
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុងសូជី កាលពីខែឧសភា ឆ្នាំ ២០១៦។ រូបថត AFP
ភ្នំពេញៈ នៅថ្ងៃទី ១៣ ខែឧសភា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសរុស្ស៊ីបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដោយបង្ហាញពីការជឿ ទុកចិត្តគ្នាទៅវិញទៅមក លើការចែករំលែកគុណតម្លៃ និងអត្ថប្រយោជន៍នៃចំណងមិត្តភាព ហើយបានប្តេជ្ញានឹងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅមុខដល់កម្រិតថ្មីមួយ និង កម្ពស់ថ្មីមួយទៀត។
ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពី ថ្ងៃទី ១៣ ខែឧសភាឆ្នាំ ១៩៥៦។
ដើម្បីរំឭកខួបអនុស្សាវរីយ៍នេះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរព្រះរាជសារជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយក្នុងព្រះរាជសារព្រះអង្គបានបញ្ជាក់ថាប្រទេសកម្ពុជា និងរុស្ស៊ីមានចំណងមិត្តភាពយូរអង្វែង និងមានភាពស្និទ្ធស្នាលបំផុតហើយបានទទួលនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៅក្នុងវិស័យជាច្រើន។
ព្រះរាជសារបានឱ្យដឹងថា៖ «វាគឺជាក្តីប្រាថ្នាយ៉ាងខ្លាំងរបស់ខ្ញុំឲ្យមានកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងសម្បូរបែបដែលមានរវាងប្រទេសយើងទាំងពីរនឹងអភិវឌ្ឍបន្ថែមទៀត ដើម្បីផលប្រយោជន៍រវាងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពនៅលើពិភពលោក»។
នៅក្នុងលិខិតរបស់លោក ពូទីន ផ្ញើថ្វាយព្រះមហាក្សត្របានឱ្យដឹងថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះប្រទេសរុស្ស៊ី និងព្រះរាជាណាចក្រកម្ពុជាបានប្រមូលនូវបទពិសោធន៍ដ៏សំខាន់មួយចំនួនក្នុងការចូលរួមកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនាក្នុងវិស័យផ្សេង។
លោក ពូទីន បានឱ្យដឹងថា៖ «ខ្ញុំជឿជាក់ថាការដឹកនាំដោយប្រពៃណីល្អទាំងនេះយើងនឹងធានាបាននូវការអភិវឌ្ឍបន្ថែមទៀតរវាងទំនាក់ទំនងទ្វេភាគីរបស់យើង។ ដោយគ្មានការសង្ស័យ យុទ្ធសាស្ត្រនេះគឺដើម្បីផលប្រយោជន៍ល្អបំផុតរបស់ប្រជាជនរុស្ស៊ី និងកម្ពុជាហើយស្របនឹងការពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងសារលិខិតផ្ញើជូនសមភាគីរុស្ស៊ីលោក មីកែល មិស៊ូទិន (Mikhail Mishustin) បានសរសេរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវជំនួយ និងការគាំទ្រដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់អតីតសាធារណរដ្ឋសហភាពសង្គមនិយមសូវៀត កាលពីអតីតកាល បន្ទាប់ពីការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។
លោក ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំជឿជាក់ថាការសហការរួមគ្នាជាមួយឯកឧត្តមយើងនឹងទទួលបានជោគជ័យក្នុងការកសាងមធ្យោបាយថ្មី ដើម្បីបង្កើនភាពជាដៃគូរបស់យើង ដើម្បីសន្តិភាព និងវិបុលភាពដល់កម្រិតថ្មីមួយទៀត កម្ពស់ថ្មីមួយសម្រាប់ជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនយើង»។
លោក មីកែល ក៏បានថ្លែងនៅក្នុងលិខិតរបស់លោកទៅកាន់លោក ហ៊ុន សែន វិញដែរថា ការងារជាច្រើនរបស់រដ្ឋាភិបាលទាំងពីរ និងចូលរួមចំណែកដល់ការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងមនុស្សធម៌តាមរយៈការអនុវត្តគម្រោងរួមគ្នាដែលបានសន្យានៅក្នុងវិស័យផ្សេង។
លោក មីកែល បានសរសេរថា៖ «វិធីសាស្ត្រនេះផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ»។
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាសភាគីរុស្ស៊ី លោកស្រី វ៉ាលេនទីណា មេទ្វិយេនកូ (Valentina Matviyenko)។ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងសមាសភាគីរុស្ស៊ី លោក ស៊ិជេ ឡារ៉ូ (Sergey Larov) ក៏បានផ្លាស់ប្តូរលិខិតគ្នាទៅវិញទៅមកផងដែរដោយប្តេជ្ញាបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់ចំណុចថ្មីមួយ។
លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយថាបច្ចុប្បន្នរដ្ឋាភិបាលទាំងពីរបាននិងកំពុងរៀបចំកិច្ចប្រជុំជាទៀងទាត់រួមមានគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងមនុស្សធម៌។
គណៈកម្មការនេះកំពុងជួយរៀបចំផែនការវគ្គសិក្សាថ្មីសម្រាប់សកម្មភាពជាក់ស្តែង ដើម្បីដោះសោតំបន់ដែលមានសក្តានុពលគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត។
លោកបានមានប្រសាសន៍ថាក្នុងរយៈពេលប្រាំមួយទសវត្សរ៍ចុងក្រោយនេះនិស្សិតកម្ពុជាជាង ៨ ពាន់នាក់បានបញ្ចប់ការសិក្សានៅអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីសព្វថ្ងៃ។ មុនពេលមានជំងឺរាតត្បាតកូវីដ១៩ មានភ្ញៀវទេសចររុស្ស៊ីប្រមាណ ៦៥ ម៉ឺននាក់បានមកទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
លោកបាននិយាយថាក្រសួងការបរទេស និងស្ថានទូតរុស្ស៊ីបានរៀបចំផែនការព្រឹត្តិការណ៍ជាច្រើន ប៉ុន្តែព្រឹត្តិការណ៍ទាំងនោះត្រូវបានរំខានដោយជំងឺរាតត្បាត។
ក្រសួងបានសម្រេចចិត្តរៀបចំការតាំងពិព័រណ៍រូបថតតាមអ៊ីនធឺណិតដែលបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានមានប្រសាសន៍ថាប្រទេសកម្ពុជា និងរុស្ស៊ីគឺជាសម្ព័ន្ធមិត្តចាប់តាំងពីបានចាប់ផ្តើមទំនាក់ទំនងការទូតដោយមានឱកាសជាច្រើនទៀត ដើម្បីធ្វើឱ្យប្រសើរឡើង។ លោកបានលើកឡើងអំពីពាណិជ្ជកម្មទ្វេភាគីជាវិស័យមួយដែលអាចត្រូវបានលើកកម្ពស់។
លោក គិន ភា បានមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មតាមព្រំដែនពីប្រទេសរុស្ស៊ីមានចំនួនប្រហែល ២០ លានដុល្លារហើយទំហំពាណិជ្ជកម្មទ្វេភាគីមាននៅក្នុងតំបន់ប្រមាណ ២០០ លានដុល្លារ។ ហើយទំនាក់ទំនងរវាងប្រជាជន និងប្រជាជនត្រូវបានពង្រីក ប្រសិនបើអាចធ្វើទៅបាន»។
លោកថា ទោះយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីជាប្រទេសសំខាន់មួយសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បច្ចុប្បន្ននិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីសាលានៅប្រទេសរុស្ស៊ីកំពុងកាន់មុខតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាលរួមទាំងមានតួនាទីជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួនទៀតផងដែរ៕