
អាជីវករលក់សាច់ជ្រូកនៅផ្សារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ ក្រសួងសុខាភិបាល បានកំណត់យកខេត្តបន្ទាយមានជ័យមួយទៀតជាទីតាំងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយសារខេត្តមួយនេះមានអ្នកឆ្លងក្នុងសហគមន៍ច្រើនរហូតជិត ៧០០ នាក់ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី ៣ ឧសភា បានជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ឱ្យដឹងថា៖ «ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព»។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យលោក សេក សុខុម បានថ្លែងថា អាជ្ញាធរថ្នាក់ខេត្តទើបតែទទួលបានសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៤ ខែឧសភានេះ។ អាជ្ញាធរត្រៀមផ្សព្វផ្សាយដំណឹងនេះបន្ថែមទៀតដល់ពលរដ្ឋឱ្យមានការយល់ដឹង។
លោកថា៖ «ជាទូទៅការដាក់វិធានការសម្រាប់ខេត្តក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់មិនមែនជារឿងថ្មីទេ។ ព្រោះខេត្តផ្សេងៗ និងខេត្តយើងបានអនុវត្តហើយ អ៊ីចឹងសម្រាប់ការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការដាក់វិធានការនេះ ដោយសារមានការរីករាលដាលមានចំនួនច្រើន។ ដូច្នេះយើងត្រូវតែអនុវត្តតាមវិធាននេះ»។
លោកឱ្យដឹងដែរថា មូលហេតុដែលមានការឆ្លងរីករាលដាលច្រើននៃជំងឺកាចសាហាវនេះក្នុងសហគមន៍ ចាប់ផ្តើមក្រោយពេលចូលឆ្នាំខ្មែរ ដោយសារយុវជន និងពលរដ្ឋមួយចំនួនឆ្លៀតឱកាសជួបជុំផឹកស៊ី ទោះបីជាថ្នាក់ខេត្តខំទប់ស្កាត់យ៉ាងណាក៏ដោយ។
លោកថា៖ «ភាគច្រើនយុវវ័យមិនចាប់អារម្មណ៍នឹងជំងឺនេះទេនៅរដូវចូលឆ្នាំ យើងបានរឹតបន្តឹងការជួបជុំណាស់។ ប៉ុន្តែយុវវ័យឆ្លៀតជួបជុំតាមវាលស្រែ ដូចករណីយុវជនម្នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩ ក្នុងហ្វេសប៊ុកគាត់បង្ហោះរូបភាពអាំងសាច់ជាមួយក្រុមគ្នាគាត់»។
លោកព្រមានថា ប្រសិនបើពលរដ្ឋមិនចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនោះទេ ចំនួនឆ្លងនៃជំងឺកូវីដ១៩ អាចនឹងកើនឡើងបន្ថែមទៀត។
បើតាមលោក សេក សុខុម គិតត្រឹមថ្ងៃទី ៤ ឧសភា នេះមានអ្នកឆ្លងជំងឺកូវីដ ១៩ ជិត ៧០០ នាក់ហើយ។ ប៉ុន្តែពុំមានពលរដ្ឋណាម្នាក់ស្លាប់ ដោយសារជំងឺកូវីដ ១៩ ឡើយ។
កន្លងទៅក្រសួងសុខាភិបាលបានសម្រេចយករាជធានីភ្នំពេញ និងខេត្តផ្សេងទៀត សម្រាប់កំណត់ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ខេត្តទាំងនោះ រួមមាន ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែងខេត្តសៀមរាប និងខេត្តស្វាយរៀង ដែលមានកាតព្វកិច្ចពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាព។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែមីនា បានចេញអនុក្រឹត្យថ្មីស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលមាន ៩ ជំពូក និង ៣៩ [មាត្រា]។
តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀលទៅ ១ លានរៀល៕