ព្រះសីហនុៈ រដ្ឋបាលខេត្ដព្រះសីហនុក្រោមការដឹកនាំពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងឈូសឆាយរៀបចំតំបន់ឆ្នេរសមុទ្រថ្មីមួយទៀតស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ឲ្យទៅជាឆ្នេរលម្ហែសាធារណៈរបស់រដ្ឋសម្រាប់ទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តដោយសេរីដោយដាក់ឈ្មោះឆ្នេរនេះថាជា «ឆ្នេរជំទាវម៉ៅ» ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ដព្រះសីហនុ តាមរយៈគម្រោងអភិវឌ្ឍខេត្ដព្រះសីហនុឲ្យទៅជាខេត្ដពហុប៉ូលសេដ្ឋកិច្ចទេសចរណ៍ ហើយពេលនេះកំពុងអភិវឌ្ឍតំបន់ទេសចរណ៍នានាក្នុងខេត្ដព្រះសីហនុក្នុងនោះមានការអភិវឌ្ឍឆ្នេរសមុទ្រថ្មីៗជាច្រើនកន្លែងដើម្បីរក្សាទុកជាសម្បត្ដិសាធារណៈរបស់រដ្ឋ សម្រាប់ឲ្យទេសចរជាតិ និងអន្តរជាតិទៅលម្ហែកម្សាន្ត។
លោកថ្លែងថា ឆ្នេរដែលកំពុងរៀបចំអភិវឌ្ឍនេះជាជំហានដំបូងក្រុមការងាររបស់រដ្ឋបាលខេត្ដកំពុងឈូសឆាយសិន។ ឆ្នេរនេះមានប្រវែងប្រហែល ១ គីឡូម៉ែត្រការ៉េ និងទំហំចំណីឆ្នេរប្រហែល ១០០ ម៉ែត្រ។ លោកថា៖ «នៅក្បែរតំបន់ឆ្នេរនេះមានក្រុមហ៊ុនចំនួន ២ ដែលកំពុងអភិវឌ្ឍនៅតំបន់នេះ ឥឡូវក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុន ១ បានចូលរួមបរិច្ចាគដីមួយចំនួនឲ្យមករដ្ឋបាលខេត្ដដើម្បីពង្រីកឆ្នេរនេះ សម្រាប់ទុកប្រើប្រាស់ជាសម្បត្ដិសាធារណៈរបស់រដ្ឋ និងរៀបចំសម្រាប់ទេសចរមកលម្ហែកម្សាន្ត។ ចំណែកក្រុមហ៊ុន ១ ទៀត ក៏គ្រោងបរិច្ចាគដីដែរ ឥឡូវខាងក្រុមហ៊ុនកំពុងពិចារណា»។
បើតាមលោក សុចិត្តគ្រឹស្នា លោកអភិបាលខេត្ដព្រះសីហនុមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍឆ្នេរតំបន់នេះឲ្យទៅជាតំបន់ទេសចរណ៍សាធារណៈរបស់រដ្ឋគឺមិនអនុញ្ញាតឲ្យក្រុមហ៊ុនណាផ្សេង មកវិនិយោគលើតំបន់នេះឡើយ។
ទាក់ទងនឹងមូលហេតុដែលរដ្ឋបាលខេត្ដសម្រេចដាក់ឈ្មោះតំបន់នេះថា «ឆ្នេរជំទាវម៉ៅ» លោក សុចិត្តគ្រឹស្នា ឲ្យដឹងថា ជាទូទៅនៅតំបន់ឆ្នេរសមុទ្រប្រជាពលរដ្ឋភាគច្រើនគឺមានជំនឿ គោរពឲ្យតម្លៃទៅលើលោកយាយ ម៉ៅ ដែលមានប្រវត្ដិជាច្រើនកន្លងមកទើបមានការរៀបចំដាក់ឲ្យមានឈ្មោះគាត់បែបនេះ។
លោកបន្ថែមថា ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និង «ឆ្នេរជំទាវម៉ៅ» រដ្ឋបាលខេត្ដព្រះសីហនុក៏បានរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះមានដូចជាឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល ២ ជាដើម គឺបានរៀបចំដាក់បន្ទប់ទឹក និងសួនច្បារបានស្អាតរួចរាល់ហើយសម្រាប់ទេសចរទៅកម្សាន្ត។
លោក សុចិត្តគ្រឹស្នា បញ្ជាក់ថា៖ «តាមផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់ជាតិខេត្ដព្រះសីហនុ គឺជាប៉ូលអាទិភាពមួយដោយអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ចម្រុះ។ គោលដៅសំខាន់នោះក៏មានការអភិវឌ្ឍលើផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មផងដែរ។ ក្នុងផែនការរបស់ក្រសួងទេសចរណ៍ក៏បានកំណត់ការអភិវឌ្ឍខេត្ដព្រះសីហនុទៅជាគោលដៅទេសចរណ៍បែបធុរកិច្ចស្ដង់ដាអន្តរជាតិផងដែរ»។
បច្ចុប្បន្នក្នុងក្រុងព្រះសីហនុ បើរាប់ទាំងឆ្នេរថ្មីដែលកំពុងអភិវឌ្ឍនេះគឺមានឆ្នេរសរុបចំនួន ៩ អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តបាន។ ក្រៅពីនេះក៏មានឆ្នេរស្អាតៗជាង ១០ ទៀតនៅតាមបណ្ដាកោះនានា។
រដ្ឋបាលខេត្ដព្រះសីហនុកាលពីម្សិលមិញបានផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា ក្រោមការដឹកនាំពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរបានសម្រេចឲ្យរដ្ឋបាលខេត្តធ្វើការឈូសឆាយ ដើមកាស្យា និងកែលម្អសោភណភាពឆ្នេរខ្សាច់នៅតំបន់ពយជំទាវម៉ៅ ដោយរក្សាទុកជាលម្ហសាធារណៈរបស់រដ្ឋ ព្រមទាំងអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនាកម្សាន្តដោយសេរី៕
វីដេអូ៖