ភ្នំពេញៈ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​រួមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ដើម្បី​ចូលរួម​រំឭក​ខួប​ទី​​ ៤០ ​ឆ្នាំ​នៃ​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ និង​សង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​ ១៩៧៩​។

យោង​តាម​ទិដ្ឋភាព​នៃ​ការ​ហ្វឹកហាត់​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​នៅក្នុង​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក អ្នកចូលរួម​ជាច្រើន​ម៉ឺន​នាក់​បាន​អង្គុយ និង​ឈរ​បង្ហាញ​ជា​រូបភាព​ទង់ជាតិ​​ និង​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​រួម​ទាំង​ក្បួន​ដង្ហែ​ដែល​បាន​តុបតែង​យ៉ាង​ប្រណីត​ក្នុង​ពិធី​អបអរសាទរ​ដែល​បាន​រៀបចំ​ជា​ទ្រង់ទ្រាយ​ធំ​ជាង​រាល់​ឆ្នាំ​។

យោងតាម​សេចក្តី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​បុណ្យខួប​លើក​ទី​ ៤០ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​បាន​ឲ្យ​ដឹងថា ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤០ ទិវា​ជ័យជម្នះ​៧ មករា ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ ហេង ​សំរិន ប្រធាន​រដ្ឋសភា លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ព្រម​ទាំង​មាន​មហាជន ៣៤ ៧៥០ ​នាក់​ចូលរួម​។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​លោក សំរិទ្ធ សារុន​អនុប្រធាន​ការិយាល័យ​គណៈកម្មាធិការ​កណ្ដាល (​គ៨៥) ​នៃ​គណបក្ស​ប្រជាជន​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា អ្នក​ចូលរួម​ប្រារព្ធ​ថ្ងៃជ័យ​ជម្នះ​៧ មករា គឺ​មាន​ប្រមាណ ៦ ​ម៉ឺន​នាក់​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា​ពិធី​អបអរសាទរ​នៅ​ថ្ងៃទី​ ៧ ខែ​មករា ឆ្នាំ​ ២០១៩ ​នេះ​សាលា​រាជធានី​ភ្នំពេញ​មាន​ភារកិច្ច​ជួយ​រៀបចំ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ចរាចរណ៍​។

ទោះ​យ៉ាងណា​ក៏ដោយ​យោង​តាម​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​បុណ្យ ៧ ​មករា​ដោយ​មាន​ការសន្និដ្ឋាន​វាយតម្លៃ​សភាពការណ៍​បាន​ឲ្យ​ដឹងថា (​ក្រុមប្រឆាំង​) ​អាច​យក​ភូមិសាស្ត្រ​ចំណុច​ខ្ពស់ៗ​នៅ​កៀក​ជុំវិញ​គោលដៅ​ប្រារព្ធ​ពិធី​តាម​សងខាង​ផ្លូវ​ធ្វើ​សកម្មភាព បង្ក​គ្រោះថ្នាក់​ដល់​ថ្នាក់ដឹកនាំ ​អ្នក​ចូលរួម​ពិធី និង​បំផ្លាញ​អង្គពិធី​។

លោក មាសភក្ដី បាន​ថ្លែង​ថា​៖ «​យើង​នឹង​ធ្វើ​បុណ្យ​នេះ​នៅ​ថ្ងៃ​ (​នេះ​) ​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​ដោយ​មាន​អ្នកចូលរួម​ច្រើន​ម៉ឺន​នាក់​ដូច្នេះ​នឹង​មាន​ការប្រមូលផ្តុំ​ច្រើន​ដូច្នេះ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ជាង​គេ​គឺ​ការងារ​សន្តិសុខ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​សរសេរ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​បាន​ប្រកាស​ថា​ខ្លួន​មាន​គម្រោង​ធ្វើ​បាតុកម្ម​កាល​ថ្ងៃ​សៅរ៍ ទី​ ៥ ​ខែ​មករា​នៅ​មុខ​ភោជនីយដ្ឋាន Maxim ដែល​យ៉ាង​ហោច​ណាស់​មាន​បាតុករ​ជាង ២០០ ​នាក់​ចូលរួម​ដើម្បី​ប្រឆាំង​ថ្ងៃ​ ៧ មករា ដែល​ខ្លួន​អះអាង​ថា​ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​ឈ្លានពាន​កម្ពុជា ហើយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​ ៧ មករា នៅ​ប្រទេស​អូស្ត្រាលី​គឺជា​ជន​អគតិ និង​ការធ្វើ​បាតុកម្ម​នៅ​បរទេស​នេះ​នឹង​គ្មាន​ឥទ្ធិពល​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​។

ក្បួន​ហ្វឹកហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។ហេង ជីវ័ន

លោក ឥសាន ​ឲ្យ​ដឹងថា​៖ «(​ការធ្វើ​បាតុកម្ម​) ​ជា​រឿង​របស់​បងប្អូន​ទេ តែ​តាម​ការពិត​មិន​មាន​ឥទ្ធិពល​អ្វី​មក​ក្នុង​ប្រទេស​ឡើយ​ទោះបី​ជា​រៀងរាល់​ឆ្នាំ​ខិតខំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ថ្ងៃ​ ៧ ​មករា​យ៉ាង​ណា​ក៏​ថ្ងៃ​ ៧ ​មករា​ស្ថិត​នៅ​ជា​អមត:​ដែល​បាតុកម្ម​ពី​ក្រៅ​មិន​អាច​លុបបំបាត់​បាន​ជា​ដាច់ខាត មហាបាតុកម្ម​នោះ​មាន​ត្រឹម​មនុស្ស​រយ​នាក់​ប៉ុណ្ណោះ​មិន​អាច​យក​ឧត្តមភាព​លើ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ជាង​ ១៦ ​លាន​នាក់​បាន​ឡើយ​»​។

លោក​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា បើ​គ្មាន​ការជួយ​អន្តរាគមន៍​យ៉ាង​ទាន់​ពេលវេលា​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ទេ​នោះ នោះ​​ពួកគាត់​ពិតជា​មិនអាច​រួច​រស់​ជីវិត​ និង​បាន​បង្កើត​កូនចៅ​ត​ជំនាន់​មកដល់​សព្វថ្ងៃ​នេះ​ឡើយ ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំង ១៦ លាន​នាក់​គ្មាន​ពេល​បំភ្លេច​ថ្ងៃ​ជា​​សច្ចធម៌​ប្រវត្តិសាស្ត្រ​នេះ​បាន​ជា​ដាច់ខាត​ទោះ​ក្នុង​កាល:ទេស:​ណា​ក៏ដោយ​។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ថា​ថ្ងៃ​ ៧ ​មករា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ដឹង​ពី​អត្ថន័យ​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​ថា​របប​ប្រល័យពូជសាសន៍​បាន​ធ្វើឲ្យ​ប្រជាជន​ជាង ២ ​លាន​បាត់បង់​ជីវិត តែ​ដោយសារ​ថ្ងៃ​ ៧ ​មករា​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ប្រហែល​ ៥ ​លាន​នាក់​ដែល​បាន​រស់រាន​ពី​របប​ខ្មែរក្រហម ក្នុង​នោះ​មាន​ជនដៃដល់​ខ្មែរ​ក្រហម​ផង​ដែរ ដូច្នេះ​ថ្ងៃ​ ៧ ​មករា​មាន​អត្ថន័យ​ចំពោះ​ពលរដ្ឋ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យើង​ដឹង​ថា​នៅក្នុង​ថ្ងៃ​នេះ​ (​កាលពី ៤០ ​ឆ្នាំ​មុន​)​ ​គឺជា​ពេលវេលា​មួយ​ដែល​ខ្មែរក្រហម​បាន​រត់​គេចចេញ​ពី​ភូមិឋាន​ដែល​ធ្លាប់​ធ្វើឲ្យ​យើង​លំបាក​វេទនា ហើយ​ក៏​ជា​ថ្ងៃ​ដែល​យើង​ចាប់ផ្តើម​មាន​អាហារ​បរិភោគ ស្វែងរក​ក្រុមគ្រួសារ និង​ត្រឡប់​មក​កាន់​ភូមិ ស្រុក​របស់​យើង​គ្រប់គ្នា​វិញ​ដែរ​»​។

លោក​បាន​បន្ថែម​ថា​ក្រសួង​អប់រំ​មាន​ភារកិច្ច​ខិតខំ​ប្រឹងប្រែង​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​តាម​សាលារៀន សាកលវិទ្យាល័យ​ក្តី​ហើយ​អះអាង​ថា​តាមរយៈ​ការសិក្សា​នឹង​ជួយ​ឲ្យ​ពួកគេ​យល់ថា​តើ​ហេតុអ្វី​បាន​ជា​មាន​របប​​ប្រល័យ​ពូជសាសន៍​នេះ​បាន​កើតឡើង​? ហើយ​ថា​វា​អាច​ជួយ​ឲ្យ​ងាក​ចេញ​ពី​ការបកស្រាយ​ប្រវតិ្តសាស្ត្រ​ខុសពី​ការពិត​។

លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​ និង​លោក ហុង លឹម ខ្មែរ-អូស្ត្រាលី មិន​អាច​ទាក់ទង​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕