ខេត្ត​កំពង់ស្ពឺ​ជា​ខេត្ត​ដំបូង​គេ បន្ទាប់​ពី​រាជធានីភ្នំពេញ ដែល​បាន​ដាក់​បម្រាម​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​សកម្មភាព​អាជីវកម្ម​នានា​រយៈពេល​ ២ សប្តាហ៍ ចាប់​ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ព្រឹក ជា​វិធានការ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្តវិធាន​ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ ១៩ ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី ២ ខែ​មេសា​នេះ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ សូម​ដាក់​ចេញ​វិធានការ រដ្ឋបាល​បណ្តោះ​អាសន្ន​ក្នុង​ការ​ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ថិរវេលា​អនុវត្តរយៈ​ពេល​ពីរ​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃទី ២ រហូត​ដល់​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១។

សេចក្តី​ណែនាំ​បន្ត​ថា៖ «សកម្មភាព​អាជីវកម្ម​ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ​ចល័ត ហាង​លក់​ភេសជ្ជៈ (គ្រឿង​ស្រវឹង)។ល។ ដែល​បើក​បម្រើ​អតិថិជន​ទទួល​ទាន​ត្រូវ​ផ្អាក​ទទួល​ភ្ញៀវ​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ម៉ោង ៨ យប់​ដល់​ម៉ោង ៥ ទៀប​ភ្លឺ​ជា​កំហិត»។

សេចក្តី​ណែនាំ​បញ្ជាក់​ទៀត​ថា៖ «ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន លើកលែង​ក្នុង​ករណី​ចាំបាច់»។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​សង្កត់​ធ្ងន់​ថា គ្រប់​ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​មិន​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ណែនាំ​នេះ រដ្ឋបាល​ខេត្ត នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​តាម​ផ្លូវ​ច្បាប់ ដូច​បាន​កំណត់​ក្នុង​ច្បាប់​ស្តីពីវិ​ធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន។

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើ​ដល់​លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស និង​អនុ​ប្រធាន​លោក ឃួង ស្រេង ត្រូវ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ដល់​អ្នក​រកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​នៅ​រាជធានីភ្នំពេញ។

លោក​បញ្ជាក់​ថា៖ «កន្លង​ទៅ​ខ្ញុំ​បាន​អនុញ្ញាត​រួច​ហើយ ឱ្យ​ប្រើ​វ៉ាក់សាំង ស៊ីណូហ្វាម ៤០ ម៉ឺន​ដូស ដើម្បី​តម្រង់​ឈ្មោះ​ទៅ​រក​អ្នក​ដែល​មាន​ហានិភ័យ​ដូចជា អ្នក​រត់កង់បី តាក់ស៊ី និង​អ្នក​រកស៊ី​ដទៃ​ទៀត​ទាំង​អ្នក​លក់ត្រី បន្លែ នៅ​តាម​ផ្សារ​ដែល​ហៅ​ថា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ»។

ជា​ពិសេស​នៅ​តាម​ទីផ្សារ​តែ​ម្តង ត្រូវ​រៀបចំ​ជា​បន្ទាន់​ទៅ​លើ​ការ​ចាក់​ឱ្យ​អ្នក​លក់​ត្រី អ្នក​លក់​បន្លែ អ្នក​រកស៊ី​ដែល​ងាយ​រង​ផល​ប៉ះពាល់​ងាយ​ឆ្លង នៅ​តាម​ទីផ្សារ​ឱ្យ​បាន​ឆាប់​រហ័ស ហើយ​ធ្វើ​សកម្មភាព​ចាក់​ឱ្យ​ពួក​គាត់​ដូច​ដែល​យើង​បាន​ធ្វើ​ដូច​កម្មករ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ផង​ដែរ»។

លោក​បន្ត​ថា៖ «ឯកឧត្តម ឃួង ស្រេង ត្រូវ​តែ​ធ្វើ​ការ​ប្រមូល​បញ្ជី​ឈ្មោះ និង​រៀបចំ​ទីតាំង​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្សារ អ្នក​យាម​ផ្សារ ទាំង​អ្នក​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​បន្លែ.យ៉ាង​ហោច​ណាស់​ចាក់​បាន ២០ ម៉ឺន​នាក់ នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នេះ​ជា​ការ​ណែនាំ​បន្ទាន់​របស់​ខ្ញុំ»៕