ព្រះវិហារៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​ប្រកាស​ត្រៀម​មុង​ចំនួន​ ៥ ​ម៉ឺន​ ចែកជូន​ប្រជាពលរដ្ឋ​តាម​គោលដៅ ដោយ​ឥតគិតថ្លៃ​ ដើម្បី​បង្ការ​ជំងឺគ្រុនចាញ់​នា​រដូវវស្សា បើទោះជា​ដើមឆ្នាំ​នេះ ស្ថានភាព​ជំងឺ​គ្រុនចាញ់ មិនទាន់​មាន​ការផ្ទុះឡើង​ខ្លាំង​ក៏ដោយ​។

ជំងឺគ្រុនចាញ់​នៅតែ​ជា​ជំងឺ​មួយ ដែល​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ជាពិសេស​គឺ​អ្នករស់នៅ​តំបន់​សម្បូរ​មូស​ដែកគោល​ញី ដូចជា​តំបន់​ព្រៃភ្នំ​ជាដើម​។ ជំងឺគ្រុនចាញ់ ចែកចេញ​ជា​ ៣ ​ប្រភេទ គឺ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វ្លាស់ស្មូដ្យូម​ (​គ្រុនសន្ធំ​) ហ្វ៉ាស៊ីហ្វ៉ា រ៉ូម​ (​គ្រុន​លាប់​)​ និង​ប្រភេទ​ម៉ិច​ (​គ្រុនសន្ធំ​ និង​គ្រុន​លាប់​បញ្ចូល​គ្នា​) ​ដែល​តែងតែ​កើតឡើង​ជា​ញឹកញាប់​ និង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​។

លោក​ គួង ឡូ ប្រធាន​មន្ទីរសុខាភិបាល​ខេត្តព្រះវិហារ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ឧសភា ថា ក្នុង​រយៈពេល​ ៤ ​ខែ ដើមឆ្នាំ​ ២០២១ ​នេះ ជំងឺ​គ្រុនចាញ់​នៅក្នុង​ខេត្ត​ពិតជា​ធ្លាក់ចុះ​ខ្លាំង បើទោះបី ក្នុង​ពេលនេះ​ជា​រដូវ​ដែល​មាន​ភ្លៀង​ធ្លាក់​ហើយ​ក៏ដោយ ក៏​ចំនួន​អ្នក​កើត​ជំងឺ​នេះ​ស្ទើរតែ​លែងមាន​។ ការធ្លាក់ចុះ​ខ្លាំង​នៃ​ជំងឺ​គ្រុនចាញ់​ដោយសារ​យុទ្ធនាការ​អប់រំ​អំពី​សុខភាព​ធ្វើឱ្យ​ពលរដ្ឋ​មានការ​យល់ដឹង​ពី​ហានិភ័យ​នៃ​ជំងឺគ្រុនចាញ់​។

ការអះអាង​បែបនេះ ដោយ​លោក​សំអាង​ថា រយៈពេល​ ៤ ​ខែ​ដើមឆ្នាំ​នេះ​ គឺ​មិនទាន់មាន​ករណី​អ្នក​ឆ្លង​ជំងឺគ្រុនចាញ់​សន្ធំ​នោះទេ ខណៈ​អ្នកជំងឺ​គ្រុនចាញ់​លាប់​ឡើងវិញ​មាន​ប្រមាណ​ ៨៥ ​ករណី​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០ មាន​ជាង​ ១០០ ​ករណី​។

លោក​បញ្ចាក់ថា​៖ «​ទោះបី​អត្រា ជំងឺគ្រុនចាញ់​នៅក្នុង​ខេត្តព្រះវិហារ​បាន​ធ្លាក់ចុះ​ក៏ពិតមែន ក៏​មន្ទីរ នៅតែ​បន្ត​យុទ្ធនាការ​លុបបំបាត់​ជំងឺគ្រុនចាញ់​បន្ថែមទៀត​ឱ្យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​ត្រូវ​លុបបំបាត់ ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​ឱ្យបាន​មុន​ឆ្នាំ​ ២០២៣​។ យើង​នៅតែ​បន្ត​ចុះ​អប់រំ​អំពី​សុខភាព និង​ហានិភ័យ ឆ្លង​ជំងឺគ្រុនចាញ់ ដូចជា​នៅ​តំបន់ភ្នំ​ ឬ​កន្លែង​មានព្រៃ​ច្រើន ព្រោះ​អាច​នឹង​កើតមាន​នា​រដូវវស្សា​នេះ​»​។

​ដោយសារ​ជំងឺគ្រុនចាញ់​ងាយ​នឹង​ផ្ទុះឡើង​ក្នុង​រដូវវស្សា ជាពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ពេល​ឈប់​ភ្លៀង​ទៅវិញ លោក​ គួង ឡូ ឱ្យដឹងថា ក្រោម​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ តាមរយៈ​ក្រសួង​សុខាភិបាល ខេត្តព្រះវិហារ នឹង​ទទួលបាន មុង​ចំនួន ៥ ​ម៉ឺន​មុង សម្រាប់​ចែកជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

លោក​ថា​៖ «​យើង​នឹង​ទទួលបាន​ក្នុង​ [​ចុង​] ​ខែឧសភា​នេះ ហើយ​ក្នុង​ខែ​មិថុនា ក្រុម​ការងារ​យើង​នឹង​ចែកជូន​មុង​ទាំងនេះ​ទៅតាម​ខ្នងផ្ទះ​របស់​ប្រជាពលរដ្ឋ​។ យើង​ក៏បាន​ធ្វើ​ជំរឿន​ហើយ​ដែរ​ថា ក្នុង ​១ ​គ្រួសារ​ពួកគាត់​អាចនឹង​ទទួល​បាន​មុង​ទាំងនេះ​ចំនួន​ប៉ុន្មាន ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​របស់​គ្រួសារ​ពួកគាត់​»​។

តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​ លែងមាន​ករណី​ស្លាប់​ ដោយសារ​ជំងឺគ្រុនចាញ់​ចាប់តាំងពី​ឆ្នាំ​ ២០១៨ រហូតមកដល់​បច្ចុប្បន្ន​។ នៅ​ឆ្នាំ​ ២០២០ ជំងឺគ្រុនចាញ់​ទូទាំងប្រទេស​សរុប​មាន​ ៩ ២២៧ ​ករណី​ឈឺ ដោយ​បាន​ថយចុះ​ ៧១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៣១ ៩៧១ ​ករណី​ឈឺ​។

តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​បាន​កំណត់​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​នៅ​ឆ្នាំ​ ២០២៣​។ លុបបំបាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​ឱ្យអស់​នៅត្រឹម​ឆ្នាំ​ ២០២៥ ដើម្បី​ធានាបាន​សុវត្ថិភាព​ និង​សុខុមាលភាព​ជូន​ពលរដ្ឋ ខណៈ​ឆ្នាំនេះ​កម្ពុជា​ប្រារព្ធ​ទិវា​គ្រុនចាញ់ ក្រោម​ប្រធាបទ​ឈាន​ទៅ​សម្រេច​គោលដៅ​គ្មាន​ជំងឺគ្រុនចាញ់​៕