ភ្នំពេញៈ អាជ្ញាធរខណ្ឌទាំង ១៤ និងផ្សារទាំង ២៥ នៅភ្នំពេញទទួលបានម៉ាស់ក្រណាត់ជាអំណោយរបស់នាយករដ្ឋមន្ត្រីជាង ២៥ ម៉ឺន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ បន្ទាប់ពីជំងឺនេះឆ្លងរីករាលដាលចូលសហគមន៍ជាថ្មីម្ដងទៀតក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ម៉ាស់ក្រណាត់ចំនួន ២៥២ ៥០០ ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានី-ភ្នំពេញចែកជូនដល់រដ្ឋបាលខណ្ឌទាំង ១៤ និងផ្សាររដ្ឋជុំវិញរាជធានីភ្នំពេញចំនួន ២៥ កាលពីថ្ងៃទី ២១ ខែកុម្ភៈ។ ការប្រគល់ម៉ាស់នេះធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា QR Code ទប់ស្កាត់ជំងឺកូវីដ ១៩។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការចែកម៉ាស់ដល់រដ្ឋបាលខណ្ឌទាំង ១៤ និងផ្សាររដ្ឋជុំវិញរាជធានីភ្នំពេញគឺរដ្ឋបាលខណ្ឌនីមួយៗទទួលបាន ១ ម៉ឺនម៉ាស់ និងផ្សាររដ្ឋនីមួយៗទទួលបាន ៤ ៥០០ ម៉ាស់។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងថា នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ លោកបានជួបប្រជុំជាមួយចៅសង្កាត់ទាំងអស់ដើម្បីណែនាំពីបច្ចេកវិទ្យាថ្មី (QRCode) ក្នុងការការពារជំងឺកូវីដ ១៩ និងការចែកម៉ាស់ដែលទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញ ជូនចៅសង្កាត់សម្រាប់ចាត់ចែងទៅតាមសភាពជាក់ស្តែង។
លោកថ្លែងថា៖ «ឥឡូវព្រឹកនេះ ទី១ យើងកំពុងតែប្រជុំផ្សព្វផ្សាយទាក់ទងប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ រួចហើយទើបយើងផ្តល់ម៉ាស់ទៅតាមសង្កាត់ដើម្បីយកទៅចាត់ចែង»។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ បានឱ្យដឹងថាបន្ទាប់ពីកិច្ចប្រជុំពេញ ១ ព្រឹកថ្ងៃទី ២២ ខែកម្ភៈ នៅសាលាខណ្ឌច្បារអំពៅ ទើបលោកបានទទួលបានម៉ាស់ចំនួន ១ ពាន់ទុកចែកពលរដ្ឋក្នុងមូលដ្ឋាន។
លោកបញ្ជាក់ថានៅថ្ងៃទី ២៣ កុម្ភៈនេះ ទើបអាចយកម៉ាស់ទាំងនោះទៅចែកពលរដ្ឋនៅតាមគោលដៅសំខាន់ៗជាពិសេសគឺតំបន់ដែលមានពលរដ្ឋក្រីក្ររស់នៅផ្តុំគ្នាច្រើន។
លោកថា៖ «យើងទើបបានទទួលម៉ាស់ចំនួន ១ ពាន់នៅព្រឹកនេះ ដើម្បីយកទៅចែកជូនពលរដ្ឋ ហើយមុខសញ្ញាដែលយើងត្រូវចែកគឺប្រជាពលរដ្ឋដែលនៅតាមសហគមន៍ក្រីក្រដែលគាត់មានការប្រមូលផ្តុំច្រើនហើយ គាត់មិនសូវមានជីវភាពធូរធារ»។
លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សីបានឱ្យដឹងថា ការចែកម៉ាស់គឺធ្វើតាមជាក់ស្តែងសម្រាប់អ្នកដែលបានមកផ្សារហើយគោលដៅសំខាន់ គឺផ្តល់ជូនពលរដ្ឋដែលមិនសូវមានលទ្ធភាពទិញម៉ាស់ប្រើប្រាស់ប្រចាំថ្ងៃបាន។ ជាមួយគ្នានេះ ក៏ត្រូវណែនាំបន្ថែមពីវិធានការការពារការឆ្លងជំងឺកូវីដ ១៩ និងផ្សព្វផ្សាយពីការប្រឆាំងកូវីដ១៩ដោយប្រើ QR Code ផងដែរ។
លោកថា៖ «ថ្ងៃនេះខ្ញុំដាក់ ១ ២០០ ម៉ាស់ សម្រាប់ចែកតាមច្រកចេញចូលផ្សារដោយផ្តោតសំខាន់លើអ្នកខ្វះខាតដូចជា អ្នករត់ម៉ូតូឌុប អ្នកអូសរទេះអូសអីគ្នាយ៉ាប់ៗហ្នឹង»៕