កោះកុង: មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​ឯកភាព​បង្កើត​សហគមន៍​​នេសាទ​ ៥ ​បន្ថែម​ទៀត​នៅ​ស្រុក​​ស្រែអំបិល ខេត្ត​កោះកុង ដើម្បី​​ឱ្យ​ប្រជា​នេសាទ​អាច​ចូលរួម​អភិរក្ស​ធនធាន​ជលផល​តាម​មូលដ្ឋាន​របស់ខ្លួន ខណៈ​បច្ចុប្បន្ន​មាន​សហគមន៍​នេសាទ​ចំនួន​ ១០ ស្ថិតនៅ​ខេត្ត​​កោះកុង និង​ខេត្ត​ព្រះសីហនុ​។

លោក អ៊ី ម៉េងលាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង​បាន​ថ្លែង​ពីថ្ងៃ​ទី​ ៩ ធ្នូ ថា​ការប្រកាស​ឱ្យមាន​​សហគមន៍​នេសាទ​ទាំង​ ៥ ​បន្ថែម​នេះ​​ធ្វើ​នៅ​ដើមខែ​ធ្នូ​នេះ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ប្រជានេសាទ​ចូលរួម​​អភិរក្ស​ធនធាន​ធម្មជាតិ​នានា​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង និង​អ្នកជំនាញ​អង្គការ​ WCS នឹង​ចុះ​ផ្សព្វផ្សាយ​នូវ​គោលការណ៍​ជំនាញ​ចំណេះដឹង​​ថ្មីៗ​បន្ថែមទៀត​ជូន​ប្រជានេសាទ​ទាំងនោះ​។

លោក​ឱ្យដឹងថា មន្ទីរ​កសិកម្ម​បានអនុញ្ញាត​ស្របតាម​ច្បាប់​ស្ដីពី​អង្គការ​សមាគម​នៅ​ចុងខែ​វិច្ឆិកា ប៉ុន្ដែ​ពួកគាត់​ត្រូវ​សរសេរ​លិខិត​ស្នើសុំ​ផ្លូវការ​មួយទៀត​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បានចាប់ផ្ដើម​ចុះ​កំណត់​តំបន់​ដែល​ត្រូវ​ចុះ​ល្បាត និង​រៀបចំ​ពី​របៀបវារៈ​កាលពីដើម​ខែធ្នូ​នេះ​រួចហើយ ដើម្បី​ចុះ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ដែល​បាន​គ្រោងទុក​។ ​កន្លងមក​សហគមន៍​នេសាទ​មាន​ ៦ ​នៅ​ខេត្ត​កោះកុង និង​ ៤ ​ទៀត​ខេត្ត​ព្រះសីហនុ​ដោយ​ប្រជានេសាទ​ក៏​កំពុង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​មន្ត្រី​ជំនាញ​។

លោក​ ម៉េង លាង បាន​បញ្ជាក់ថា​៖ «​ប្រជាសហគមន៍​មិនមាន​សិទ្ធិ​ទៅ​ចាប់ចង ឬ​ដេញចាប់​ជនល្មើស​ទេ ប៉ុន្ដែ​ពួកគាត់​ជា​អ្នកចូលរួម​កម្លាំង​ជាមួយ​មន្ត្រី​ជំនាញ​តាមរយៈ​ការរាយការណ៍ ឬ​ផ្ដល់ព័ត៌មាន​ជូន​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​មន្ត្រី​ជំនាញ​​ចុះ​ទៅ​បង្ក្រាប​ជាក់ស្ដែង​។ ពួកគាត់​ជា​អ្នក​នៅ​មូលដ្ឋាន​ផ្ទាល់​ដូច្នេះ​បទល្មើស​នានា​គឺ​ពួកគាត់​ដឹង​មុន​មន្ត្រី​ជំនាញ ទើប​យើង​ជ្រើសរើស​ពួកគាត់​ឱ្យ​ចូលរួម​ជាមួយ​យើង​»​។

លោក​ កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៩ ​ធ្នូ​ដែរ​ថា ការបង្កើត​សហគមន៍​នេសាទ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​គម្រោង​ «​ដៃគូ​ប្រឆាំង​បទល្មើស​សត្វព្រៃ​» ​ដែល​គាំទ្រ​ផ្នែក​​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ (EU) ​សួនសត្វ​សិង្ហបុរី​ (Wildlife Reserves Singapore),US Forest Service និង Rainforest Trust​។

លោក​បន្តថា មន្ត្រី​ជំនាញ​ចង់​ផ្ដល់​ភាពស្របច្បាប់​ដល់​សហគមន៍​នេសាទ​ទាំងនេះ ដើម្បី​ឱ្យ​ប្រជានេសាទ​អាច​ចូលរួម​ចំណែក​អភិរក្ស​ធនធាន​ជលផល​កាន់តែ​សកម្ម​ថែមទៀត​។

ជាពិសេស​ការអភិរក្ស​អណ្តើកហ្លួង និង​ក្រពើ​ត្រី​ក៏ដូចជា ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​នេសាទ​ទាំង​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែល​ឯកសារ​ផ្លូវច្បាប់ បទបញ្ជា សម្រាប់​សហគមន៍​នេសាទ និង​ការកំណត់​ដែន​សីមា​សហគមន៍​នេសាទ ត្រូវ​បាន​រៀបចំ​រួចរាល់ សហគមន៍​នីមួយៗ​​នឹង​បញ្ជូន​ឯកសារ​ទាំងនេះ​ទៅកាន់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​​ និង​នេសាទ ដើម្បី​សុំ​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំក្រោយ​»​។

លោក តុញ ពៅ ប្រធាន​សហគមន៍​បាក់អង្រុត​ដែល​ទើប​បង្កើត​ថ្មី​ក្នុងចំណោម​ ៥ ​សហគមន៍​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​បាក់អង្រុត ឃុំ​ដងពែង​ ស្រុក​ស្រែអំបិល បាន​ថ្លែង​ពី​​ថ្ងៃទី​ ៩ ធ្នូ​ថា សហគមន៍​លោក​មាន​គោលបំណង​ចង់​ចូលរួម​កិច្ចការ​សង្គម​ខ្លះ​។ លោក​រីករាយ​ដែល​បាន​ចូលរួម​សកម្មភាព​ជួយ​ការពារ​អភិរក្ស​ធនធាន​​ធម្មជាតិ​ក្នុង​តំបន់​ដែល​លោក​កំពុង​រស់នៅ​។

លោក​បន្តថា បន្ទាប់ពី​បាន​ទទួល​សិទ្ធិ​ពី​មន្ទីរ​កសិកម្ម ខេត្ត​កោះកុង ក្រុម​លោក​បាន​ចូលរួម​ចុះ​ល្បាត​តាម​គោលដៅ​អភិរក្ស​ជាមួយ​មន្ត្រី​ជំនាញ​ជលផល​ជាច្រើន​លើក​មកហើយ​ដោយ​បាន​ជួបប្រទះ​បទល្មើស​នេសាទ​ជាច្រើន​ករណី​។ ក្រុម​លោក​បាន​ដុតបំផ្លាញ​សម្ភារ​មួយចំនួន​ដែល​បម្រើ​ឱ្យ​បទល្មើស​នេសាទ​ខុសច្បាប់​។

លោក​ តុញ ពៅ បញ្ជាក់ថា​៖ «​មុនពេល​ចុះ​ល្បាត​តាម​គោលដៅ​គឺ​មាន​មន្ត្រី​ជំនាញ​អង្គការ WCS និង​មន្ត្រី​ជលផល​ចុះ​មក​ណែនាំ​បង្រៀន​ពី​នីតិវិធី​ដើរល្បាត​តាម​ព្រៃ ល្បាត​តាម​ផ្លូវទឹក​។ ​និយាយ​រួម​គឺ​គាត់​បាន​បង្រៀន​យើង​ច្រើន​ពាក់ព័ន្ធ​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ​។ ក្រៅពី​ការចុះល្បាត​ពួកខ្ញុំ​ក៏​ចូលរួម​ផ្សព្វផ្សាយ​ទៅដល់​អ្នកភូមិ​ផ្សេងៗ​ទៀត​ដែរ​»៕