
កំពង់ផែដឹកជញ្ជូនដែលទើបបើកដំណើរការនៅក្នុងខេត្តកំពង់ឆ្នាំង។ រូប រដ្ឋបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកឱ្យដំណើរការជាផ្លូវការនូវផែដឹកជញ្ជូនតាមផ្លូវទឹកថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។
លោក ស្រ៊ន សំរិទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការដាក់ឱ្យដំណើរការនូវផែដឹកជញ្ជូនថ្មីមួយនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋទៅវិញទៅមក ដើម្បីជំនួសស្ពានដែលគ្រោងនឹងសាងសង់នាពេលខាងមុខ។
លោកបន្ថែមថា ប្រជាពលរដ្ឋដែលមកពីខេត្តកំពង់ធំ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំងអាចធ្វើដំណើរតាមស្រឡាង ដោយប្រើពេលត្រឹមតែពីកន្លះម៉ោងទៅ ៤០ នាទីប៉ុណ្ណោះមកដល់កំពង់ផែនេះ ព្រោះពីមុនកំពង់ផែមានស្ថានភាពតូចចង្អៀត។
បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នកំពង់ផែនេះមានស្រឡាងចំនួនពី ៥ ទៅ ៦ គ្រឿងកំពុងតែដឹកជញ្ជូនពលរដ្ឋ។
លោកបានថ្លែងថា៖ «ដោយមើលឃើញពីការលំបាក រដ្ឋបាលខេត្តក៏បានធ្វើការកែសម្រួលផែឱ្យបានល្អប្រសើរ និងងាយស្រួលឡើងគោក ដែលកាលពីមុនកំពង់ផែវាមានស្ថានភាពចោតបន្តិច»។
នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវផែដឹកជញ្ជូនថ្មី នៅតំបន់អភិវឌ្ឍន៍ចុងកោះកាលពីថ្ងៃទី ៤ ខែមករា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា កំពង់ផែថ្មីនេះគាំទ្រថវិកាដោយរាជរដ្ឋាភិបាលផ្តល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមករា ឆ្នាំ ២០១៧ ដែលមានទំហំ ៦ ៥២៣ ម៉ែត្រក្រឡា។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីថវិកាចំនួនប៉ុន្មានដែលបានចំណាយទៅលើការសាងសង់កំពង់ផែថ្មីនេះទេ។
លោកបន្តថា ការសាងសង់កំពង់ផែថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ហើយការកសាងនេះស្ថិតក្នុងគម្រោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង។
លោកបញ្ជាក់ថា៖ «កន្លងមកខេត្តកំពង់ឆ្នាំងមានកំពង់ផែតូចចង្អៀតដែលបង្កការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ»។
លោក សំ ចាន់គារ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំងបានថ្លែងពីម្សិលមិញថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានកែសម្រួល និងរៀបចំកំពង់ផែចាស់ឱ្យទៅជាកំពង់ផែថ្មីនេះក្នុងការសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយការអភិវឌ្ឍនេះមិនមានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
លោកបញ្ជាក់ថា៖ «គេធ្វើរួចហើយ និងភាពច្បាស់លាស់ប៉ុន្តែយើងឃើញតែផែដែលអនុញ្ញាតឱ្យទូកដចូលទទឹងទេ ដោយមិនទាន់មានឃើញផែដែលអាចឱ្យទូកដ ចូលបណ្តោយបាន»។
ទោះជាយ៉ាងណាលោក សំ ចាន់គារ បញ្ជាក់ទៀតថា ការរៀបចំឱ្យមានកំពង់ផែធំ និងច្បាស់លាស់នេះក៏នឹងជួយលើកមុខមាត់ និងលើកកម្ពស់ខេត្តឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕