ EU នឹងព្យួរប្រព័ន្ធនេះនៅពេលដែលកម្រិតជីវភាពពលរដ្ឋកម្ពុជាកើនឡើង។ រដ្ឋាភិបាល បានធ្វើកិច្ចការច្រើនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ រួមមានការពន្យល់ប្រាប់ទៅសហភាពអឺរ៉ុប រួមទាំងការកំណែទម្រង់នៅកម្ពុជាដើម្បីត្រៀមលក្ខណៈបង្កើនល្បឿននៃការអភិវឌ្ឍកម្ពុជានៅពេល EBA បាត់បង់។
លោកថ្លែងថា សហភាពអឺរ៉ុប និងកម្ពុជាបានរួមសហប្រតិបត្តិការជាមួយគ្នា ដោយបង្កើតបានជាកូនមួយមានអាយុ ២០ ឆ្នាំប្រកបដោយថាមពលខ្ពស់។
លោកបានថ្លែងថា៖ «ប៉ុន្តែយើងមានការសោកស្ដាយ និងខកចិត្ត ចំពោះការសម្រេចនេះ ដែលមិនមានមូលដ្ឋានតម្លាភាព ហើយយើងយល់ឃើញថា វាជាការសម្រេចចិត្តមួយ ក្នុងនិន្នាការនយោបាយដែលបង្ខំកម្ពុជាឲ្យធ្លាក់ចូលក្នុងសមរភូមិនៃភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ»។
លោកបន្តថា ដោយសារបទពិសោធចាប់ពីឆ្នាំ ១៩៧៩ មក ធ្វើឲ្យកម្ពុជាមានភាពធន់ទប់ទល់ទៅនឹងឧបសគ្គ និងបញ្ហា ដោយឈរលើឯកភាព សាមគ្គីភាព រក្សាឯករាជភាព និងអធិបតេយ្យភាព។
លោកថ្លែងបន្តថា៖ «EBA ជាកម្មវិធីអន្តរកាលប៉ុណ្ណោះ កម្ពុជានឹងរីករាយបន្តឲ្យបេសកម្មរបស់ខ្លួនក្នុងការទទួលបានសេរីភាពក្នុងកិច្ចការថែរក្សាសេរីភាព ឯករាជភាព អធិបតេយ្យភាព និងការរីកចម្រើនដោយខ្លួនឯង»។
លោកបានបន្តថា ការវិនិច្ឆ័យរបស់សហភាពអឺរ៉ុប មិនឆ្លើយតបនឹងសភាពការណ៍ជាក់ស្ដែងនៃការវិវឌ្ឍដែលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើក្នុងរយៈពេលចុងក្រោយនេះទេ។ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកវិញ លោក ផៃ ស៊ីផាន ថ្លែងថា អាមេរិក និងអឺរ៉ុបជាក្រុមតែមួយ «ដែលរៀបចំខ្លួនលូកលាន់នឹងរឿងរបស់ស្រុកខ្មែរ»។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ យល់ឃើញថា សហភាពអឺរ៉ុបបានមើលឃើញពីភាពវិជ្ជមាន ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើក្នុងកាតព្វកិច្ចការពារសិទ្ធិមនុស្សដែលជាលក្ខខណ្ឌក្នុងក្របខ័ណ្ឌ EBA មានដូចជាការបើកលំហប្រជាធិបតេយ្យសម្រាប់សង្គមស៊ីវិល និងការធ្វើវិសោធនកម្មច្បាប់ដែលអនុញ្ញាតឲ្យអ្នកជាប់បម្រាមនយោបាយ ១១៨ រូប មានលទ្ធភាពអាចធ្វើនយោបាយឡើងវិញ។
ប៉ុន្តែលោក ម៉ុងហៃ ថ្លែងថា ចម្ងល់នៅតែមានថា តើវិធានការទាំងនេះធ្វើឲ្យមានការពេញចិត្តពេញលេញហើយឬនៅ។
លោកនិយាយថា៖ «រដ្ឋាភិបាល ប្រហែលត្រូវតែធ្វើច្រើនជាងនេះទៀត ដូចជាដោះលែងលោក កឹម សុខា ដើម្បីឲ្យ EBA អាចរក្សាទុកបាន»។
យ៉ាងណាក្តី លោក ឃុន ប៊ុននី អ្នកវិភាគសេដ្ឋកិច្ចជាតិ អន្តរជាតិ និងជាអ្នកតាមដាននយោបាយយល់ឃើញថា ការបាត់បង់ EBA នេះ ជាការផ្ដល់ឱកាសឲ្យកម្ពុជារៀបចំខ្លួន និងឫកពារឲ្យសមនឹងឋានៈដែលខ្លួនជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចទី ៦ របស់ពិភពលោក។
វាក៏ជាឱកាស ឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់មួយចំនួនដែលរុញកម្ពុជាឲ្យមានភាពវិជ្ជមាន និងលើកតម្កើងសក្តានុពលរបស់ខ្លួនឲ្យកាន់តែខ្លាំង។ ការបាត់បង់នេះធ្វើឲ្យកម្ពុជារឹងមាំផ្នែកសេដ្ឋកិច្ច មានឯករាជភាព បន្ថយការពឹងពាក់បរទេស ឬកម្ចីពីបរទេសច្រើនដូចមុន៕