ព្រះសីហនុៈ ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទី ២ បន្ទាប់ពីខេត្តសៀមរាប ដែលមានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ដសំណាករកជំងឺកូវីដ ១៩ ដោយមិនចាំបាច់បញ្ជូនសំណាកមកធ្វើតេស្ដនៅរាជធានីភ្នំពេញដូចមុនទៀតទេ ខណៈគម្រោងសាងសង់ត្រូវចាប់ផ្ដើមនៅពេលដែលមានការឯកភាពលើប្លង់គោលរួចរាល់។
កាលពីថ្ងៃអាទិត្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចុះពិនិត្យនៅទីតាំងក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ដ្រនៅពេលខាងមុខនេះ សម្រាប់ធ្វើតេស្ដលើសំណាករកជំងឺកូវីដ ១៩។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថាការសាងសង់មន្ទីរពិសោធន៍នេះគឺទទួលបានការឯកភាពពីរដ្ឋាភិបាលរួចហើយ ហើយម៉ាស៊ីននឹងអាចទទួលបានពីប្រទេសចិន ខណៈលោក គួច ចំរើន បានបញ្ជាក់ដែរថា នៅពេលមានការឯកភាពលើប្លង់គោលរួចរាល់ការសាងសង់នឹងចាប់ផ្ដើម។ នេះបើតាមការចុះផ្សាយដោយទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា មន្ទីរពិសោធន៍នេះនឹងប្រើប្រាស់សម្រាប់ធ្វើតេស្ដជំងឺទូទៅ និងជំងឺកូវីដ ១៩ និងដើម្បីបញ្ឈប់ការដឹកជញ្ជូនសំណាកដែលរៀងរាល់ថ្ងៃ ខេត្តបានបញ្ជូនសំណាកតាមរថយន្តជាមធ្យមពី ២០០ ទៅ ៣០០ ទៅតេស្ដរកជំងឺកូវីដ ១៩ នៅរាជធានីភ្នំពេញ។ ប៉ុន្តែការសាងសង់នៅពេលណា ការចំណាយ និងសមត្ថភាពអាចធ្វើតេស្ដលើសំណាកបានចំនួនប៉ុន្មានក្នុង ១ ថ្ងៃ គឺលោកស្រីមិនទាន់ដឹងច្បាស់នៅឡើយទេ។
លោកស្រីបានថ្លែងថា៖ «រាល់ថ្ងៃនេះ ខេត្តព្រះសីហនុ នៅតែមានយន្តហោះចុះជាប្រចាំ។
វាអត់ទៀងទេនៅថ្ងៃខ្លះ យើងអាចបញ្ជូនសំណាកមកធ្វើតេស្ដនៅភ្នំពេញមានដល់ ៣-៤ រយសំណាក ហើយថ្ងៃខ្លះទៀតមានត្រឹម ៥០-៦០ សំណាក»។
លោក ឃាង ភារម្យ មន្ត្រីនាំពាក្យខេត្តព្រះសីហនុបានលើកឡើងថា ការបញ្ជាក់ពីទំហំថវិកាដែលរដ្ឋាភិបាលត្រូវចំណាយសម្រាប់សាងសង់មន្ទីរពិសោធន៍នេះគឺអាចដឹងក្រោយពីការសិក្សាប្លង់គោលចប់ ហើយដាក់ទៅឱ្យលោកនាយករដ្ឋមន្ត្រីពិនិត្យសម្រេច។ លោកបន្តថា ខេត្តចង់សាងសង់ឱ្យឆាប់បំផុតតាមដែលអាចធ្វើបានដោយសារវាគឺជាតម្រូវការចាំបាច់បំផុត។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ អ្នកដំណើរមកពីក្រៅប្រទេសដែលជាអ្នកវិនិយោគ និងទេសចរ ជាពិសេសគឺមកពីប្រទេសចិនគឺយើងត្រូវយកសំណាកទៅធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញដែលវាត្រូវការចំណាយពេលយូរហើយយ៉ាងតិចក៏មានចំនួន ២ ថ្ងៃដែរ ទម្រាំលទ្ធផលចេញ។ អ៊ីចឹង! វាមិនឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជាក់ស្ដែងនៅក្នុងខេត្តព្រះសីហនុនោះទេ»។
លោកបានបន្តថា នៅពេលបច្ចុប្បន្នគឺក្នុង ១ សប្ដាហ៍ ខេត្តព្រះសីហនុទទួលបានជើងហោះហើរ ៣ ជើង មកពីក្រៅប្រទេស ប៉ុន្តែក្នុងសប្ដាហ៍ខ្លះតិចជាង និងសប្ដាហ៍ខ្លះទៀតច្រើនជាង ៣ ជើងក៏មានដែរ ដែលភាគច្រើនជាជើងហោះហើរមកពីប្រទេសចិន។ លោកបានបញ្ជាក់ថា ដោយសារជំងឺកូវីដ ១៩ មិនទាន់ធូរស្រាល អ្នកដំណើរជនជាតិចិនទាំងនោះ ភាគច្រើនជាវិនិយោគិន និងមានតិចតួចជាអ្នកទេសចរ។
មន្ត្រីខេត្តរូបនេះបានបន្ថែមថា បើប្រៀបធៀបទៅនឹងអំឡុងបុណ្យចូលឆ្នាំចិន កាលពីខែមករា ដែលជាពេលជំងឺកូវីដ១៩ចាប់ផ្ដើមផ្ទុះខ្លាំងគឺនៅខេត្តព្រះសីហនុសឹងតែគ្មានជើងហោះហើរចូលឡើយក្នុង ១ សប្ដាហ៍។
ផ្ទុយទៅវិញមានតែអ្នកធ្វើដំណើរចេញពីខេត្តព្រះសីហនុត្រឡប់ទៅប្រទេសកំណើតវិញ។
នៅពេលទាក់ទងសុំបញ្ជាក់បន្ថែមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនទាន់បានទទួលការឆ្លើយតបនៅឡើយទេ។
ខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍ដ៏សំខាន់ដែរនោះ បានក្លាយជាខេត្តដំបូងគេនៅកម្ពុជាដែលមិនចាំបាច់បញ្ជូនសំណាករកជំងឺកូវីដមកធ្វើតេស្ដនៅរាជធានីភ្នំពេញដូចមុនទៀត បន្ទាប់ពីបានចាប់ផ្ដើមដំណើរការមន្ទីរពិសោធន៍រកជំងឺនេះដោយខ្លួនឯងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកាលពី ២ សប្ដាហ៍មុន។
លោក ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានថ្លែងថា វាគឺជាមន្ទីរពិសោធន៍ចាស់ ហើយត្រូវកែឱ្យក្លាយទៅជាមន្ទីរពិសោធន៍ស្របតាមលក្ខណៈបច្ចេកទេសដើម្បីធ្វើតេស្ដសំណាកជំងឺកូវីដ ១៩។
លោកបន្តថា មន្ទីរពិសោធន៍នេះគឺអាចធ្វើតេស្ដបានចាប់ពី ៥០ ទៅ ៦០ សំណាកក្នុង ១ ថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងខេត្តសៀមរាបមានអ្នកត្រូវធ្វើតេស្ដប្រចាំថ្ងៃក្នុងរង្វង់ចំនួន ២០ នាក់ប៉ុណ្ណោះ ដែលភាគច្រើនគឺជាជនជាតិខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ៕